(បាសេឡូណា)៖ ក្រុមកាំភ្លើងធំ Arsenal របស់អង់គ្លេស ត្រូវរកឲ្យបាន២គ្រាប់ ពេលជួបក្រុមការពារតំណែងជើងឯកអ្នកមានបុណ្យ FC Barcelona រាត្រីនេះ គ្រាដែលក្រុមរងជើងឯកឆ្នាំទៅ សេះបង្កង់ Juventus របស់អ៊ីតាលីត្រូវការតែ១គ្រាប់ទៀត ដើម្បីទម្លាក់ម្ចាស់ផ្ទះ Bayern Munich របស់អាល្លឺម៉ង់ចេញពី UEFA Champions League យប់នេះ ។
Arsenal បានរបូត២គ្រាប់ក្នុងទឹកដីនៃកីឡដ្ឋាន Emirates របស់ខ្លួនកាលពីជើងទី១ ដែលជាការស៊ុតបញ្ចូលទីរបស់ Lionel Messi ទាំងពីរគ្រាប់ដែលធ្វើឲ្យក្រុម ខ្លាំងរបស់អង់គ្លេសមួយនេះបានឈានមកដល់មាត់ជ្រោះ ក្រៅពី Chelsea បានហាលអាវទៅហើយនោះ ក្រោមថ្វីជើងរបស់ Paris Saint-Germain របស់បារាំង ដោយតម្រូវរកបានយ៉ាងតិចក៏ ២គ្រាប់ឡើងទៅផងដែរនាម៉ោង ២៖៤៥នាទីរំលងអាធ្រាត្រយប់នេះ (ម៉ោងនៅកម្ពុជា) បញ្ចប់ជើងទី២ ។
កាលពីរាត្រីថ្ងៃអាទិត្យសប្តាហ៍មុន Arsenal ទើបតែបានជ្រុះចេញពីពាន FA Cup ដោយមិននឹកស្មាន ក្រោមថ្វីជើងរបស់ក្រុមភ្ញៀវ Watford ក្នុងវគ្គ ដែលជាសញ្ញាមួយមិនល្អសោះសម្រាប់អនាគតរបស់គ្រូបង្វឹក Arsene Wenger ដែល បានដឹកនាំកាំភ្លើងធំតាំងពីឆ្នាំ១៩៩៦មកយូរជាងគេ ជាមួយនឹងអ្នកគាំទ្រទាមទារថ្នាក់ដឹកនាំក្លឹបប្តូរគ្រូបង្វឹកថ្មី ដើម្បី ស្រោចស្រង់ក្លឹបឡើងវិញ គិតចាប់តាំងពីឆ្នាំ២០០៤ មកក្លឹបមួយនេះមិនដែលឈ្នះពាន Premeir League សោះ ។
រីឯសេះបង្កង់ Juventus វិញ ក៏រឹតតែស្វិតស្វាញខ្លាំងឡើងផងដែរ ព្រោះអីបានរបូត២គ្រាប់ ក្រោមលទ្ធផលស្មើ ២-២ ក្នុងទឹកដីរបស់ខ្លួនកាលពីជើងទី១ តែតម្រូវឲ្យឈ្នះ Bayern Munich របស់អាល្លឺម៉ង់ត្រឹមតែ ១-០ ដើម្បីឈ្នះកៅអី១ ឡើងទៅវគ្គ៨ក្រុមនឹងគេដែរ តែហាក់ដូចជាមិនសង្ឃឹមខ្លាំងនោះទេ ព្រោះ Bayern រឹងមាំខ្លាំងណាស់ក្នុងទឹកដីកីឡដ្ឋាន Allianz Arena នោះ ។ ចាំមើល តើកៅអីសល់២ ក្នុង Champions វគ្គ៨ក្រុមជារបស់ក្រុមណាពិតបា្រកដ?
រូបភាពកាលពីជួបគ្នាក្នុងជើងទី១ លទ្ធផល Barca ២-០ Arsenal
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី