ក្រុមអ្នកវិទ្យាសាស្ដ្រទើបតែរកឃើញផ្ទាំងទឹកកកកម្រាស់ ១៧០ម៉ែត្រ ដែលមានផ្ទុកទឹកអាចឱ្យ
អ្នកទៅរស់នៅលើភពព្រះអង្គារ ប្រើប្រាស់បានយូរអង្វែងនាពេលអនាគត។
ក្រុមអ្នកស្រាវជ្រាវ ដែលដឹកនាំដោយ Cassie Stuurman មកពីសកលវិទ្យាល័យ Texas អាមេរិក
បានរកឃើញផ្ទាំងទឹកកកដ៏វែងមួយនៅលើភពព្រះអង្គារ ដែលមានផ្ទុកទឹកប្រហាក់ប្រហែលនឹង
បឹង Superior (បឹងធំជាងគេទីបីក្នុងពិភពលោក) នៅអាមេរិក នេះបើតាមទំព័រ Gizmodo ។
បន្ទាប់ពីបានវិភាគទៅលើទិន្នន័យពីរ៉ាដាដែលអាចមើលឃើញក្រោមដី នៅលើយាន Mars
Reconnaissance Orbiter របស់ NASA ក្រុមអ្នកវិទ្យាសាស្ដ្របានរកឃើញថា មានទឹកដែលកក
នៅ Utopia Planitia ជាតំបន់វាលរាបក្នុងតំបន់ Utopia ដែលជារណ្ដៅធំបំផុតនៅលើភពព្រះ
អង្គារ។
Stuurman បានឱ្យដឹងថា “ភពព្រះអង្គារមានទឹកកកយ៉ាងច្រើន។ យើងខ្ញុំយល់ថា ធ្លាប់មានទឹក
ក្នុងសភាពរាវគ្រប់គ្រាន់ដើម្បីគ្របដណ្ដប់ពេញផ្ទៃដីដែលមានកម្រាស់ ១០០ម៉ែត្រនៅលើភពនេះ។
បើទោះទឹកទាំងនេះភាគច្រើនបានហួតចូលទៅក្នុងបរិយាកាស ប៉ុន្តែ សព្វថ្ងៃ ក៏នៅតែមានទឹក
យ៉ាងច្រើន ដែលកំពុងកក នៅក្នុងបណ្ដាប៉ូលរបស់ភពព្រះអង្គារ”។
ប្រការដែលគួរចាប់អារម្មណ៍នៅតំបន់ Utopia Planitia នោះគឺបរិមាណទឹកដែលកក មានចំនួនពី
៥០ទៅ៨៥% ធៀបនឹងថ្ម។ ទឹកកកនៅ Utopia Planitia ភាគច្រើននៅដោយឡែក គឺមិនលាយ
ឡំជាមួយដី និងថ្មនោះទេ។ ផ្ទាំងទឹកកកទាំងមូលមានកម្រាស់ឡើងដល់ ១៧០ម៉ែត្រ។
ប្រភពទឹកនេះក៏អាចត្រូវបានប្រើប្រាស់សម្រាប់មនុស្សដែលនឹងទៅរស់នៅលើភពព្រះអង្គារនា
ពេលដ៏ខ្លីខាងមុខ។ ផ្ទាំងទឹកកកនេះ អូសបន្លាយដល់ក្បែរតំបន់អេក្វាទ័រ ដែលជាកន្លងមួយត្រូវ
បានគេចាត់ទុកថា ល្អបំផុតក្នុងបច្ចុប្បន្នរបស់ភពព្រះអង្គារ។ តំបន់នេះ ស្ថិតនៅលើផ្ទៃដីរាបស្មើ
ងាយស្រួលក្នុងការធ្វើដំណើរដោយយាន។
តំបន់ Utopia Planitia ដែលទើបត្រូវបានរកឃើញទឹកកកនៅក្រោមដី
Jack Holt មកពីសកលវិទ្យាល័យ Texas ដែលជាអ្នកបានចូលរួមក្នុងការសិក្សាស្រាវជ្រាវខាងលើ
បាននិយាយថា “ទឹកកកនេះងាយស្រួលក្នុងការយកមកប្រើប្រាស់ជាង បើធៀបនឹងតំបន់ទឹកកក
ផ្សេងៗនៅលើភពព្រះអង្គារ”៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ sciencemag