ព័ត៌មានអន្តរជាតិ ៖ ហោចណាស់ មនុស្ស ១០ នាក់បានស្លាប់បាត់បង់ជីវិតបាត់ទៅហើយ បន្ទាប់ពីមាន គ្រោះថ្នាក់ដែនអាកាស ឧទ្ធម្ភាគចក្រ ២ គ្រឿង បុកគ្នា អំឡុង ពេល ថតកម្មវិធីទូរទស្សន៍ នៅភាគខាង ជើងឆៀងខាងលិច ប្រទេស អាហ្សង់ទីន ។
ប្រភពពីមន្រ្តីផ្លូវការ គូសបញ្ជាក់អោយដឹងថា ក្នុងចំណោមជនរងគ្រោះ ១០ នាក់ស្លាប់បាត់បង់ជីវិតទាំង អស់នោះ មាន ៨ នាក់ជាជនជាតិ បារាំង ខណៈ ២ នាក់ ជាពីលុតនោះ ជាជនជាតិ អាហ្សង់ទីន ។យ៉ាង ណាមិញ អត្តសញ្ញាណរបស់ពួកគេ ពុំទាន់ត្រូវបានបញ្ជាក់ច្បាស់នៅឡើយទេ ។ សេចក្តីរាយការណ៍ អះ អាងបន្ថែមអោយដឹងថា ៖ ឧទ្ធម្ភាគចក្រខាងលើ បានបុកគ្នាលើអាកាស នៅក្នុងក្រុង Villa Castelli មាន រយៈចម្ងាយឆ្ងាយដល់ទៅ ១,១៧០ គ.ម ពីទីក្រុង Buenos Aires ។
ប្រធានសន្តិសុខប្រចាំតំបន់ លោក Cesar Angulo ផ្តល់ជាកិច្ចសម្ភាសន៍ ដល់ សារព័ត៌មាន Reuters អោយដឹងថា ៖ ជាក់ស្តែងមនុស្ស ទាំង ១០ នាក់ បានស្លាប់បាត់បង់ជីវិត គ្មាននរណាម្នាក់ មានឱកាស រស់រានមានជីវិតនោះទេ នេះបើយោងតាមសេចក្តីរាយការណ៍ ដែលក្រុមការងារ យើងខ្ញុំ ទទួលបាន ។
បន្ថែមពីលើនេះ ប្រភពបន្តអោយដឹងថា មួយក្នុងចំណោម ឧទ្ធម្ភាគចក្រ ២ គ្រឿងនោះគឺជាសម្បត្តិរបស់ រដ្ឋាភិបាលថ្នាក់ខេត្ត ។ ដោយឡែក មូលហេតុបណ្តាលអោយមាន គ្រោះ ថ្នាក់កម្រនេះ ពុំទាន់ដឹងជាក់ ច្បាស់នៅឡើយទេ ស្របពេលដែល មន្រ្តីគូសបញ្ជាក់អោយដឹងថា លក្ខខ័ណ្ឌអាកាសធាតុនៅតំបន់ភ្នំទី កន្លែងដែលកើតហេតុនោះ គឺមានលក្ខណៈអំណោយផល (ល្អ) ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី