CamNews

ជនមិនស្គាល់មុខ ចាក់ សាំងដុតទាំងរស់ អ្នកកាសែតរស្មីបុរី

កាលពីវេលាម៉ោង ១២និង២០នាទី រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ នេះ  បុរសម្នាក់ អាយុ
ជាង ៤០ឆ្នាំ ត្រូវបានគេដឹងថា ជាអ្នកកាសែតនៅអង្គភាព រស្មីបុរី ត្រូវបានជនមិនស្គាល់មុខ ចាក់
សាំងដុតទាំងរស់ ខណៈដែលជនរងគ្រោះរូបនេះ កំពុងដេកលក់ នៅលើប៉ាវអ៊ី ក្រោមដើមស្វាយ
ក្នុងបរិវេណ ពុទ្ធសាសនបណ្ឌិត្យ ក្បែរវិមានរដ្ឋសភា ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន ។
គេមិនទាន់ ដឹងថា តើជនរងគ្រោះ មានស្ថានភាពយ៉ាងណានោះទេ ខណៈកំពុងជួយសង្គ្រោះជា
បន្ទាន់ នៅក្នុងមន្ទីរពេទ្យកាល់ ម៉ែត ។

យោងតាមប្រភពព័ត៌មានពីកាសែតដើមអម្ពិលបានឲ្យដឹងថា លោក អ៊ឹម វុទ្ធី អាយុជាង ៤០ឆ្នាំ ក្រៅ
ពីធ្វើជាអ្នកកាសែតក្នុងអង្គភាព ដែលមិនល្បីឈ្មោះមួយនេះ ជនរងគ្រោះបានរត់ម៉ូតូកង់បី ដើម្បីរក
ប្រាក់ចំណូល បន្ថែមក្នុងគ្រួសារ ។

លុះដល់វេលាម៉ោង ១២ និង២០នាទី រសៀលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១២ ដោយសារតែ រាងអស់
កម្លាំងបន្ដិច ជនរងគ្រោះរូបនេះ បានចតម៉ូតូកង់បីរបស់ខ្លួន រួចហើយទៅដេកនៅលើប៉ាវអ៊ី ក្រោម
ដើម ស្វាយ ក្នុងបរិវេណពុទ្ធសាសនបណ្ឌិត្យ ក្បែរវិមានរដ្ឋសភា។ ពេលកំពុងដេកលក់ យ៉ាងស្កប់
ស្កល់នោះ ស្រាប់តែមានជនមិនស្គាល់មុខម្នាក់ បានជិះម៉ូតូមួយគ្រឿង មកឈប់នៅកន្លែងជនរង
គ្រោះ ដេក ពេលនោះបានយកសាំងចាក់ទៅលើជនរងគ្រោះ រួចដុតតែម្ដង ហើយគេចខ្លួនបាត់
ដោយសុវត្ថិភាព។

យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាចបញ្ជក់ពីហេតុផលពិត ប្រាកដ ដែលនាំឱ្យមានការ ដុត
មនុស្សទាំងរស់នេះនៅឡើយទេ ហើយបច្ចុប្បន្នកំពុងធ្វើការ ស្រាវជ្រាវ តាមចាប់ ឃាតក៕


ដោយ​​​៖ មិនា
ប្រភព៖ ដើមអម្ពិល