(ប៉េកាំង)៖ ចិនបានបង្ហាញពីការអត់ធ្មត់ជាច្រើន ប្រឈមមុខនឹងការបង្ករឿងពីសំណាក់ប្រធានាធិបតីអាមេរិកជាប់ឆ្នោត លោក ដូណាល់ ត្រាំ លើបញ្ហាពាន់ព័ន្ធនឹងកោះតៃវ៉ាន់ក៏ប៉ុន្តែបើសិនជា លោក ត្រាំ នៅតែបន្តធ្វើដូចនេះនៅពេលឡើងកាន់តំណែង ទីក្រុងប៉េកាំងគ្មានជំរើសអ្វីក្រៅតែពីចាត់វិធានការឆ្លើយតបនោះទេ។ នេះបើតាម China Daily ដែលដកស្រង់ការផ្សាយដោយសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៦ ខែមករា ឆ្នាំ២០១៧។
ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិកបានស្គាល់ភាពតានតឹងសាជាថ្មីបន្ទាប់ពីលោក ដូណាល់ ត្រាំ បានសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីកោះតៃវ៉ាន់ ហើយមិនតែប៉ុណ្ណោះលោក ត្រាំ ផ្ទាល់ក៏ធ្លាប់បានអះអាងថានឹងលែងគោរពគោលនយោបាយចិនតែមួយទៀតផង។ ជាងនេះទៀតកាលពីថ្ងៃសោរ៍ សប្តាហ៍មុន លោក ត្រាំ ថែមទាំងបញ្ជាក់ថា គោលនយោបាយចិនតែមួយអាចនឹងត្រូវបានលើកយកមកចរចាឡើងវិញ ខណៈទីក្រុងប៉េកាំងបានប្រតិកម្មភ្លាមៗថា គោលនយោបាយនេះនឹងមិនអាចយកមកធ្វើការចរចាឡើងវិញជាដាច់ខាត។
ដោយឡែកជុំវិញការលើកឡើងនេះដែរ សារព័ត៌មានរដ្ឋចិន China Daily បានព្រមានថា «បើសិនជាលោកដូណាល់ ត្រាំ នៅតែបន្តលេងល្បែងនយោបាយលើកោះតៃវ៉ាន់ នៅពេលលោកកាន់តំណែងជាប្រធានាធិបតីអាមេរិកផ្លូវការទៀតនោះ ចិននឹងគ្មានជម្រើសអ្វីក្រៅតែពីចាត់វិធានការឆ្លើយតបឱ្យបានសាកសមទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយលោក ត្រាំ ហើយវានឹងក្លាយជាតម្លៃតបស្នងមួយ ធ្វើឱ្យប្រធានាធិបតីអាមេរិកថ្មីរូបនេះដឹងពីផលវិបាកដែលខ្លួនឯងបានបង្កឡើង»។
គួររំលឹកថា សហរដ្ឋអាមេរិកបានទទួលស្គាល់គោលនយោបាយចិនតែមួយ នៅឆ្នាំ១៩៧៩ ដោយយល់ព្រមចាត់ទុកថា កោះតៃវ៉ាន់ គឺជាផ្នែកមួយនៃទឹកដីរបស់ចិនតែប៉ុណ្ណោះ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី