CamNews

ព័ត៌មានបច្ចេកវិទ្យា 

Microsoft បិទទ្វារក្រុមហ៊ុនផលិត​ស្មាតហ្វូន នៅហ្វាំងឡង់

Microsoft បានចំណាយប្រាក់ ៧,២ពាន់លានដុល្លារអាមេរិក ដើម្បីទិញ​ផ្នែក​ឧបករណ៍​ចល័ត​របស់
Nokia កាលពីឆ្នាំ ២០១៤ ប៉ុន្តែ មកដល់ពេលនេះ Microsoft នៅតែ​មិន​ទាន់ទទួលបានជោគជ័យ​អ្វី
មួយ​នៅឡើយ​ ទាក់ទឹននឹង​ឧបករណ៍​ថ្មី។

Microsoft បានចំណាយប្រាក់ ៧,២ពាន់លានដុល្លារអាមេរិក ដើម្បីទិញ​ផ្នែក​ឧបករណ៍​
ចល័ត​របស់ Nokia កាលពីឆ្នាំ ២០១៤

Microsoft បាន​ទទួលស្គាល់​ថា នឹង​បិទ​ទ្វារ​ផ្នែកទូរស័ព្ទ​ចល័ត​នៅហ្វាំងឡង់ ហើយបុគ្គលិក ១៣៥០
នាក់​នៅប្រទេស​នេះ នឹង​បាត់បង់ការងារ​។ ការ​កាត់បន្ថយបុគ្គលិក​ខាងលើនេះ ត្រូវបានប្រកាស​ឱ្យ
ដឹង កាលពី​ខែ​ឧសភា ក្នុង​គម្រោង​កាត់បន្ថយ​បុគ្គលិក ប្រមាណ ១៨៥០នាក់ ក្នុង​វិស័យ​ស្មាតហ្វូន
​របស់ Microsoft។

គិត​មកដល់​ខែ​ឧសភា ទូរស័ព្ទ​ដែលដំណើរការ​ដោយ​ Windows Phone មិន​ទាន់​បាន ១% ផង
ក្នុងចំណោម​ស្មាតហ្វូនដែលបានលក់ចេញទូទាំងពិភពលោក។

 “ពួកគេ​ចំណាយប្រាក់ច្រើន ព្រោះយល់ថា ទីផ្សារ​ស្មាតហ្វូន​ពិតជាសំខាន់។ នេះគឺជា​ការ​យល់
ឃើញត្រឹមត្រូវ ប៉ុន្តែ វា​ហួស​ពេលទៅហើយ។ បណ្ណាស្មាតហ្វូន​ដែលដំណើរការដោយ​ iOS និង
Android បានគ្រប់គ្រងទីផ្សារ​ពិភពលោក ហើយ​ Windows មិនមានសមត្ថភាព​ប្រកួត​ប្រជែង​នោះ
ទេ” នេះ​បើតាមសំដីរបស់ Eddie Murphy អ្នកវិភាគ​ម្នាក់ នៅក្រុមហ៊ុន Priory Consulting។

Windows Phone បានបរាជ័យ ក្នុងការ​ចាប់យកទីផ្សារ​ស្មាតហ្វូន

មួយក្នុងចំណោម​បញ្ហា​ដែល Microsoft ត្រូវប្រឈមមុខ​ នោះគឺ “គម្លាតនៃបណ្ដា​ App”។ ដោយ
សារ​ថា ចំនួន App បង្ហាញខ្លួននៅលើស្មាតហ្វូន Windows Phone មានតិចតួច។ នេះ​ក៏ជា​មូល
ហេតុ​ដែល​បានបំផ្លាញ​ប្រព័ន្ធ​ប្រតិបត្តិ​ BB10 របស់ Blackberry ផងដែរ។

លោក Eddie Murphy ថ្លែងថា ៖ “នេះជាបញ្ហា​ធំ។ ខ្ញុំពិត​ជា​សោកស្ដាយ ព្រោះខ្ញុំក៏ប្រើ Windows
Phone ហើយខ្ញុំឃើញថា App នៅលើ Windows Phone មានតិច​តួច​បំផុត បើធៀបនឹង Android។
វា​គឺជា​ប្រការ​ដែលមិន​អំណោយផល​សម្រាប់ Microsoft”។

ប្រែសម្រួល ៖ បុត្រា


Tags: Microsoft ហ្វាំងឡង់ កាត់បន្ថយបុគ្គលិក