CamNews

សាកសពអតីតរដ្ឋមន្ដ្រីប្រេងលីប៊ីអណ្ដែតតាមទន្លេ

 

នគរបាលអូទ្រីសប្រកាសថា ពួកគេបានប្រទះឃើញសាកសពលោក Shukri Ghanem អតីត
រដ្ឋមន្ដ្រីក្រសួងប្រេងរបស់លីប៊ីនៅក្នុងរបបហ្គាដាហ្វ៊ី អណ្ដែតតាមទន្លេនៅអ៊ឺរ៉ុប។

អ្នកនាំពាក្យរបស់នគរបាលនៃក្រុង Vienna ប្រទេសអូទ្រីស បានថ្លែងថា​ ប្រជាជនម្នាក់បាន
ប្រទះឃើញសាកសពរបស់លោក Ghanem អតីតរដ្ឋមន្ដ្រីក្រសួងប្រេងរបស់លីប៊ីនៅក្នុង
របបហ្គាដាហ្វ៊ី អណ្ដែតក្រោមស្ពានតាមដងទន្លេ Danube ដែលហូរកាត់ក្រុង Vienna ។
សាកសពនេះមិនមានលិខិតស្នាមអ្វីជាប់តាមខ្លួននោះទេ លើកលែងតែក្រដាសមួយដែល
មានឈ្មោះក្រុមហ៊ុនដែលលោកធ្វើការ។ ក្រុមនគរបាលមិនបានរកឃើញថាមានស្លាក
ស្នាមណាមួយដែលបង្ហាញថាលោកត្រូវបានសម្លាប់នោះដែរ។

BBC ដកស្រង់សំដីរបស់លោក Roman Hahslinger អ្នកនាំពាក្យរបស់ក្រុង Vienna ប្រាប់
អោយដឹងថា ៖ "យើងពុំឃើញមានស្លាកស្នាមណាមួយបង្ហាញថា លោក Ghanem ត្រូវ
បានគេច្រានទៅក្នុងទន្លេនោះទេ។ នេះប្រហែលជាគាត់មានកម្លាំងខ្សោយ និងដួលទៅ
ក្នុងទឹក"។

Ghanem អាយុ ៦៩ឆ្នាំ ជាទីប្រឹក្សាអោយក្រុមហ៊ុនមួយដែលមានទីតាំងនៅក្រុង Vienna
រួមជាមួយនឹងក្រុមគ្រួសាររបស់គាត់រស់នៅទីនេះផងដែរ។ តាមការសន្និដ្ឋានរបស់ក្រុម
នគរបាល លោក Ghanem អាចនឹងបានចាកចេញពីផ្ទះនៅ Vienna​ នាពេលព្រឹកថ្ងៃទី ២២
មេសា។

គួររំឮកថា​​ នៅក្នុងរបបហ្គាដាហ្វ៊ី លោក Ghanem ធ្លាប់កាន់តំណែងជានាយករដ្ឋមន្ដ្រីចាប់
ពីឆ្នាំ ២០០៣ ដល់ ២០០៦។ ក្រោយមក ក៏បានធ្វើជារដ្ឋមន្ដ្រីក្រសួងប្រេងរហូតដល់គាត់
រត់ចេញពីប្រទេសនៅឆ្នាំ ២០១១។ លោក Ghanem បានរត់គេចខ្លួនទៅកាន់អ៊ឺរ៉ុបបន្ទាប់ពី
បាតុកម្មប្រឆាំងនឹងលោកហ្គាដាហ្វ៊ីបានក្លាយជាសង្គ្រាមស៊ីវិល។

ប្រភពព័ត៌មានបាននិយាយថា សាកសពរបស់លោក Ghanem នឹងត្រូវបានគេធ្វើកោសល្យ
វិច្ច័យនៅប៉ុន្មានថ្ងៃខាងមុខ៕

ដោយ​ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: gaddafi libya