ក្រុមអវកាសចរនឹងត្រូវបាននាំទៅកាន់អាកាស កំពស់ ២០គីឡូម៉ែត្រ ដោយជណ្ដើរយោងមួយ
មុននឹងហោះទៅក្នុងអវកាស។
ក្រុមហ៊ុនរបស់កាណាដា Thoth Technology ទទួលបានអាជ្ញាប័ណ្ណមួយស្ដីអំពីការផលិតជណ្ដើរ
អវកាស ដែលនឹងតភ្ជាប់ពីផ្ទៃដី ទៅកាន់អាកាសដែលមានកំពស់ ២០គីឡូម៉ែត្រ។
ជណ្ដើរនេះនឹងជួយកាត់បន្ថយបានដល់ ១ភាគ៣នៃចំណាយទៅលើការហោះហើរទៅកាន់
អវកាស។ បណ្ឌិត Brendan Quine ថ្លែងថា "អវកាសចរនឹងត្រូវបានបញ្ជូនឡើងទៅកាន់កំពស់
២០គីឡូម៉ែត្រ តាមរយៈជណ្ដើរយោងមួយ។ ក្រោយមក ពួកគេនឹងហោះហើរពីកំពូលជណ្ដើរ
នេះ ទៅកាន់គន្លងគោចរ។ នៅពេលបានបញ្ចប់ភារកិច្ច យានអវកាសនឹងត្រឡប់មកកំពូល
ជណ្ដើរដើម្បីចាក់ប្រេង ដើម្បីបំរុងសម្រាប់ដំណើរបន្ទាប់"។
គួររំលឹកថា មុននេះក៏ធ្លាប់មានគំនិតស្ដីអំពីជណ្ដើរអវកាស ប៉ុន្តែ ក្រុមវិស្វករសុទ្ធតែមិនអាច
ធ្វើអ្វីបាន ដោយសាររកមិនឃើញវត្ថុធាតុរឹងណាមួយដែលអាចរក្សាជណ្ដើរឱ្យនៅនឹងពីផ្ទៃដី
ទៅកាន់ដល់អវកាស។ ដើម្បីដោះសា្រយបញ្ហានេះ Thoth Technology បានលើកឡើងថា
ជណ្ដើរអវកាសត្រូវតែទាបបន្ដិច ពោលគឺ សាងសង់ត្រឹមតែកំពស់ ២០គីឡូម៉ែត្រ ជំនួសឱ្យ
៣៥.០០០គីឡូម៉ែត្រ ដូចការលើកឡើងមុននោះ។
“ThothX Tower” ដែលជាឈ្មោះរបស់ជណ្ដើរអវកាស នឹងមានរចនាសម្ពន្ធពិសេស និងស្មុក
ស្មាញបំផុត ហើយនៅកំពូលជណ្ដើរនេះ នឹងមាន ព្រលានសម្រាប់យានអវកាស។ បន្ទប់
ជណ្ដើរនឹងមានរូបរាង និងស្ថិតនៅក្នុងស្នូលជណ្ដើរ ដូចទៅនឹងជណ្ដើរយោងធម្មតា តែវាក៏
អាចត្រូវបានគេដាក់នៅខាងក្រៅដូចទៅនឹងរថភ្លើងឡើងភ្នំ។ បន្ទប់ជណ្ដើរនិមួយៗ អាចផ្ទុក
បាន ១០តោន។
Caroline Roberts អគ្គនាយកនៃក្រុមហ៊ុន Thoth Technology ថ្លែងថា "ជណ្ដើរនេះនឹងខ្ពស់
ជាងអគារខ្ពស់បំផុតក្នុងលោក Burj Khalifa ដល់ទៅ ២០ដង"។
សូមបញ្ជាក់ថា គំនិតស្ដីអំពីជណ្ដើរអវកាសនេះ ត្រូវបានលើកឡើងដំបូងគេកាលពីឆ្នាំ ១៨៩៥
ដោយអ្នកវិទ្យាសាស្ដ្ររុស្ស៊ី Konstantin Tsiolkovsky ដែលកាលណោះ លោកចង់សាងសង់
ជណ្ដើរអវកាសដែលមានកំពស់ដល់ទៅ ៣៥.០០០គីឡូម៉ែត្រ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Telegraph