CamNews

ទូរស័ព្ទ 

ផ្ទុះទៀតហើយ! លើកនេះ Galaxy S7 edge ផ្ទុះនៅកាណាដា

មកដល់ពេលនេះ “សុបិនអាក្រក់” ហាក់មិនទាន់ចាកចេញពី Samsung នៅពេលស្មាតហ្វូនរបស់
ក្រុមហ៊ុននេះ បានឆេះ និងផ្ទុះជាបន្តបន្ទាប់។

ថ្មីៗនេះ មានករណីផ្ទុះ Galaxy S7 edge មួយទៀត កាលពីចុងសប្ដាហ៍កន្លងទៅ នៅកាណាដា។
យោងតាមការចែករំលែករបស់ Elisha Loewen រស់នៅក្នុងខែត្រ Alberta ក្នុងខណៈដែលគាត់កំពុង
បើកឡានពីកន្លែងធ្វើការត្រឡប់មកផ្ទះ កាលពីចុងសប្ដាហ៍កន្លងទៅ ក្នុងឡានគាត់មានក្លិនឈ្ងៀម។

ដំបូងឡើយ Elisha Loewen នឹកស្មានថា ម៉ាស៊ីនរថយន្តមានបញ្ហា ប៉ុន្តែ នៅពេលមើលទៅកន្លែង
ដាក់ទូរស័ព្ទ ទើបឃើញផ្សែង និងភ្លើងចេញពី Galaxy S7 edge ។ ភ្លាមនោះ Elisha Loewen ក៏
បានយកទូរស័ព្ទនេះ បោះចេញទៅក្រៅ ហើយក្រោយមកក៏យកព្រិលបោះគ្របទៅលើទូរស័ព្ទដើម្បី
ពន្លត់ភ្លើង។

ក្រោយមក Elisha Loewen បានទាក់ទងទៅកាន់ក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទ Bell ជាកន្លែងដែលគាត់
ទិញ Galaxy S7 edge ប៉ុន្តែ Bell បានបដិសេធ មិនប្ដូរទូរស័ព្ទថ្មី ឬសងប្រាក់ឱ្យ Elisha Loewen
ដោយណែនាំឱ្យគាត់ទាក់ទងទៅកាន់ក្រុមហ៊ុន Samsung។ តំណាងក្រុមហ៊ុន Samsung បានស្នើ
ឱ្យថតរូប Galaxy S7 edge ដែលឆេះ ហើយផ្ញើតាមអ៊ីម៉ែលដើម្បីធ្វើជាភ័ស្ដុតាង។ ក្រុមហ៊ុននេះ
បានឱ្យដឹងថា នឹងទាក់ទងផ្ទាល់មកកាន់ Elisha Loewen ដើម្បីធ្វើការស៊ើបអង្កេតករណីនេះ។

Loewen ឱ្យដឹងថា Galaxy S7 edge នេះត្រូវបានគាត់ទិញកាលពីខែកក្កដា ហើយនៅពេលកើត
ហេតុ គាត់មិនបានសាកថ្មនោះទេ។ Loewen បាននិយាយថា គាត់មិនចង់ធ្វើរឿងនេះឱ្យធំ ដោយ
គ្រាន់តែចង់ទទួលបានសំណងជាប្រាក់ដើម្បីទិញស្មាតហ្វូនថ្មី ប៉ុន្តែ គាត់បន្តថា នឹងមិនជ្រើសរើស
ស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ទៀតនោះទេ។

បច្ចុប្បន្ន ក្រុមហ៊ុន Samsung មិនទាន់អធិប្បាយអ្វីទាក់ទឹននឹងករណីផ្ទះ Galaxy S7 edge នេះនៅ
ឡើយ៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ phonearena


Tags: Galaxy S7 edge ផ្ទុះ ឆេះ កាណាដា