តាំងពីវេលាម៉ោង ៧ព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ នេះការបោះឆ្នោតជ្រើសរើសសមាជិក
ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៣ នៅតាមបណ្តាខណ្ឌនីមួយៗក្នុង រាជធានីភ្នំពេញ មកដល់ពេល
បច្ចុប្បន្ននេះ គេសង្កេតឃើញ ថា ប្រជាពលរដ្ឋកាន់តែច្រើននាក់ បានយល់ និងឲ្យតម្លៃទៅលើ
សន្លឹកឆ្នោតរបស់ខ្លួន ក្នុងការជ្រើសតំណាង។ តាមប្រភពព័ត៌មានពី អគ្គលេខាធិការគណៈកម្មាធិការ
ជាតិរៀបចំការបោះឆ្នោត បានពិពណ៌នាថា រហូតមកទល់ម៉ោងជិត ៩នេះ ដំណើរការបោះឆ្នោត
ទូទាំងប្រទេស ដំណើរការបានល្អ។
ទោះបីជានៅពេលព្រឹកម៉ោង ៧ មានអ្នកបោះឆ្នោតតិចក្តី។ អ្នកបោះឆ្នោតបានចាប់ផ្តើមមានច្រើន
នៅក្នុងរង្វង់ម៉ោង៨។ ប្រជាពលរដ្ឋជាច្រើនពាន់នាក់ នៅក្នុងរាជធានីភ្នំពេញ បាននាំគ្នាទៅបោះឆ្នោត
ដោយក្តីសប្បាយរីករាយ គឺបោះឆ្នោតទៅតាមឆន្ទៈរបស់ពួកគាត់គ្រប់ៗ គ្នា។
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកជំទាវ បានអញ្ជើញទៅបោះឆ្នោត ឃុំ-សង្កាត់ ជាមួយ
នឹងកូនប្រុសសម្តេច លោក ហ៊ុនម៉ានី នៅក្នុងការិយាល័យបោះឆ្នោត លេខ ១០៦៧ នៅសាលា
គរុកោសល្យ និងវិក្រឹតការ ខេត្តកណ្តាល តាំងពីពេលព្រឹកម៉ោង ៧ និង ២០ នាទី។
សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ព្រះប្រធានគណបក្សនរោត្តម រណឬទ្ធិ បានយាងទៅបោះឆ្នោត
នាព្រឹកថ្ងៃអាទិត្យ ទី០៣ ខែមិថុនា ឆ្នាំ២០១២ នៅ មណ្ឌលវត្តថាន់ ក្នុងខណ្ឌចំការមន។
គួរបញ្ជាក់ថា ដំណើរការបោះឆ្នោតជ្រើសរើសឃុំ-សង្កាត់អាណត្តិទី៣ ចាប់ផ្តើមដំណើរការនៅ
វេលាម៉ោង ៧ព្រឹក រហូតដល់ម៉ោង៣រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ ដែលមានអ្នកបោះ
ឆ្នោតសរុប ចំនួន ៩.២០៣.៤៩៣ នាក់ នៅ ១.៦៣៣ ឃុំ-សង្កាត់ ទូទាំងប្រទេស ។ រីឯការិយាល័យ
បោះឆ្នោតមានចំនួន ១៨.១០៧ ការិយាល័យ។