CamNews

ព័ត៌មានបច្ចេកវិទ្យា 

អាចម៍ផ្កាយដែលធ្លាប់បានបង្កឱ្យមានគ្រោះមហន្តរាយធំបំផុតក្នុងលោក អាចលាក់ខ្លួនក្រោមទឹកកកនៅប៉ូលខាងត្បូង

វត្ថុអាថ៌កំបាំងស្ថិតក្រោមផ្ទាំងទឹកកកនៅប៉ូលខាងត្បូង អាចជាអាចម៍ផ្កាយយក្ស ធ្លាប់បានធ្លាក់
មកលើផែនដី បង្កឱ្យមានគ្រោះផុតពូជកាលពីអតីតកាល។

វត្ថុចម្លែកដែលមានអង្កត់ផ្ចិត ២៤៣គីឡូម៉ែត្រ ត្រូវបានរកឃើញដោយផ្កាយរណប នៅតំបន់
Wilkes Land នៃប៉ូលខាងត្បូង អាចជាអាចម៍ផ្កាយយក្សដែលនៅសល់ បន្ទាប់ពីវាបានធ្លាក់មក
បុកផែនដី បណ្ដាលឱ្យសត្វភាគច្រើនត្រូវដាច់ពូជ នេះបើតាមទំព័រ The Sun ។

បើសិនការយល់ឃើញខាងលើគឺជាការត្រឹមត្រូវ នោះ អាចម៍ផ្កាយនេះ គឺជា “ជន” ដែលបង្កឱ្យ
មានគ្រោះមហន្តរាយដាច់ពូជកាលពីយុគសម័យ Permi – Trias ដែលបានសម្លាប់សត្វសមុទ្រ
៩៦% និងសត្វមានឆ្អឹងខ្នង ៧០% នៅលើដីគោក។

វត្ថុចម្លែកនៅ Wilkes Land ត្រូវបានរកឃើញដំបូងកាលពីឆ្នាំ ២០០៦ នៅពេលផ្កាយរណបរបស់
ណាសា រកឃើញភាពផ្លាស់ប្ដូរទម្ងន់ បង្ហាញថា មានវត្ថុដ៏ធំមួយស្ថិតនៅកណ្ដាលមាត់រណ្ដៅ
អាចម៍ផ្កាយទំហំ ៤៨៤គីឡូម៉ែត្រ ខាងក្រោមស្រទាប់ទឹកកកក្រាស់នៅប៉ូលខាងត្បូង។

ថ្មីៗនេះ ការរកឃើញនេះ បានធ្វើឱ្យកក្រើកម្ដងទៀតនៅលើប្រព័ន្ធអ៊ីនធឺរណែត នៅពេលក្រុម
អ្នកប្រមាញ់ UFO មានឈ្មោះថា Secure Team 10 បានចែករំលែកវីដេអូមួយនៅលើ Youtube
កាលពីថ្ងៃទី ២៧ធ្នូ បង្ហាញអំពីរូបថតផ្កាយរណប ទាក់ទាញអ្នកចូលមើលច្រើនជាង ៧០០.០០០
លើក។

Secure Team 10 យល់ថា រូបភាពចម្លែកដែលត្រូវបានថតដោយផ្កាយរណបនេះ គឺជាសញ្ញានៃ
មូលដ្ឋានសម្ងាត់ដែលអាល្លឺម៉ង់បង្កើតឡើងនៅប៉ូលខាងត្បូងក្នុងសង្គ្រាមលោកលើកទីពីរ ដើម្បី
បម្រើឱ្យសកម្មភាពរបស់ថាសហោះ។

ក៏ប៉ុន្តែ ក្រុមអ្នកវិទ្យាសាស្ដ្រ យល់ថា នេះគ្រាន់តែជាដាននៃការធ្លាក់អាចម៍ផ្កាយតែប៉ុណ្ណោះ។
សាស្ដ្រាចារ្យ Ralph von Frese នៅសកលវិទ្យាល័យ Ohio សង្កត់ធ្ងន់ថា “ព្រឹត្តិការណ៍ធ្លាក់អាចម៍
ផ្កាយនៅ Wilkes Land គឺធំជាងច្រើន បើធៀបនឹងការធ្លាក់អាចម៍ផ្កាយដែលបានសម្លាប់ផ្ដាច់ពូជ
ដាយណូស័រ”។



ប្រែសម្រួល ៖ តារា
ប្រភព ៖ Dailymail


Tags: អាចម៍ផ្កាយ​ ប៉ូលខាងត្បូង ថាសហោះ អាល្លឺម៉ង់