ចាយប្រាក់ដូចខ្លួនជាអ្នកមាន ឬងាយនឹងត្រូវអូសទាញដោយសម្ភារៈទំនើបជាដើម គឺជាមូលហេតុ
សំខាន់ៗ ក្នុងចំណោមមូលហេតុដែលធ្វើឱ្យអ្នក មិនអាចចាកឆ្ងាយពីភាពក្រីក្រ។
ខាងក្រោមនេះ គឺជាមូលហេតុចំនួន ១០យ៉ាង នាំឱ្យអ្នកនៅតែក្រ ដែលត្រូវបានលើកឡើងដោយ
អ្នកប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុ លោក Jocelyn Black Hodes ៖
វិធីសាស្ដ្រការពារ ការផ្ទុះហ្គាស
ជិះម៉ូតូពេលភ្លៀង ត្រូវប្រុងប្រយ័ត្ន អ្វីខ្លះ ដើម្បីបញ្ចៀសគ្រោះថ្នាក់?
១/ អ្នកចាយប្រាក់ដូចកូនអ្នកមាន
បើទោះជាអ្នក មិនបានចំណាយប្រាក់ច្រើន ដើម្បីទិញរបស់ដែលមានតម្លៃថ្លៃក៏ដោយ ឱ្យតែអ្នក ទិញរបស់ដែលវាមិនចាំបាច់សម្រាប់ជីវិតរស់នៅរបស់ខ្លួន អ្នកក៏ត្រូវអស់ប្រាក់មិនតិចនោះដែរ។
ប៉ុន្ដែ បើអ្នកចាយដូចកូនអ្នកមានទៀត នោះអ្នកប្រាកដជាមិនអាចសលប្រាក់កាសនោះទេ ប្រសិន ប្រាក់ចំណូលមិនច្រើនជាងប្រាក់ចំណាយ។ ការណែនាំនៅទីនេះ គឺ អ្នកត្រូវចាយដូចអ្នកក្រពិតៗ
មិនយូរ មិនឆាប់ អ្នកនឹងអាចសម្រេចបានគោលដៅក្លាយជាអ្នកមាន។
២/ អ្នកមិនមានគម្រោងច្បាស់លាស់
នៅពេលមិនមានគោលដៅរយៈពេលខ្លី មធ្យម និងរយៈពេលវែង ប្រកបដោយភាពច្បាស់លាស់
នោះការធ្វើមានរបស់អ្នកនឹងកាន់តែងងឹតទៅៗ។ ចូរកំណត់គោលដៅសំខាន់ៗដែល ត្រូវឆ្ពោះ
ទៅរក ហើយត្រូវសរសេរចេញជាឯកសារ។ បន្ទាប់មក ដាក់ក្រដាសដែលរៀបរាប់អំពីគម្រោង
នេះ នៅកន្លែងណា ដែលអ្នកអាចមើលឃើញរាល់ថ្ងៃ។ ការធ្វើបែបនេះនឹងជួយតម្រង់ទិស ទៅកាន់គោលដៅដែលបានកំណត់។
៣/ អ្នកមិនមានមូលនិធិសង្គ្រោះបន្ទាន់
ចូរស្រមៃថា អ្នកមិនមានប្រាក់ច្រើននៅក្នុងដៃ និងមិនមិនមានថវិកាបម្រុង សម្រាប់ករណីបន្ទាន់ ហើយនៅពេលមួយនោះ អ្នកស្រាប់តែធ្លាក់ខ្លួនឈឺធ្ងន់ ត្រូវទៅព្យាបាលនៅមន្ទីរពេទ្យ។ ប៉ុន្មានថ្ងៃ
ក្រោយមក ប្រាក់ដ៏តិចតួចដែលមាននៅក្នុងដៃ ក៏អស់ ពេលនោះ តើអ្នកបានប្រាក់ឯណាមកបង់
ថ្លៃមន្ទីរពេទ្យ ប្រសិនជម្ងឺរបស់អ្នកមិនទាន់ជា? ដូច្នេះ វាជាការចាំបាច់បំផុត ក្នុងការសន្សំប្រាក់នៅ
ធនាគារ ដើម្បីជាថវិកាបម្រុង សម្រាប់ករណីបន្ទាន់។
៤/ អ្នកចាប់ផ្ដើមដោយយឺតពេល
មួយខែកន្លងទៅ មួយឆ្នាំកន្លងទៅ ប្រសិនអ្នកមិនបានសន្សំប្រាក់បានខ្លះ នោះឱកាសនៃការធ្វើ
មាន របស់អ្នកនឹងថយចុះទៅតាមនោះដែរ។ ជាទូទៅ ចំណុចដែលលំបាកបំផុតក្នុងការសន្សំប្រាក់ គឺការចាប់ផ្ដើម។ បើទោះជាមានខ្ទង់ចំណាយផ្សេងៗ កំពុងរង់ចាំក៏ដោយ អ្នកក៏នៅតែអាចសន្សំ ប្រាក់ជារៀងរាល់ខែបាន ដោយសន្សំប្រាក់តិច ឬច្រើន ទៅតាមប្រាក់ចំណូលដែលរកបាន។ ការ ឆាប់ចាប់ផ្ដើមសន្សំប្រាក់ គឺផ្ដល់ឱកាសច្រើនដល់អ្នក ដើម្បីរៀបចំផ្លូវសម្រាប់ការងារឆ្ពោះ ទៅកាន់ គោលដៅជីវិត។ ទោះជាអ្នកមានការយឺតយ៉ាវក្នុងការចាប់ផ្ដើមសន្សំប្រាក់ តែអ្នកក៏អាចនឹងក្លាយជា អ្នកមាននៅពេលណាមួយ បញ្ហានៅត្រង់ថា អ្នកត្រូវតែចាប់ផ្ដើមពីពេលនេះ។
៥/ អ្នកចេះតែរអ៊ូរទាំ ដោយមិនបានប្ដេជ្ញាចិត្ត
“ទំនិញអ្វីក៏ឡើងថ្លៃ” , “ខ្ញុំប្រាកដជាមិនអាចសងបំណុលអស់ទេ” , “ខ្ញុំរកប្រាក់មិនបានគ្រប់គ្រាន់
សម្រាប់ជីវិត” ឬថា “វិនិយោគគឺជារឿងផ្សងព្រេង” ។ល។ ទាំងនេះ គឺជាឧបសគ្គ នាំឱ្យអ្នកមិន អាចរកផ្លូវទៅកាន់ភាពរីកចម្រើន។
៦/ អ្នករស់នៅសម្រាប់តែថ្ងៃ
មនុស្សគ្រប់រូប តែងតែត្រូវចំណាយប្រាក់ទៅលើខ្ទង់ផ្សេងៗដូចគ្នា គ្រាន់តែថា អ្នកខ្លះគិតតែពី
ចាយ ពិសេសចាយដោយមិនបានប្រមាណអំពីថវិកាដែលខ្លួនមាន។ ដើម្បីផ្លាស់ប្ដូរទម្លាប់ចាយ
ច្រើន ចូរផ្លាស់ប្ដូរការយល់ឃើញ “ទិញពេលនេះ បារម្ភពេលក្រោយ” ទៅជា “សន្សំសំចៃពេល
នេះ មាននៅពេលក្រោយ”។
៧/ អ្នកជាបុគ្គលមិនចេះវិនិយោគ
កំហុសមួយដ៏ធ្ងន់សម្រាប់បញ្ហាហិរញ្ញវត្ថុ នោះគឺ អ្នកបានវិនិយោគប្រាក់ទាំងអស់ ទៅក្នុងវិស័យ
តែមួយ ឬតែមួយកន្លែង។ ប្រការនេះនឹងធ្វើឱ្យប្រាក់របស់អ្នក ស្ថិតក្នុងស្ថានភាពមានហានិភ័យ
ខ្ពស់។ ដី និងមាស អាចនឹងឡើងថ្លៃនៅពេលខាងមុខ ប៉ុន្ដែ សួរថា តើអ្នកមានត្រៀម ឬនៅ
សម្រាប់ករណីដី និងមានធ្លាក់ថ្លៃជាងបច្ចុប្បន្ន។
៨/ អ្នកមិនប្រកបដោយភាពស្វ័យប្រវត្ត
អាស្រ័យទៅលើជម្រើសរបស់អ្នក រៀងរាល់សប្ដាហ៍ ឬរាល់ខែ ប្រាក់ចំនួនកំណត់ណាមួយ នឹង ត្រូវបានបញ្ជូនពីប្រាក់ខែ ឬប្រាក់ចំណូលរបស់អ្នក ទៅកាន់ខ្ទង់សន្សំ ឬវិនិយោគ ដោយស្វ័យ
ប្រវត្ត។ ប្រសិនមិនមានភាពស្វ័យប្រវត្តនេះ អ្នកនឹងត្រូវឈឺក្បាល ព្រោះតែមិនដឹងត្រូវយកប្រាក់ខែ ឬប្រាក់ចំណូល ទៅធ្វើអ្វីខ្លះ ដើម្បីបង្កើតជាប្រាក់បន្ថែម។
៩/ អ្នកជាមនុស្សរំពឹងលើសំណាង
អ្នកប្រហែលជាគិតថា មិនចាំបាច់គិតអំពីបំណុល ឬប្រាក់សន្សំ ព្រោះថានឹងមានអ្នកណាមួយឬ
សំណាងអ្វីមួយ មកជួយអ្នក ដូចជា ការទទួលមរតក ការតម្លើងប្រាក់ខែ ការងារថ្មីប្រាក់ខែខ្ពស់ ឬ
មួយថា រកបានប្ដី/ប្រពន្ធជាអ្នកមាន ឬក៏ត្រូវឆ្នោត។ល។ ប៉ុន្ដែ សំណាងមិនចេះតែកើតឡើង ដោយ ងាយៗនោះទេ។
ម្យ៉ាងទៀត នេះគឺជាលេស ដែលធ្វើឱ្យអ្នកពន្យាពេលក្នុងការចាប់ផ្ដើមអនុវត្តគម្រោងធ្វើមានរបស់
ខ្លួន។ ដូច្នេះ ហេតុអ្វីអ្នកមិនធ្វើអ្វីមួយ ដែលនឹងក្លាយជាការពិត ដោយចាប់ផ្ដើមពីពេលនេះ?
១០/ អ្នកងាយនឹង
អ្នករស់នៅជាមួយមនុស្សដែលចូលចិត្តចាយប្រាក់ហួសកម្រិត ឬមានមិត្តស្រីដែលញៀននឹងការ
ដើរផ្សារ ឬមួយ អ្នកជាមនុស្សដែលមិនចេះគ្រប់គ្រង់ខ្លួនឯង ក្នុងការចាយវាយ។ ប្រការទាំងនេះ
រារាំងដល់ទម្លាប់សន្សំសំចៃរបស់អ្នក បណ្ដាលឱ្យគោលដៅធ្វើមាន ត្រូវបរាជ័យ។
ក្រៅពីនេះ វប្បធម៌ដែលឱ្យតម្លៃទៅលើតែសម្បកក្រៅ ដែលយើងកំពុងជួបប្រទះ ក៏អាចជា
ឧបសគ្គធំបំផុត បំផ្លាញគម្រោងការរបស់អ្នក៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ VE/Yahoo