(ក្រុងឡុងដ៍)៖ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៦ ជាប្រវត្តិសាស្រ្តថ្មីសម្រាប់ចក្រភពអង់គ្លេស (Great Britain) ដែលប្រជាជននៃប្រទេសនេះ បានសម្រេចបោះឆ្នោតដើរ ចេញពីសហភាពអឺរ៉ុប (European Union) ក្រោមសំឡេងគាំទ្រ ៥១.៩% ទល់នឹង៤៨.១% ដែលអាចបណ្តាលឲ្យវិស័យកីឡាបាល់ទាត់ដ៏ល្បី ទទួលរងផលប៉ះពាល់ផងដែរមានដូចខាងក្រោម៖
1/. ក្រុមបាល់ទាត់ជម្រើសជាតិអង់គ្លេស អាចប្រឈមមិនឲ្យលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ UEFA Euro ដែលពាននេះ ត្រូវបានបង្កើតឡើង គឺដើម្បីតែប្រទេសស្ថិតក្នុងសហគមន៍អឺរ៉ុបតែប៉ុណ្ណោះ បើទោះបីជាប្រទេសអង់គ្លេសស្ថិតក្នុង ទ្វីបអឺរ៉ុបក៏ដោយ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រ Telegraph នៅថ្ងៃទី២៤ មិថុនានេះ។
តែយ៉ាងណាក៏ដោយ ប្រភពខាងលើមិនបានបញ្ជាក់ច្បាស់ពីស្ថាប័នគ្រប់គ្រងបាល់ទាត់ប្រចាំទ្វីបអឺរ៉ុប UEFA នៅឡើយទេ ខណៈដែលមន្រ្តីនៃសហព័ន្ធនេះកំពុងតែមមាញឹកក្នុងការរៀបចំប្រកួតបាល់ទាត់ Euro 2016 នៅប្រទេសបារាំង តែ Telegraph ឲ្យដឹងទៀតថា សម្រាប់លិខិតឆ្លងដែនដែលប្រើប្រាស់ ដើម្បីឆ្លងដែនទៅកាន់ប្រទេសអឺរ៉ុបដូចគ្នា ក៏ត្រូវបាន កាត់ផ្តាច់ដោយស្វ័យប្រវត្តិផងដែរ។
2/. តែសម្រាប់ BBC ក៏បានធ្វើការដកស្រង់របាយការណ៍របស់នាយកប្រតិបត្តិក្របខណ្ឌបាល់ទាត់ Premier League លោក Richard Scudamore បានឲ្យដឹងថា «កីឡា នៅដាច់ដោយឡែកពីនយោបាយ តែអ្វីដែលអាចប្រឈមនោះ គឺសិទ្ធិនៃការផ្សាយបន្តផ្ទាល់ដែល Premier League រកចំណួលបានចំនួន ៣.៣ពាន់លានផោនក្នុង១ឆ្នាំៗ ដែលស្ថិត ក្នុងការគ្រប់គ្រងរបស់រាជរដ្ឋាភិបាល»។
តែសម្រាប់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA ក៏បានលើកឡើងពីផលលំបាក ចំពោះកីឡាករបរទេស ជាពិសេស កីឡាករមកពីប្រទេសស្ថិតក្នុង EU ទាក់ទងទៅនឹង VISA របស់ពួកគេក្នុងការលេងឲ្យក្លឹបអាជីពនៅអង់គ្លេស ហើយលើសពីនេះទៀត សម្រាប់អ្នកគាំទ្ររបស់អង់គ្លេស ក៏មានការលំបាកក្នុងការចេញចូលដោយសេរីដូចពេលមុនទៀតហើយ ក្នុងការទៅគាំទ្រក្លឹបរបស់ខ្លួនទៅប្រកួតក្រៅដី ក្នុងក្របខណ្ឌ Champions League៕
នាយកប្រតិបត្តិ Premier League លោក Richard Scudamore
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង