(ប៊ែឡាំង)៖ រហូតមកទល់នឹងពេលនេះ ក្របខណ្ឌបាល់ទាត់កំពូលអឺរ៉ុប UEFA Champions League រកបានឃើញ ៥ក្រុមហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយដោយស្វ័យប្រវត្តិ ទោះនៅសល់២ប្រកួតក្នុងដៃដូចគ្នាក៏ដោយ គ្រាដែលពួកគេបានឈរនៅកំពូលតារាងដាច់។
ក្រុមបាល់ទាត់កាំភ្លើងធំ Arsenal ឈរនៅលេខ១ ក្នុងពូល A ដោយរកបាន១០ពិន្ទុ ស្មើនឹងក្រុមលេខ២ Paris Saint-Germain របស់បារាំងដោយឆ្លងកាត់៤ប្រកួត មិនដែលចាញ់ និងឈ្នះ៣ និងស្មើ១ដូចគ្នា ខណៈដែលក្រុម Ludogorets Razgrad របស់បុលហ្គារី និង Basel របស់ស្វីសហាលអាវទៅហើយ នៅសល់២ប្រកួតបង្រ្គប់កិច្ចតែប៉ុណ្ណោះ បន្ទាប់ពី ឆ្លងកាត់៤ប្រកួតវគ្គសន្សំពិន្ទុ មិនដែលឈ្នះ និងស្មើ១ដងដូចគ្នា។
ងាកទៅចាប់អារម្មណ៍ពូល D ឯណោះវិញ ក្រុម Atletico Madrid របស់អេស្ប៉ាញ ជាក្រុមទី១ដែលធ្វើបានល្អដាច់គេ ឆ្លងកាត់៤ប្រកួតមិនដែលចាញ់ និងឈ្នះរហូត រកបាន១២ពិន្ទុពេញ គ្រាដែលក្រុមលេខ២ Bayern Munich របស់អាល្លឹម៉ង់ រកបាន៩ពិន្ទុ កក់កៅអីឡើងទៅវគ្គ១៦ក្រុមដូចគ្នា គ្រាដែល PSV Einhoven របស់ហូឡង់ និង Rostov របស់រុស្ស៊ីហាលអាវ។
សម្រាប់ឯក្រុម Borussia Dortmund របស់អាល្លឺម៉ង់មួយទៀត ក៏បានកក់កៅអីឡើងទៅ១៦ក្រុមដែរ ក្រោយរកបាន១០ពិន្ទុពេញ គ្រាដែលក្រុមការពារតំណែងជើងឯក Real Madrid របស់អេស្ប៉ាញ ឈរនៅលេខ២ កំពុងតថ្លៃជាមួយនឹងក្រុម Sporting CP របស់ព័រទុយហ្គាល់ ដែលកំពុងឈរនៅលេខ៣ ដោយមានតែ៣ពិន្ទុ ខណៈក្រុម Legia Warsaw របស់ប៉ូឡូញហាលអាវមុនគេ លេង៤ប្រកួតមិនដែលឈ្នះ និងស្មើ១ដងគត់។
សូមបញ្ជាក់ថា កម្មវិធីប្រកួតជម្រុះសន្សំពិន្ទុក្នុងពូល នៅសល់២ប្រកួតទៀតគ្រប់ក្រុម មុននឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦ នឹងឈានដល់ចាប់ឆ្នោតជ្រើសរើសគូប្រកួត ក្នុងវគ្គ១៦ក្រុមជាបន្តនៅខែមករា ឆ្នាំ២០១៧ខាងមុខ៕
ក្រុម Atletico Madrid (អេស្ប៉ាញ)
ក្រុម Arsenal (អង់គ្លេស)
ក្រុម Bayern Munich (អាល្លឺម៉ង់)
ក្រុម Paris Saint Germain (បារាំង)
ក្រុម Borussia Dortmund (អាល្លឺម៉ង់)
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង