CamNews

ព័ត៌មានបច្ចេកវិទ្យា 

ចិញ្ចៀន “ទិព្វ” បញ្ជាឧបករណ៍ឆ្លាតវៃ ដោយកាយវិការ ពី​ចម្ងាយ

ចិញ្ចៀននេះ អនុញ្ញាតឱ្យគូររូបប្រអប់សំបុត្រ ដើម្បីអានសារ ឬសរសេរសារ សរសេរបទភ្លេង ឬ
គូររូបកាមេរ៉ា ដើម្បីបើកកម្មវិធីថតរូប។

យើងធ្លាប់បានដឹងអំពីប្រភេទចិញ្ចៀនឆ្លាតវៃ អាចប្រាប់ម៉ោង បញ្ជូនសញ្ញាព័ត៌មានថ្មីៗ ពីទូរស័ព្ទ
ប៉ុន្ដែប្រភេទចិញ្ចៀនថ្មីចុងក្រោយនេះ មានលក្ខណៈពិសេស ដោយសារវាអនុញ្ញាត់ឱ្យអ្នកប្រើប្រាស់ បញ្ជាទៅលើឧបករណ៍ឆ្លាតវៃដែលខ្លួនចង់។


ចិញ្ចៀនដែលមានឈ្មោះថា Ring ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនបច្ចេកវិទ្យា Logbar (អាមេរិក)
សម្រាប់ពាក់នៅលើម្រាមដៃចង្អុល។ Ring អាចដំណើរការឧបករណ៍ប្រើប្រាស់ឆ្លាតវៃក្នុងគ្រួសារ
កម្មវិធីសបវែរ និងការទូទាត់វិក័យបត្រជាដើម ដោយគ្រាន់តែប្រើកាយវិការសាមញ្ញៗ។ ចិញ្ចៀន
បច្ចេកវិទ្យានេះ ដំណើរការបានដោយថ្ម និងបំពាក់ដោយសេនសឺរចលនា សេនសឺរកាយវិញ្ញាណ
Bluetooth ភ្លើង LED និងកម្មវិធីរំញ័រ។

ដើម្បីដំណើរការ អ្នកប្រើប្រាស់ ត្រូវចុចទៅលើប៊ូតុងបើក នៅលើចិញ្ចៀន ដើម្បីជ្រើសរើសរបប
ទទួលសារប្រកាសពី Facebook តាមរយៈសញ្ញាញ័រ ឬលើតភ្លើង។ ចិញ្ចៀននេះ អាចភ្ជាប់ប្រព័ន្ធ​
Bluetooth ជាមួយឧបករណ៍ឆ្លាតវៃដទៃ រួមទាំងអំពូលភ្លើងឆ្លាតវៃ ឬទូរទស្សន៍ឆ្លាតវៃជាដើម។
ឧទាហរណ៍ អ្នកប្រើប្រាស់ អាចប្រើម្រាមដៃ ដើម្បីធ្វើសញ្ញា បិទ ឬបើកភ្លើង ឬប្ដូរប៉ុស្តិ៍ទូរទស្សន៍
ទៅតាមចិត្ត។ នៅពេលទូរទាត់វិក័យបត្រ ចិញ្ចៀននេះនឹងភ្ជាប់នឹងទៅកម្មវិធី iBeacon របស់ Apple
ពេលនោះ វាប្រើប្រាស់ប្រព័ន្ធកំណត់ទិស GPS ដើម្បីបញ្ជាក់អំពីហាងដែលអ្នកប្រើប្រាស់កំពុងស្ថិត
នៅ។

បន្ទាប់មក វានឹងតាមដានខ្ទង់ប្រាក់ដែលអ្នកប្រើប្រាស់ សរសេរនៅក្នុងខ្យល់ ដើម្បីរាយការណ៍
ដល់ iBeacon នូវចំនួនទឹកប្រាក់ដែលនឹងត្រូវកាត់យកពីគណនីធនាគារ។ ចុងក្រោយ អ្នកប្រើ
ប្រាស់គ្រាន់តែរង់ចាំការបញ្ជាក់ត្រឡប់វិញ ជាការស្រេច។

យោងតាមក្រុមអ្នកផលិត ចិញ្ចៀន Ring ដំណើរការដោយប្រព័ន្ធ iOS 7, Android 4.4 និងបណ្ដា
ឧបករណ៍ដែលប្រើប្រាស់ Windows Phone។ Ring ក៏អាចស្គាល់កាយវិការចំនួន ១០០០ប្រភេទ
មុនពេលត្រូវប្ដូរថ្ម។

ចិញ្ចៀនរបស់​ក្រុម​ហ៊ុន Logbar (រូប ៖ designnews)


ក្រុមហ៊ុន Logbar កំពុងប្រមូលទុននៅលើទំព័រ Kickstarter.com ហើយតាមគម្រោង ផលិតផល
នេះនឹងត្រូវបានដាក់លក់ក្នុងទីផ្សារ នៅក្នុងខែកក្កដាខាងមុខ ប៉ុន្ដែ អតិថិជនអាចបញ្ជាទិញជាមុន
ក្នុងតម្លៃ ១៤៥ដុល្លារ។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Designnews/Genk