CamNews

ព័ត៌មានបច្ចេកវិទ្យា 

ស្មាត​ហ្វូន អាច​គ្រប់​គ្រង​សោ​ឆ្លាត​វៃ តាមរយៈ Bluetooth

ក្រុមហ៊ុនថ្មីមួយនៅអាមេរិក ទើបតែបានច្នៃបានសោឆ្លាតវៃមួយប្រភេទ ដែលមិនប្រើកូនសោ
តែវាអាចបើកសោបាន ដោយទូរស័ព្ទឆ្លាតវៃ តាមរយៈរលក Bluetooth ។

នៅលើគេហទំព័រ Kickstarter ឧបករណ៍ពិសេសមួយដែលមានឈ្មោះថា Noke (មកពីពាក្យ
No Key ៖ មិនបាច់ប្រើកូនសោ) កំពុងតែទាក់ទាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុនវិនិយោគឯក
ជនជាខ្លាំង។ Noke គឺជាមេសោដំបូងគេបង្អស់ក្នុងលោក ដែលប្រើប្រាស់រលក Bluetooth និង
កម្មវិធីនៅក្នុងស្មាតហ្វូន ដើម្បីបើក ឬបិទសោ។ ឧបករណ៍នេះ ត្រូវបានគេបំពាក់សម្បកពិសេស
មួយជាន់ មានមុខងារទប់ទល់នឹងការជ្រាបទឹក ចំណែកខាងក្នុងមេសោ មានថ្ម ដែលថាមពល
គ្រប់គ្រាន់សម្រាប់ប្រើប្រាស់ជាបន្តបន្ទាប់ ក្នុងរយៈពេល ពេញមួយឆ្នាំ។

ដើម្បីអាចបញ្ជាទៅលើប្រព័ន្ធសោនេះ អ្នកប្រើប្រាស់ ត្រូវតែដំឡើងកម្មវិធី Noke លើស្មាតហ្វូន
ក្នុងបំណងបង្កើតវិធី ក៏ដូចជាពេលវេលា សម្រាប់បើក ឬបិទសោប្រភេទនេះ។ បន្ទាប់ពីបាន
ដំឡើងកម្មវិធីរួចរាល់ អ្នកប្រើប្រាស់ គ្រាន់តែយកស្មាតហ្វូនមកក្បែរសោ Noke (ក្នុងរង្វង់ ពាក់
កណ្ដាលអង្កត់ផ្ចិត ៣ម៉ែត្រ) នោះ សោនេះនឹងស្គាល់សញ្ញា ហើយបើកសោដោយស្វ័យប្រវត្ត។
ប្រសិនមិនចង់ប្រើរបៀបបើកស្វ័យប្រវត្ត អ្នកក៏អាចកំណត់ឱ្យវាបើកសោ តាមរយៈលេខសម្ងាត់
ឬការចុចលើប៊ូតុងផងដែរ ដែលប្រការនេះ អាចជួយការពារសុវត្ថិភាព ក្នុងករណីបាត់ស្មាតហ្វូន។

បច្ចុប្បន្ន Noke ទទួលបានប្រាក់វិនិយោគ ៦០.០០០ ដុល្លារអាមេរិក ពីគេហទំព័រ Kickstarter ។
បន្ទាប់ពីខ្ទង់ប្រាក់វិនិយោគ ឡើងដល់ ១០០.០០០ ដុល្លារ ឧបករណ៍នេះ នឹងត្រូវបានគេផលិត
និងដាក់លក់លើទីផ្សារ ក្នុងតម្លៃប្រហែល ៨៩ដុល្លារអាមេរិក នៅក្នុងខែកុម្ភៈ ឆ្នាំ ២០១៥។

ប្រព័ន្ធ​គ្រឿង​ម៉ាស៊ីន របស់សោ Noke

 

ចំណែកឯអ្នកដែលបានដាក់ទុនវិនិយោគ នៅលើ Kickstarter សម្រាប់គម្រោង Noke នឹង ឆាប់
ទទួលបានផលិតផលនេះ ក្នុងតម្លៃត្រឹមតែ ៥៩ដុល្លារ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/ Kickstarter