បើទោះបីជាកម្មវិធីប្រមូលចូលវិញនូវ Galaxy Note 7 របស់ Samsung នៅលើទូទាំងពិភពលោក បានអនុវត្តហើយក្តី ប៉ុន្តែបញ្ហាថ្មរបស់ Note 7 នៅតែមិនទាន់បញ្ចប់។ អ្នកប្រើប្រាស់ជាច្រើននាក់នៅ កូរ៉េខាងត្បូង កំពុងតែមានការរអ៊ូរទាំ ទៅលើបញ្ហាថ្មរបស់ Galaxy Note 7 ដែលបានប្តូរថ្មីរបស់ពួកគេមានលេចចេញបញ្ហាចម្លែក។
បើតាមសារព័ត៌មាន Korean Herald ដែលបានចុះផ្សាយកាលពីថ្ងៃសុក្រទី២៣ កន្លងទៅថ្មីៗនេះ បានឲ្យដឹងថា ប៉ុស្តិ៍ទូរទស្សន៍ YTN របស់កូរ៉េខាងត្បូងបានផ្សាយព័ត៌មានស្តីពីករណីនៃអតិថិជនម្នាក់គឺលោក Choi ដែលបានរអ៊ូរទាំទៅលើ Galaxy Note 7 ប្តូរថ្មីដែលទើបតែទទួលបានពី Samsung វាស្រកថាមពលថ្មយ៉ាងរហ័ស ពេលខ្លះតែមួយវិនាទី វាស្រកថាមពលថ្មអស់ ១% ទៅហើយ។ សូម្បីតែពេលកំពុងតែដោតថ្មសាក ថាមពលថ្ម Note 7 ប្តូរថ្មី នៅតែស្រកថាមពលថ្មទៀត។ ក្រៅពីនេះ ស្មាតហ្វូនក៏ ឧស្សាហ៍ឡើងកម្តៅខ្លាំងលើស កម្រិតផងដែរ។
"បន្ទាប់ពីថាមពលថ្មធ្លាក់ដល់កម្រិត ១% ថ្មនៅលើ Galaxy Note 7 ប្តូរថ្មីរបស់ខ្ញុំមិនអាចសាកបានលើ ១០% ទៀតនោះទេ។ នៅពេលខ្ញុំយកទៅឲ្យបុគ្គលិកម្នាក់ នៅមជ្ឈមណ្ឌលសេវាកម្មរបស់ Samsung ត្រួតពិនិត្យបញ្ហានេះ គាត់បានដកខ្សែសាកចេញពីស្មាតហ្វូនយ៉ាងលឿន ប្រហែលជាគាត់ព្រួយខ្លាច លើបញ្ហាអាចផ្ទុះថ្មហើយមើលទៅ" លោក Choi បានឲ្យដឹង។
រឿងដែលគួរឲ្យចាប់អារម្មណ៍នោះគឺ លោក Choi មិនមែនជាមនុស្សតែម្នាក់គត់នោះទេ។ ចំនួនអ្នករអ៊ូរទាំ លើបញ្ហាស្រដៀងគ្នានេះ កំពុងតែមានការកើនឡើង ហើយអ្នកប្រើប្រាស់ដែលមានបញ្ហាទាំងអស់នោះ សុទ្ធតែជាអ្នកទទួលបាន Galaxy Note 7 ថ្មី ពីកម្មវិធីប្តូរថ្មីរបស់ Samsung កាលពី ប៉ុន្មានថ្ងៃមុននេះ។
Samsung បានបញ្ជាក់ថា ពួកគេបានទទួលបណ្តារបាយការណ៍ ស្តីពីបញ្ហាថ្ម នៅលើ Galaxy Note 7ប្តូរថ្មីនៅកូរ៉េខាងត្បូង។ ជាក់ស្តែង ក្រុមហ៊ុនបានបដិសេធ រឿងដូចគ្នានេះ កើតឡើងនៅតាម បណ្តាទីផ្សារប្រទេសផ្សេងៗទៀត ដែលបានបើកលក់ Galaxy Note 7 ឡើងវិញ ដូចជានៅអាមេរិចជាដើម។
អ្នកតំណាងម្នាក់របស់ Samsung នៅពេលត្រូវបានគេសួរពីបញ្ហានេះ គាត់បានឲ្យដឹងថា បញ្ហានៅលើGalaxy Note 7 ប្តូរថ្មី "ពិតជាមិនមានពាក់ព័ន្ធនឹងថ្មនោះទេ" ហើយនោះអាចជា "បណ្តាករណីពិសេសដាច់ដោយឡែក" ពាក់ព័ន្ធនឹង កំហុសក្នុងដំណើរការផលិត។ បុគ្កលិកនេះ បាននិយាយបន្ថែមថា Samsung កំពុងតែធ្វើការ "ត្រួតពិនិត្យយ៉ាងដិតដល់" ស្តីពីបញ្ហានេះ សូមអ្នកប្រើប្រាស់កុំព្រួយបារម្ភខ្លាំងពេក៕
- BlackBerry អាចនឹងបិទទ្វារ ផ្នែកជំនួញទូរស័ព្ទ នៅថ្ងៃទី ២៨ កញ្ញា ខាងមុខនេះ?
- Samsung អនុញ្ញាត Galaxy Note 7 ដែលជាម៉ូដែលត្រូវប្រមូលចូលក្រុមហ៊ុនវិញ អាចសាកថ្មបាន ដល់ ៨០%
ប្រែសម្រួល៖ មង្គល
ប្រភព៖ Korean Herald, vreview