CamNews

តារា 

ពាក់ព័ន្ធ​នឹង​​អំពើ​ប្លន់​​តារាល្បី​​របស់​​អាមេរិក​ នាង​ Kim Kardashian អាជ្ញាធរ​​បារាំង​​ចាប់​ខ្លួន

(ប៉ារីស)៖ អាជ្ញាធរបារាំងបានឲ្យដឹង នៅថ្ងៃចន្ទនេះថា មនុស្ស ១៦នាក់ត្រូវបានចាប់ខ្លួន នៅក្នុងក្របខណ្ឌនៃការស៊ើបអង្កេត ជាប់ពាក់ព័ន្ធនឹងជនសង្ស័យ ក្នុងអំពើប្លន់តារាសម្ដែងអាមេរិកនាង Kim Kardashian នៅទីក្រុងប៉ារីស កាលពីខែតុលា ឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន BBC នៅល្ងាចថ្ងៃចន្ទ ទី០៩ ខែមករា ឆ្នាំ២០១៧។

ប្រភពដដែលបានបញ្ជាក់ទៀតថា នាង Kim Kardashian ត្រូវបានបុរសពីរនាក់ស្លៀកពាក់បន្លំជាមន្ត្រីប៉ូលិស យកកាំភ្លើងភ្ជង់ប្លន់ មុននឹងចាប់ចង ហើយចាក់សោរឃុំរូបនាង នៅក្នុងបន្ទប់ទឹក នៅឯសណ្ឋាគារដ៏ប្រណិតមួយកន្លែង ក្នុងទីក្រុងប៉ារីស។

គួរបញ្ជាក់ថា ចោរប្លន់ទាំងពីរនាក់នេះ បានរត់គេចខ្លួនជាមួយគ្រឿងអលង្កា មានតំលៃជាច្រើនដែលគិតទឹកប្រាក់ប្រមាណ ១០លានអឺរ៉ូ ឬស្មើនឹងជាង ១០.៥លានដុល្លារអាមេរិក។ នាង Kim Kardashian បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស កាលពីខែតុលា ឆ្នាំ២០១៦ ដើម្បីចូលរួមក្នុងពិធីបង្ហាញម៉ូត Paris Fashion Week៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Kardashian