(អវកាស)៖ នៅពេលដែលបានឃើញរូបភាពដ៏ល្អអស្ចារ្យរបស់ផែនដីដែលត្រូវបានផ្តិតយកពីលំហអាកាស មនុស្សមួយចំនួនបានចោទជាសំណួរថា ហេតុអ្វីបានជាយើងមើលពុំឃើញមានវាលគំនរសំរាមវិលជុំវិញគន្លងនៃភពរបស់យើង នៅក្នុងរូបភាពនានារបស់ផែនដី? បើសិនជាអ្នកវិទ្យាសាស្រ្តបានអះអាងថាមានសំរាមជាច្រើនហូរហៀរនៅទីអវកាសនោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីគេហទំព័រ Popular Science នៅមុននេះបន្តិចនាព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកុម្ភៈ ឆ្នាំ២០១៧។
ជាការពិតណាស់វាមិនមែនជារឿងកុហកបោកប្រាស់នោះឡើយ ព្រោះថាទីអវកាសនៅលើភពផែនដីរបស់យើងកំពុងតែកកកុញកាន់តែខ្លាំងឡើង ដោយសារផ្កាយរណប និងសំរាមអវកាស ហើយអ្វីដែលសំខាន់នោះគឺមនុស្សលោក និងវត្ថុដែលយើងផលិតឡើងមានទំហំតូចៗខ្លាំង បើធៀបទៅនឹងភាពដ៏ធំទូលាយល្វឹងល្វើយរបស់ផែនដី។ បច្ចុប្បន្នមានផ្កាយរណបចំនួន៤,២៥៦គ្រឿង (ប្រហែល១,១៤៩គ្រឿងនៅដំណើរការជាធម្មតា) កំពុងធ្វើដំណើរក្រឡឹងជុំវិញផែនដី ដោយឧបករណ៍ទាំងអស់នេះគិតចាប់ពីរកូនផ្កាយរណប CubeSat ដែលមានប្រវែងត្រឹម២៥សង់ទីម៉ែត្រប៉ុណ្ណោះនោះ រហូតដល់ផ្កាយរណបទំនាក់ទំនងដែលអាចមានប្រវែងដល់ជាង៣០ម៉ែត្រ ក៏ប៉ុន្តែពួកវានៅតែមានទំហំតូចខ្លាំងដដែលនៅពេលដែលអ្នកក្រឡេកមកមើលថា ភពផែនដីមានអង្កត់ផ្ចិតដល់ទៅប្រវែង១២,៧៤២គីឡូម៉ែត្រឯណោះ។
ម៉្យាងវិញទៀតសូម្បីតែស្ថានីយអវកាសអន្តរជាតិ ISS មានប្រវែងជិត១១០ម៉ែត្រ និងជាវត្ថុមនុស្សបង្កើតធំជាងគេបង្អស់ដែលធ្វើដំណើរគោចរជុំវិញផែនដីនោះ នៅមិនអាចមានទំហំធំគ្រប់គ្រាន់ដើម្បីឲ្យឧបករណ៍អង្កេតផែនដីដូចជាកាមេរ៉ា EPIC របស់ផ្កាយរណប DSCOVR ដែលមានសមត្ថភាពថតយករូបភាពដ៏ល្អឥតខ្ចោះរបស់ភពផែនដីពី រយៈចម្ងាយរាប់លានគីឡូម៉ែត្រអាចមើលឃើញឡើយ។
លោក Jay Herman ជាអ្នកវិទ្យាសាស្រ្តដែលដឹកនាំប្រតិបត្តិការ EPIC បាននិយាយថា ទោះបីជាកម្ទេចកម្ទីរក៏ដូចបំណែកតូចៗ ដែលធ្លាប់ជាផ្នែកនៃផ្កាយរណបរបស់ចិន រុស្ស៊ី ឬមួយក៏អាមេរិក មិនត្រូវបានមើលឃើញនៅក្នុងរូបភាពយ៉ាងណាក្តី ក៏ពួកវាអាចមានលទ្ធភាពបង្កជាបញ្ហាយ៉ាងពិតប្រាកដនៅក្នុងលំហអាកាសផងដែរ។
លោក Herman បានបន្តថាសម្រាប់អ្នកប្រកាន់ជំហរថា «ឃើញផ្ទាល់នឹងភ្នែកទើបជឿ» វិញនោះ គឺមានមធ្យោបាយដើម្បីមើលឃើញវត្ថុទាំងអស់ដែលស្ថិតនៅជុំវិញគន្លងផែនដី ប៉ុន្តែវាមិនពាក់ព័ន្ធនឹងការតាមដានដោយប្រព័ន្ធរ៉ាដា ផ្កាយរណប ឬរូបថតនោះឡើយ។ អ្នកគ្រាន់តែចេញទៅក្រៅផ្ទះនៅចំពេលរាត្រីដែលមានមេឃស្រឡះល្អ អមដោយពន្លឺព្រះចន្ទបន្តិចបន្តួច ហើយរកកន្លែងដែលមានការបំពុលពន្លឺតិចតួចស្តួចស្តើងបំផុត រួចក្រឡេកមើលទៅកាន់តារានៅលំហអាកាស។
ក្រោយមកនៅពេលដែលកែវភ្នែករបស់អ្នកអាចសម្របខ្លួនបាន អ្នកគួរតែអាចមើលឃើញពន្លឺតូចៗដែលធ្វើចលនាយ៉ាងស្មើឆ្លងកាត់ផ្ទៃមេឃ ដែលពួកវាមានទំហំតូចជាងហើយនឹងលឿនជាងយន្តហោះ។ ទាំងនោះគឺជាផ្កាយរណបមួយចំនួនដែលមានទំហំធំ និងស្ថិតក្នុងកម្ពស់ទាបគ្រប់គ្រាន់ អាចឲ្យយើងមើលឃើញពីផែនដី ខណៈវត្ថុតូចៗជាច្រើនផ្សេងទៀតដែលកំពុងរសាត់អណ្តែតជុំវិញភពរបស់យើង មិនអាចឃើញដោយភ្នែកទទេនោះឡើយ៕
ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី