CamNews

ថ្ងៃឆេះកប្បជិតមកដល់? ប្រជាជនខ្មែរមួយចំនួន គិតយ៉ាងណា?

​កម្រងប្រតិទិនជនជាតិ Maya នឹងបញ្ចប់នៅថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២នេះ ដូច្នេះ មនុស្សមួយ​ចំនួន
តូច ក្នុងពិភពលោក ទាំងមនុស្សនៅក្នុងប្រទេសក្រីក្រ ទាំងមនុស្សក្នុងប្រទេសជឿនលឿន​យល់
ថា ជីវិតនៅលើផែនដីនឹងត្រូវកំទេចក្នុងខែនេះ។

បើទោះជាពាក្យចចាមអារ៉ាមនេះត្រូវបានគេផ្សាយ ឬនិយាយពីមាត់មួយទៅមាត់មួយ និងមាន
អ្នកខ្លះបង្ហាញពីការភ័យខ្លាច ហើយអ្នកខ្លះក៏បានត្រៀមរបស់របរសម្រាប់ថ្ងៃឆេះកប្បនេះក្ដី​ ប៉ុន្ដែ
ប្រជាជនកម្ពុជា ហាក់ដូចជាមិនទាន់មានការព្រួយបារម្ភសោះឡើយ ពួក ​គេចាត់ទុក ពាក្យចចាម
អារ៉ាមនេះ គឺជារឿងដែលមិនអាចកើតឡើង ខណៈដែលអ្នកខ្លះ​ថ្លែង​ថា​ប្រសិន ថ្ងៃឆេះកប្បកើត
ឡើងមែន ក៏មិនមានអ្វីត្រូវខ្លាចនោះដែរ។

ទាក់ទឹននឹងបញ្ហានេះ លោក ចំណាន ជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Greative Entertainment
យល់ថា លោក មិន​ជឿថានឹងមានថ្ងៃឆេះកប្បនេះកើតឡើងនោះឡើយ។

លោក ចំណាន ជាបុគ្គលិកម្នាក់របស់ក្រុមហ៊ុន Greative Entertainment

ចំណែកលោក កែវ វ៉ាន់ថា ជាបុគ្គលិកទស្សនវដ្ដីមួយ​ ក្នុងក្រុងភ្នំពេញ ក៏មាន​យោបល់ស្រដៀង
គ្នានេះដែរ ដោយលោកបានថ្លែងថា ៖ “ដូចជាមិនអាចនោះទេ! ប៉ុន្ដែបើ​កើត​ឡើង ក៏កើតទៅចុះ
មិនមានបញ្ហាអ្វីចំពោះខ្ញុំ។” យ៉ាងនេះក្ដី លោក បន្ដថា បញ្ហាភ្លើងឆេះកប្ប​នេះ ប្រាកដជាមិនអាច
កើតឡើងទៅតាម កម្រងប្រតិទិនរបស់ជនជាតិ Maya នោះទេ “ប៉ុន្ដែវា​ប្រហែលជាអាចកើតមាន
ឡើងដោយសារតែគ្រោះធម្មជាតិ ដូចជា ភ្លើងឆេះព្រៃ។ល។

រីឯលោក ផល្លី អ្នកម៉ៅការសំណង់ម្នាក់ ឱ្យដឹងថា ប្រការនេះមិនអាចទៅរួច​ទេ។ លោកថ្លែងថា ៖ “នេះប្រហែលជាការយល់ឃើញមួយដែលមិនប្រកបដោយវិទ្យា​សាស្ដ្រ”។

លោក កែវ វ៉ាន់ថា ជាបុគ្គលិកទស្សនវដ្ដីមួយ​ ក្នុងក្រុងភ្នំពេញ

សូមរំលឹកថា ពាក្យចចាមអារ៉ាមខាងលើនេះ បានកើតមានឡើងបន្ទាប់ពីឆ្នាំ ២០១២ បានចូល​មក
ដល់ ក្រោយពីអ្នកស្រាវជ្រាវបានរកឃើញ ប្រតិទិនមួយរបស់កុលសម្ព័ន្ធ Maya ដែលនៅ​ក្នុងនោះ
បានបង្ហាញថា ទី ២១ធ្នូ ឆ្នាំ ២០១២នេះ គឺជាថ្ងៃចុងក្រោយនៃកម្រងប្រតិទិននេះ។ ពាក្យចចាមអា
រ៉ាមនេះដែរ ក៏ត្រូវបានគេលើកយកមកនិយាយជាបន្ដបន្ទាប់ នៅពេលដែល​ថ្ងៃទី ២១ធ្នូ ឆ្នាំ ២០១២
ជិតចូលមកដល់។ ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ដ្រមិនបាន​រកឃើញភ័ស្ដុតាងណា
មួយ បង្ហាញថា បញ្ហានេះនឹងកើតឡើងប្រាកដនោះទេ៕

 

ដោយ ៖ សូរីយ៉ា


Tags: maya earth doomsday