CamNews

ទូរស័ព្ទ 

ស្មាតហ្វូន “មិនមានគែមអេក្រង់” របស់ Sprint តម្លៃថោក អាចបង់រំលស់ មួយខែ ១០ដុល្លារ

ក្រុមហ៊ុនអ៊ីនធឺរណែត Sprint របស់អាមេរិក បានដាក់លក់ស្មាតហ្វូន “មិនមានគែម” Aquos
Crystal ក្នុងតម្លៃត្រឹមតែ ២៤០ដុល្លារ ដោយមិនមានកិច្ចសន្យាអ្វីទាំងអស់។

ក្រោយពីបានបង្ហាញខ្លួន នៅជប៉ុន ស្មាតហ្វូនដែលមានគែមអេក្រង់ “មហាស្ដើង” មួយគូ របស់
ក្រុមហ៊ុន Sharp គឺ Aquos Crystal និង Crystal X បន្តវាយលុកទីផ្សារអាមេរិក តាមរយៈ ក្រុម
ហ៊ុនអ៊ីនធឺរណែត Sprint ។

យោងតាមសេចក្ដីប្រកាសរបស់ ក្រុមហ៊ុនអ៊ីនធឺរណែត Sprint ស្មាតហ្វូន Sharp Aquos Crystal
នឹងត្រូវបានលក់ក្នុងតម្លៃ ២៤០ដុល្លារ ក្នុងមួយគ្រឿង ដោយមិនមានភ្ជាប់ជាមួយនូវកិច្ចសន្យា
ប្រើអ៊ីនធឺរណែត។ ក្រុមហ៊ុនអ៊ីនធឺរណែត Sprint ក៏អនុញ្ញាតឱ្យអតិថិជន ទិញស្មាតហ្វូននេះ តាម
បែបបង់រំលស់ ១០ដុល្លារ ១ខែ ក្នុងរយៈពេល ២ឆ្នាំ។

Aquos Crystal គឺជាម៉ូដែលស្មាតហ្វូនប្រភេទមធ្យម ប៉ុន្ដែ រចនានៃគែមអេក្រង់ដ៏ស្ដើងរបស់វា
បានបង្កឱ្យមានពេញចិត្ត ពីអ្នកប្រើប្រាស់ទូទៅ។ ម៉ូដែលនេះ មានអេក្រង់ 5 inch រីសូលូសឹន
720p, ប្រូសេសឺរ Qualcomm Snapdragon 400, 4-core កម្រិត 1,2GHz, RAM 1,5GB  និងអង្គ
ចងចាំក្នុង 8GB តែអាចបន្ថែមលើសពីនេះ តាមរយៈរន្ធដោតអង្គចងចាំ រួមនឹងថ្ម 2.040 mAh។
ស្មាតហ្វូននេះ ត្រូវបានបំពាក់បច្ចេកវិទ្យាជាច្រើន ដូចជា HD Voice, ហៅទូរស័ព្ទចេញតាម រយៈ
Wi-F និងបច្ចេកវិទ្យាមកពី Harman Kardon ។ល។

ថ្វីបើ Aquos Crystal មានគែមអេក្រង់ដ៏ស្ដើង និងមានអេក្រង់បង្ហាញរូបភាព លាតសន្ធឹងដល់
ទៅ ៧៨,២១ភាគរយ នៅផ្នែកខាងមុខ ប៉ុន្ដែ វាមិនទាន់បំបែកបាននូវឯតទគ្គកម្មរបស់ Aquos
SH-04F ដែលមានអេក្រង់បង្ហាញរូបភាព គ្របដណ្ដប់ផ្នែកខាងមុខ ដល់ទៅ ៨១ភាគរយ នៅ
ឡើយ។

ចំណែក តម្លៃលក់របស់ Aquos Crystal X ដែលជាកំណែលំដាប់ខ្ពស់ជាង Aquos Crystal មិន
ទាន់ត្រូវបានគេបង្ហើបឱ្យដឹងនៅឡើយ មកទល់នឹងបច្ចុប្បន្ននេះ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ tech/engadget