(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានសម្រេចចិត្តតែងតាំងកូនប្រសាររបស់ខ្លួន គឺលោក ចារ៉េដ ឃូស្នឺ (Jared Kushner) ជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងចំណោមទីប្រឹក្សានៃសេតវិមាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃអង្គារ ទី១០ ខែមករា ឆ្នាំ២០១៧។
លោក ចារ៉េដ ឃូស្នឺ មានអាយុ ៣៥ឆ្នាំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត ហើយការងារថ្មីរបស់ លោកនៅឯសេតវិមាន នឹងគ្រប់ដណ្ដប់លើកិច្ចការនយោបាយក្នុងនិងក្រៅប្រទេស។ ប៉ុន្តែទន្ទឹមគ្នានោះដែរ ខាងគណបក្សប្រជាធិបតេយ្យបានអំពាវនាវភ្លាមៗឱ្យពិនិត្យការតែងតាំងនេះឡើងវិញ ត្បិតពួកគេយល់ថាវាគឺជាប្រព័ន្ធតែងតាំងបក្សពួកនិយម និងអាចបង្កទៅជាជម្លោះផលប្រយោជន៍។ ជាងនេះទៅទៀតសូម្បីតែគណៈកម្មាធិការសមាជិកតុលាការ ក៏បានជំរុញឱ្យក្រសួងយុត្តិធម៌ និងការិយាល័យក្រមវិន័យរដ្ឋាភិបាលធ្វើអន្តរាគមន៍ផងដែរ។
សូមជំរាបថា លោក ចារ៉េដ ឃូស្នឺ បានរៀបការជាមួយកូនស្រីលោក ដូណាល់ ត្រាំ គឺនាង អ៊ីវ៉ាន់កា ត្រាំ (Ivanka Trump)កាលពី ឆ្នាំ២០០៩ ហើយលោកគឺជាម្ចាស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយនៅសហរដ្ឋអាមេរិកបន្តពីឪពុករបស់លោក។ លោក ចារ៉េដ ឃូស្នឺ នឹងប្រារព្ធខួបគំរប់ ៣៦ឆ្នាំនៅថ្ងៃអង្គារនេះ៕
ប្រភព ៖ ប៊ីប៊ីស៊ី