CamNews

បំផ្ទុះគ្រាប់បែកនៅរុស្ស៊ី ១៥នាក់ស្លាប់ ១០០នាក់របួស

ការបំផ្ទុះគ្រាប់បែក ២លើកបានកើតឡើងនៅក្បែរការិយាល័យនគរបាលមួយកន្លែងកាលពីថ្ងៃទី ៣ឧសភា នៅ Dagestan ស្ថិតក្នុងបំបន់ Caucasus បណ្ដាលអោយមនុស្សយ៉ាងតិច ១៥នាក់ស្លាប់ និងប្រមាណជា ១០០នាក់ផ្សេងទៀតរងរបួស រួមជាមួយនឹងរថយន្ដ ២០គ្រឿងត្រូវបានកំទេច នេះ
បើតាមការអោយដឹងពីក្រសួងមហាផ្ទៃរុស្ស៊ី។
ស្ដ្រីអ្នកនាំពាក្យម្នាក់របស់ក្រសួងមហាផ្ទៃរុស្ស៊ីបានថ្លែងថា ការវាយប្រហារនេះ បានសម្លាប់

មនុស្សយ៉ាងហោច ១៥នាក់ ក្នុងនោះមាននគរបាល ១២នាក់ និងបុគ្គលិកសង្គ្រោះបន្ទាន់ ៣នាក់
របស់ក្រសួងដោះស្រាយស្ថានភាពបន្ទាន់(Ministry of Emergency Situations) របស់រុស្ស៊ី។

អ្នកនាំពាក្យខាងលើបាននិយាយថា តាមព័ត៌មានដែលទទួលបានមុននេះ គឺមានអ្នករងរបួស ២០
នាក់ ហើយតួលេខនេះអាចនឹងកើនឡើង។ ទីភ្នាក់ងារព័ត៌មាន RIA-Novostia ​របស់រុស្ស៊ីដកស្រង់
ប្រភពព័ត៌មានពីស្ថាប័នអនុវត្តច្បាប់នៅ Dagestan បានអោយដឹងថា មនុស្សប្រមាណជា ១០០
នាក់ត្រូវរងរបួស។ ក្នុងនោះ ៨៣នាក់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែល ២៦នាក់ផ្សេង
ទៀត ត្រូវព្យាបាលនៅនឹងកន្លែង។

ករណីផ្ទុះដំបូងបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០នាទីយប់ ថ្ងៃទី ៣ឧសភា នៅក្បែរ
ការិយាល័យនគរបាលមួយនៅក្រុង Makhachkala របស់ Dagestan។ អ្នកនាំពាក្យខាងលើ បាន
ថ្លែងថា មានរថយន្ដមួយគ្រឿងបានផ្ទុះឡើងខណៈដែលក្រុមនគរបាលព្យាយាមរារាំងវាមិន
អោយឆ្លងកាត់កន្លែងត្រួតពិនិត្យ។

នគរបាលម្នាក់ថ្លែងប្រាប់ RIA-Novostia ថា អ្នកបើកបររថយន្ដនោះ បានចុចអោយគ្រាប់បែកផ្ទុះ។
ការបំផ្ទុះនេះក៏បានធ្វើអោយរថយន្ដ ២០គ្រឿងត្រូវខូចខាតផងដែរ។

គួររំឭកថា ប្រទេសរុស្ស៊ី កំពុងធ្វើការបោសសំអាតកងកម្លាំងបះបោរអ៊ីស្លាម នៅ Caucasus
ដែលភាគច្រើនគឺស្ថិតក្នុងតំបន់ Dagestan និង Ingushetia ៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ AFP, Ria Novosti


Tags: russia bomb killed