យានអវកាស New Horizons របស់ NASA បានឆ្លងកាត់ចម្ងាយផ្លូវជិត 5ពាន់លានគីឡូម៉ែត្រ
ក្នុងរយៈពេល 9ឆ្នាំ ចាប់តាំងពីឆ្នាំ 2006 ទើបទៅដល់ភពភ្លុយតុង។ បច្ចុប្បន្ន យានអវកាស នេះកំពុងតែហោះហើរនៅក្នុងតំបន់កំបាំងរបស់កូនភពភ្លុយតុង ពោលគឺនៅចម្លោះភព នេះ
និងព្រះចន្ទទី១របស់វា គឺ Charon។
បន្ទាប់ពីបានមកដល់ និងហោះជុំវិញភពភ្លុយតុង យានអវកាស New Horizons បានចាប់ផ្ដើម
ភារកិច្ចរបស់ខ្លួន នោះគឺថតយករូបភាពជាក់ស្ដែង និងវាស់វែងទំហំរបស់ភពនេះ។ ក្រោយពី
ទទួលបានបណ្ដារូបថត ភ្លាមនោះ NASA ក៏បានប្រកាសបង្ហាញជូនដល់ក្រុមតារាវិទូ និងអ្នក
វិទ្យាសាស្ដ្រ។
រូបភាពដែលទទួលបានគឺពិតជាខុសទៅនឹងអ្វីដែលក្រុមអ្នកវិទ្យាសាស្ដ្របានគិត។ ក្នុងរូបថត
គេឃើញមានតំបន់មួយពណ៌ ស រាងដូចបេះដូង ហើយនៅក្បែរៗនោះ គឺជាតំបន់ដែលមាន
ពណ៌ស្រអាប់។
សម្រាប់អ្វីដែលបានមើលឃើញ ក្រុមអ្នកវិទ្យាសាស្ដ្រសន្និដ្ឋានថា នៅលើភពភ្លុយតុងមិនមាន
ថ្ម និងដីច្រើននោះទេ ប៉ុន្តែ វាអាចជាស្រទាប់ទឹកកកដ៏មហាសាល ហើយខាងក្រោមផ្ទាំងទឹក
កកនោះគឺជាមហាសាគរ។ ទន្ទឹមនឹងនេះ បណ្ដារណ្ដៅមូលៗ អាចជាមាត់ភ្នំភ្លើង។
តាមការវាស់វែងដែលយានអវកាស New Horizons បានបញ្ចូនមក ភពភ្លុយតុងមានអង្កត់ផ្ចិត
2.370 km គឺធំជាងការព្យាករមុននេះ 80km។ ដូច្នេះ ភ្លុយតុង ត្រូវបានបញ្ជាក់ថា ជាកូនភពធំ
បំផុតក្នុងប្រព័ន្ធព្រះអាទិត្យ។ មុននេះ តំណែងនេះបានទៅលើ Eris ដែលជាកូនភពមួយស្ថិត
នៅផ្នែកខាងក្រៅនៃខ្សែក្រវ៉ាត់ Kuiperរបស់ប្រព័ន្ធព្រះអាទិត្យ។
NASA បានឱ្យដឹងថា យានអវកាសរបស់ខ្លួននឹងបន្តចូលទៅក្បែរកូនភពភ្លុយតុង ដើម្បីប្រមូល
ទិន្នន័យ រួមនឹងរូបភាពច្បាស់ជាងនេះបន្ថែមទៀត អំពីផ្ទៃខាងលើរបស់ភ្លុយតុង។
ដោយសារតែកូនភពភ្លុយតុង គឺជាសំណល់ហ្វូស៊ីលនៃដំណាក់កាលដំបូងនៃការកកើតប្រព័ន្ធ
ព្រះអាទិត្យ ដូច្នេះ ការសិក្សាស្រាវជ្រាវអំពីភពនេះ គឺពិតជាមានសារសំខាន់ ក្នុងការស្វែងយល់ ឱ្យកាន់តែច្បាស់អំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ NASA/The Guardian