ពីសិស្សកម្ជិល និងតែងតែគេចសាលា ដើម្បីបានដើរលេង ប៉ុន្ដែ ក្រោយមក Heshan de Silva
ក៏បានភ្ញាក់ខ្លួន និងបានផ្ដើមរកស៊ី ចាប់ពីអាយុ ១៨ឆ្នាំ ហើយក៏រកបានប្រាក់រាប់លានដុល្លារ
ពេលមានអាយុ ២៥ឆ្នាំ។
Heshan de Silva ក្លាយជាសេដ្ឋី ក្នុងវ័យ ២៥ឆ្នាំ
កាលពី ៩ឆ្នាំមុន ក្នុងវ័យ ១៦ឆ្នាំ Heshan de Silva បានចាកចេញពី ប្រទេសកេនយ៉ា ទៅកាន់
អាមេរិក ដោយមានបំណងបន្តការសិក្សានៅមហាវិទ្យាល័យ។ ដោយវប្បធម៌មានភាពខុសគ្នា
ខ្លាំងពេក de Silva មិនអាចតាមទាន់មិត្តរួមថ្នាក់របស់ខ្លួន ដែលពួកគេកាន់ចង្កូតរថយន្ដ Ferrari
តាំងតែពីអាយុ ១៨ឆ្នាំ ដូច្នេះ de Silva ក៏បែកគំនិត គេចសាលា ដើរលេងជាមួយក្រុមមិត្តភ័ក្ដិដទៃ
របស់ខ្លួន។de Silva និយាយនៅលើទំព័រ Business Beat ថា “ខ្ញុំចង់លេចធ្លោ ទាក់ទាញចំណាប់
អារម្មណ៍ពីក្រុមមនុស្សដែលមានរថយន្ដ Ferrari ហើយចូលរួមជាមួយពួកគេ”។
ដើម្បីបម្រើដល់ជីវភាពបែបកូនអ្នកមាន Silva ត្រូវការប្រាក់យ៉ាងច្រើន ពេលនោះ គាត់រកឃើញ
ថា ខ្លួនអាចចំណាយពេល និងគំនិត ដើម្បីរកប្រាក់ ដោយការសរសេរមេរៀន ឬសរសេរអត្ថបទ
ទាក់ទិននឹងកិច្ចការសាលា ជំនួសក្រុមសិស្សដែលចូលចិត្តដើរលេង ច្រើនជាងការសិក្សា។ ក្នុង
ពេលតែមួយយប់ Silva អាចរកបាន ៥០០ដុល្លារ ហើយយកប្រាក់នេះ ផឹកស្រា លេងសើច។ល។
ក៏ប៉ុន្ដែ នៅពេលដឹងខ្លួន Silva ឃើញថា ខ្លួនកំពុងដើរផ្ទុយពីក្ដីសង្ឃឹមរបស់ពុកម្ដាយ។ គាត់ថ្លែង
ថា “ខ្ញុំយល់ថា ខ្លួនឯងពិតជាគ្មានបានការ ហើយធ្វើឱ្យពុកម្ដាយអស់សង្ឃឹម។ ពេលខ្លះ ខ្ញុំថែម
ទាំងចង់សម្លាប់ខ្លួនទៀតផង”។ បន្ទាប់មក ពុកម្ដាយរបស់ Silva បានមកកាន់អាមេរិកដោយផ្ទាល់
ហើយក៏នាំ Silva ពីមណ្ឌលកែប្រែ ត្រឡប់ទៅស្រុក និងឱ្យគាត់ចូលរៀននៅសាលាមួយ នៅទ្វីប
អាហ្វ្រិក។
មានពេលមួយនោះ Silva បានធ្វើដំណើរទៅកាន់មណ្ឌលកែប្រែមួយចំនួន ដើម្បីចែករំលែកបទ
ពិសោធ និងលើកទឹកចិត្តដល់មនុស្សដែលមានស្ថានភាពដូចខ្លួន។ ក្នុងអំឡុងពេលនោះ Silva
បានជួបមនុស្ស ៣នាក់ ដែលមានគំនិតលក់ធានារ៉ាប់រងដល់ក្រុមភ្ញៀវដែលធ្វើដំណើរតាមរថ
យន្តក្រុង ផ្លូវឆ្ងាយ។ ប្រភេទធានារ៉ាប់រងនេះ ត្រូវបានដាក់នៅលើសំបុត្ររថយន្ត និងមានតម្លៃ
០,០៥ដុល្លារ ហើយអាចទិញតាមរយៈការហៅទូរស័ព្ទ។ តមកទៀត អ្នកទាំង ៤ បានបង្កើតក្រុម
ហ៊ុនមួយដែលមានឈ្មោះថា VenCap ។ ពេលនោះ Silva មានអាយុ ១៨ឆ្នាំ បានវិនិយោគ ៨៦
ដុល្លារ និងកាន់កាប់ភាគហ៊ុន ចំនួន ៨០% ។ ចុងឆ្នាំដដែលនោះ ក្រុមហ៊ុនរបស់ពួកគេ រកបាន
១,០៤លានដុល្លារអាមេរិក។
ក្រោយមកទៀត Heshan de Silva ដឹងថា ការផ្ដល់ទុនដល់បណ្ដាក្រុមហ៊ុន អាជីវកម្ម ដើម្បីប្ដូរ
យកភាគហ៊ុន ក៏ជាឱកាសដ៏ល្អសម្រាប់រកប្រាក់។ ប្រការ បានជម្រុញឱ្យគាត់ បង្កើតក្រុមហ៊ុនមេ
De Silva ម្ចាស់មូលនិធិ DSGVenCap ។ មកដល់ពេលនេះ DSGVenCap បានវិនិយោគទៅលើ
គំនិតអាជីវកម្មចំនួន ២២០០០ និងបង្កើតបានក្រុមហ៊ុន ជាង ១៧០០០។ Silva ឱ្យដឹងថា “នៅ
ក្នុងក្រុមហ៊ុននិមួយៗ ភាគហ៊ុនរបស់ខ្ញុំ គឺមិនលើសពី ៤០% នោះទេ។ ខ្ញុំតែងជឿជាក់លើពួក
គេ” ។
ដោយសារតែការវិនិយោគ ទទួលបានជោគជ័យដល់ទៅ ៧០% ក្នុងនោះ មានក្រុមហ៊ុនចំនួន
៣ ត្រូវបានកំណត់តម្លៃថា ខ្ពស់ជាង ១០លានដុល្លារ ពេលនេះ ទ្រព្យរបស់ Silva បានឡើងដល់
១១,៥លានដុល្លារ។
មកទល់នឹងពេលនេះ Silva មិនទាន់ត្រឡប់ទៅសាលាដើម្បីទទួលសញ្ញាបត្រ ព្រោះគិតថា វា
គ្រាន់តែជាក្រដាស់មួយសន្លឹកប៉ុណ្ណោះ។ Silva ថ្លែងថា “សញ្ញាបត្រមហាវិទ្យាល័យ នឹងជួយឱ្យ
អ្នក មានតម្លៃខ្ពស់ ពិសេសគឺនៅពេលទៅសុំការងារ។ ប៉ុន្ដែ ការដែលគិតថា វាគឺជាគន្លឹះសម្រាប់
ធានាដល់ជោគជ័យនោះ គឺគួរឱ្យអស់សំណើច”។
ទស្សនាវដ្ដី Forbes បានជ្រើសរើស Silva ទៅក្នុងបញ្ជីនៃអ្នកជំនួញដែលមានអនាគតបំផុត នៅ
អាហ្វ្រិក សម្រាប់ឆ្នាំនេះ។ កាលពីឆ្នាំទៅ Silva ក៏ធ្លាប់មានឈ្មោះ នៅក្នុង top 10 នៃបណ្ដាមនុស្សដែលមានឥទ្ធិពលបំផុតក្នុងទ្វីបនេះផងដែរ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ brandkenya/Youtube