CamNews

ព័ត៌មានបច្ចេកវិទ្យា 

ក្រុមហ៊ុនឯកជនដំបូង ជិតហោះទៅចុះចតលើឋានព្រះចន្ទ

Moon Express ជាក្រុមហ៊ុនឯកជនដំបូងទទួលបានការអនុញ្ញាតក្នុងការហោះទៅកាន់ឋានព្រះ
ចន្ទ បានប្រមូលទុនគ្រប់គ្រាន់សម្រាប់ដំណើរទៅឋានព្រះចន្ទរបស់ពួកគេ។

ក្រុមហ៊ុនថ្មីមួយនៅ California បានទទួលប្រាក់វិនិយោគ ៤៥លានដុល្លារអាមេរិក ពីក្រុមហ៊ុន
និងមូលនិធិនានា ក្នុងនោះរួមមានទាំង Founders ជាមូលនិធិដែលធ្លាប់វិនិយោគទៅលើ SpaceX,
Airbnb និង Spotify។

Moon Express ឡើងទៅកាន់ឋានព្រះចន្ទ ក៏ដើម្បី​ស្វែង​យល់អំពី​ប្រភព​ធនធាន​វា

Moon Express អំពាវនាវឱ្យមានការវិនិយោគដើម្បីចូលរួមក្នុងការប្រកួតដណ្ដើមរង្វាន់ក្នុងកម្មវិធី
Lunar XPRIZE របស់ Google ជាមួយនឹងប្រាក់រង្វាន់រួមមាន ៖ រង្វាន់លេខមួយ ទទួលបាន ៣០
លានដុល្លារ នឹងត្រូវបានប្រគល់ឱ្យក្រុមហ៊ុនណាដែលបានចុះចតលើឋានព្រះចន្ទដំបូង និង
បម្លាស់ទី ៥០០ម៉ែត្រនៅដីនៃឋានព្រះចន្ទ ហើយបញ្ជូនរូបភព និងវីដេអូមកកាន់ផែនដី។ ក្រុម
ហ៊ុនដែលជាប់លេខពីរ នឹងទទួលបានប្រាក់រង្វាន់ ៥លានដុល្លារ។

គម្រោងខាងលើនេះ កំពុងត្រូវបានរៀបចំផែនការដើម្បីបាញ់បង្ហោះយាន MX-1E ឡើងទៅកាន់
ឋានព្រះចន្ទ នៅចុងឆ្នាំនេះ។ បើសិនជាជោគជ័យ នោះ Moon Express នឹងក្លាយជាក្រុមហ៊ុន
ឯកជនដំបូង និងជាអង្គការទីបួន ដែលចុះចតលើឋានព្រះចន្ទ។

Moon Express មានបំណងសិក្សាស្រាវជ្រាវឋានព្រះចន្ទ ដើម្បីស្វែងយល់អំពីប្រភពធនធាន
របស់វា។

ប្រធានក្រុមហ៊ុន Moon Express លោក Naveen Jain បានឱ្យដឹងថា “ក្នុងអនាគតដ៏ខ្លីខាងមុខ
យើងខ្ញុំសង្ឃឹមថា នឹងនាំមកនូវប្រភពធនធានដ៏មានតម្លៃ ពីឋានព្រះចន្ទ មកកាន់ផែនដី”។

ដើម្បីអនុវត្តគម្រោងរបស់ខ្លួន Moon Express បានសហការណ៍ជាមួយក្រុមហ៊ុនផលិតកាំជ្រួច
Rocket Lab USA ។ ពួកគេនឹងប្រើប្រាស់កាំជ្រួច Electron ដើម្បីរុញច្រានយាន MX-1E ឡើង
ទៅឋានព្រះចន្ទ។ មកដល់ពេលនេះ Rocket Lab USA មិនទាន់បានសាកល្បងបាញ់បង្ហោះ
កាំជ្រួចណាមួយនៅឡើយ ប៉ុន្តែ តាមគម្រោង ពួកគេនឹងបាញ់បង្ហោះកាំជ្រួចដំបូងនៅចុងខែ
នេះ។

បណ្ដាគូប្រជែងរបស់ Moon Express ក្នុងការប្រកួតក្នុងកម្មវិធី Lunar XPRIZE របស់ Google ក៏
មានក្រុមហ៊ុន Indus របស់ឥណ្ឌាផងដែរ។ Indus មានគម្រោងបាញ់បង្ហោះយានអវកាសក្នុងកម្ម
វិធីកាំជ្រួចរបស់អង្គការស្រាវជ្រាវអវកាសឥណ្ឌា នៅខែធ្នូ ឆ្នាំ ២០១៧៕

ប្រែសម្រួល ៖ តារា
ប្រភព ៖ wired


Tags: ក្រុមហ៊ុន​ឯកជន ឋានព្រះចន្ទ Moon Express