(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងធ្វើការប្រកួតមិត្តភាពលើកដំបូងជាមួយក្រុមព្រះខ័នរាជស្វាយរៀង នៅវេលាម៉ោង ៥៖៣០នាទីល្ងាចនេះ ក្រោយធ្វើការប្រមូលផ្ដុំហ្វឹកហាត់បាន ៤ថ្ងៃកន្លងទៅ ប៉ុន្ដែទន្ទឹមក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពនេះដែរ ក្រុមទីម័រខាងកើត ដែលត្រូវប្រកួតមិត្តភាពអន្ដរជាតិជាមួយក្រុមម្ចាស់ផ្ទះកម្ពុជា ក៏នឹងធ្វើដំណើរមកដល់កម្ពុជាដែរ ។
លោក Lee Tae Hoon គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានសម្រេចចិត្តប្រកួតមិត្តភាពថ្នាក់ជាតិទាល់តែបាន បន្ទាប់ពីគម្រោងប្រកួតមិត្តភាពជាមួយក្រុមភ្នំពេញក្រោន ត្រូវបានលុបចោល ហើយនេះជាការប្រកួតមិត្តភាពលើកដំបូងផងដែរ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា ឆ្លងកាត់ការហ្វឹកហាត់បាន ៤ថ្ងៃកន្លងមក មុននឹងជួបក្រុមភ្ញៀវទីម័រខាងកើតចុងសប្ដាហ៍នេះ ។
គ្រាដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតមិត្តភាពជាមួយក្រុមអាជីពក្នុងស្រុកនេះដែរ ក្រុមជម្រើសជាតិទីម័រខាងកើត ដែលត្រៀមប្រកួតមិត្តភាពជាមួយកម្ពុជា នៅយប់ថ្ងៃទី២៩ ខែឧសភានោះ ក៏ធ្វើដំណើរមកដល់ប្រទេសកម្ពុជាដែរ ។
ក្រុមទីម័រខាងកើត គឺជាក្រុមចុងក្រោយ ដែលក្រុមជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតក្នុងមិត្តភាព ដើម្បីវាស់ស្ទង់សមត្ថភាព មុននឹងចេញទៅប្រកួតវគ្គជម្រុះបឋមពានរង្វាន់ AFC Asian Cup 2019 ជាមួយក្រុមម្ចាស់ផ្ទះចិនតៃប៉ិ នៅថ្ងៃទី២ ខែមិថុនាខាងមុខ នៅលើទឹកដីនៃកោះតៃវ៉ាន់ ៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង