កាលពីប្រហែល ១ខែមុន ម្ចាស់ទំព័រ Reddit ម្នាក់ ដែលមានរហ័សនាមថា "TweektheGeek"
បានសរសេរចែករំលែកថា ស្មាតហ្វូន Galaxy S4 របស់ខ្លួន បានឆេះ បន្ទាប់ពីបញ្ចូល ១យប់
បើទោះជាគាត់ប្រើប្រាស់ឆ្នាំងសាក និងថ្មរបស់ Samsung ពិតៗ។
ក្រោយមក TweektheGeek បានទាក់ទងទៅកាន់ក្រុមហ៊ុន Samsung ។ បន្ទាប់ពីទទួលបាន
សេចក្ដីរាយការពីអតិថិជន ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនេះ បានសន្យាថា នឹងប្ដូរទូរស័ព្ទថ្មី ឱ្យ
TweektheGeek រួមនឹងប្រអប់មួយសម្រាប់ដាក់ Galaxy S4 ដែលបានឆេះនោះ ផ្ញើត្រឡប់ទៅ
កាន់ក្រុមហ៊ុនវិញ។
Samsung Galaxy S4 ដែលបានឆេះ
បើទោះជាយ៉ាងនេះក្ដី Samsung ហាក់ដូចធ្វើតាមសន្យារបស់ខ្លួនបានត្រឹមតែពាក់កណ្ដាល
ប៉ុណ្ណោះ ព្រោះថា TweektheGeek ទទួលបានតែប្រអប់ទទេ ដោយមិនមាន Galaxy S4 ណា
មួយ នៅខាងក្នុងប្រអប់នេះនោះឡើយ។ ក្រោយពីបរាជ័យក្នុងការទាក់ទងទៅកាន់ Samsung
ជាច្រើនលើក TweektheGeek ក៏បន្តចែករំលែកអំពីរឿងរ៉ាវរបស់ខ្លួន នៅលើទំព័រ Reddit ។
ជាសំណាងល្អ អគ្គនាយករបស់ក្រុមហ៊ុន HTC បានដឹងរឿងរបស់ TweektheGeek ហើយក៏
បានជូន ស្មាតហ្វូន HTC One M8 ថ្មីស្រឡាងមួយគ្រឿងដល់ TweektheGeek ដើម្បីជំនួស
Galaxy S4 ដែលបានឆេះនោះ ដោយមិនមានលក្ខខណ្ឌអ្វីទាំងអស់។ ក្រុមហ៊ុនមកពីតៃវ៉ាន់នេះ
គ្រាន់តែស្នើថា ប្រសិន TweektheGeek ទទួលបាន Galaxy S4 ថ្មី ពី Samsung ហើយចង់លក់
HTC One M8 គឺសូមឱ្យលក់ក្នុងបំណងមនុស្សធម៌។
HTC One M8 និង Samsung Galaxy S4
រឿងរ៉ាវខាងលើ ត្រូវបានគេចាត់ទុកថា ជាសកម្មភាពល្អ និងឆ្លាតវៃរបស់ HTC នៅពេលក្រុម
ហ៊ុននេះ បញ្ចេញស្នាដៃ ដោះស្រាយបញ្ហារបស់គូប្រកួត។ គេមិនទាន់ដឹងថា ពេលណាទើប
Galaxy S4 ថ្មី នឹងត្រូវបានផ្ញើមកកាន់ TweektheGeek នោះទេ ប៉ុន្ដែ ជាក់ស្ដែង Samsung បាន
ធ្វើឱ្យបាត់បង់អតិថិជនម្នាក់ ទៅលើដៃ HTC រួចទៅហើយ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ GsmArena