(លីវើភូល)៖ ក្រុមហង្សក្រហម Liverpool នឹងបើកទ្វារពហុកីឡដ្ឋាន Anfield របស់ខ្លួនរាត្រីនេះ ស្វាគមន៍ក្រុមតោខៀវ Chelsea ក្នុងសប្តាហ៍ទី៣៧របស់គេ មុនទៅជួបម្ចាស់ផ្ទះ West Brom Albions នៅថ្ងៃបញ្ចប់ Prmier League រដូវ កាលឆ្នាំ២០១៥-២០១៦ នេះ ។
ក្រុមដែលកំពុងដឹកនាំដោយអតីតគ្រូបង្វឹកក្លឹប Borussia Dortmund លោក Jurgen Klopp នោះ លេងឈ្នះ២ប្រកួត ជាប់ៗគ្នាក្នុងទឹកដីរបស់ខ្លួនតាមរយៈបំបាក់ Villarreal ៣-០ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពាន Europa League និងបន្តបំបាក់ភ្ញៀវ Watford ២-០ ដាច់ទៀតក្នុង Premier League សប្តាហ៍ទី៣៦ ដែលអាចនិយាយបានថា ក្រុមមួយ នេះមានភាពរឹងមាំខ្លាំងឡើងក្នុងទឹកដី ។
៣ពិន្ទុរាត្រីនេះ អាចធ្វើឡើងឲ្យ Liverpool ឡើងទៅឈរនៅលេខរៀងទី៧ រុញច្រានក្រុម Southampton ដែលមានតែ ៦០ពិន្ទុធ្លាក់មកឈរនៅលេខ៨វិញ ប្រសិនបើឈ្នះ តែគូប្រជែងតោខៀវ Chelsea នៅបន្តឈរនៅលេខរៀងទី៩ ដដែល ទោះបីឈ្នះក៏ដោយ គ្រាដែលចាញ់ពិន្ទុ Liverpool រហូតដល់ទៅ១០ពិន្ទុឯណោះ ហើយក្រុមទាំងពីរអាចប្រឈមនឹងអត់បានលេងពានអីទាំងអស់ Europa និង Champions League រដូវកាលក្រោយដូចគ្នា ។
Chelsea ទើបតែចាញ់ម្ចាស់ផ្ទះ Sunderland ៣-២ កាលពីសប្តាហ៍មុន បន្តកំណត់ត្រាចាញ់១២ដង ស្មើ១២ និង ឈ្នះ ១២ដងដូចគ្នា ឆ្លងកាត់៣៦ប្រកួតមកនេះ ពុំអាចស្វែងរកកោះត្រើយបាននៅឡើយទេចាប់តាំងពីចាប់ផ្តើមរដូវកាលថ្មីឆ្នាំ ២០១៥-២០១៦ ទោះបីបណ្តេញលោក Jose Mourinho ចេញពីតំណែងកាលពីចុងខែធ្នូ ឆ្នាំ២០១៥ ក៏ដោយ ក៏ក្លឹប ជើងមួយនេះបន្តភាពត្រដាបត្រដួសដដែល ខណៈដែលមានគ្រូបង្វឹកស្តីទី Guus Hiddink ដឹកនាំក៏ដោយ ។
Liverpool ប៉ះ Chelsea ចាប់ផ្តើមនាម៉ោង ២៖០០នាទីរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា) ក្រោយពេល Norwich City ជួប Watford និង Sunderland ប៉ះ Everton នាម៉ោង ១៖៤៥នាទីរំលងអាធ្រាត្រដូចគ្នា ៕
រូបភាពកាលពីជួបគ្នាក្នុងជើងទី១ រដូវកាលនេះ
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង