(ម៉ាឌ្រីដ)៖ តារាបាល់ទាត់ Cristiano Ronaldo កំពុងឈរនៅលេខ១ លំដាប់ពិភពលោក ក្នុងនាមជាកីឡាករដែលរកចំណូលបានច្រើនជាងគេទាំង១០រូបនាពេលបច្ចុប្បន្ន ពីវិស័យកីឡា នាំមុខគូប្រជែង Lionel Messi របស់ក្លឹប FC Barcelona។
យោងតាមគេហទំព័រ Business Insider បានចេញផ្សាយថា ប្រាក់ចំណូលប្រចាំឆ្នាំ២០១៦ នេះរបស់កីឡាករវ័យ៣១ ឆ្នាំ ជនជាតិព័រទុយហ្គាល់ Ronaldo បានកើនដល់ ៨៨លានដុល្លារ គ្រាដែលលេខ២ ជនជាតិអាហ្សង់ទីន Messi រកបានតែ ៨១.៤លានដុល្លារប៉ុណ្ណោះ និងតារាបាល់បោះ LeBron James ឈរនៅលេខ៣ មានតែ ៧៧.២លានដុល្លារ។
សូមបញ្ជាក់ផងដែរថា អ្វីដែលធ្វើឲ្យប្រាក់ចំណូលប្រចាំឆ្នាំ (Annual Income) របស់បុរសកូនមួយ ដែលកំពុងប្រកបអាជីពក្នុង ក្លឹបស្តេចស Real Madrid របស់អេស្ប៉ាញកើនឡើងយ៉ាងឆាប់រហ័សបែបនេះ គឺដោយសារតែរូបគេទើបតែចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុនផលិតសម្ភារៈកីឡាម៉ាក Nike ដែលមានទំហំទឹកប្រាក់ដល់ទៅ ១ពាន់លានដុល្លារ ($1 billion) ដោយក្នុង១ឆ្នាំ Ronaldo ទទួលបាន ១៣លានដុល្លារពីក្រុមហ៊ុនយក្សរបស់អាមេរិកមួយនេះ។
ប្រភពចំណូលផ្សេងទៀតរបស់ Ronaldo បានមកពីចុះកិច្ចសន្យាផ្សាយពាណិជ្ជកម្មឲ្យក្រុមហ៊ុន Tag Heuer, Berbalife, Pokerstar, សាប៊ូកក់សក់ Clear និងលក់សិទ្ធិឲ្យប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ក្រៅពីទទួលបាន៥០លានដុល្លារពីប្រាក់ខែ និងប្រាក់លើកទឹកចិត្តពី Real Madrid។
តែយ៉ាងណាក៏ដោយ អតីតកីឡាករខ្សែប្រយុទ្ធក្លឹប Sporting CP (ព័រទុយហ្គាល់) និងក្លឹបអង់គ្លេស Manchester United មួយនេះ ឈរនៅលេខ២ ពិភពលោកទៅវិញ បើប្រៀបធៀបជាមួយនឹងកីឡាករបាល់បោះ Michael Jordan ក្នុងអំឡុងឆ្នាំ១៩៩០។
ខាងក្រោមនេះ Khmertalking សូមលើកយកកីឡាករ ១០រូប ដែលរកចំណូលបានច្រើនជាងគេ ប្រចាំឆ្នាំ២០១៦៖
1. Cristiano Ronaldo (បាល់ទាត់) រកបាន ៨៨លានដុល្លារ
2. Lionel Messi (បាល់ទាត់) រកបាន ៨១.៤លានដុល្លារ
3. LeBron James (បាល់បោះ) រកបាន ៧៧.២លានដុល្លារ
4. Roger Federer (តេន្នីស) រកបាន ៦៧.៨លានដុល្លារ
5. Kevin Durant (បាល់បោះ) រកបាន ៥៦.២លានដុល្លារ
6. Novak Djokovic (តេន្នីស) រកបាន ៥៥.៨លានដុល្លារ
7. Cam Newton (បាល់ទាត់) រកបាន៥៣.១លានដុល្លារ
8. Phil Mickelson (វាយកូនហ្គោល) រកបាន ៥២.៩លានដុល្លារ
9. Jordan Spieth (វាយកូនហ្គោល) រកបាន ៥២.៨លានដុល្លារ
10. Kobe Bryant (បាល់បោះ) រកបាន ៥០លានដុល្លារ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង