ក្រោយពីក្រុមអ្នកវិទ្យាសាស្រ្ដបានរកឃើញភពថ្មីមួយដែលនៅក្បែរព្រះអាទិត្យបំផុត និងអាចមាន
មនុស្សភពផ្កាយរស់នៅ គេក៏កំណត់បាននូវគោលដៅដែលត្រូវទៅ នាពេលអនាគត។
ប៉ុន្តែ ធ្វើយ៉ាងណាទើបមនុស្សអាចទៅដល់ភព Proxima b ក្នុងរយៈពេលខ្លី ខណៈដែលរយៈចម្ងាយ
នៃប្រព័ន្ធព្រះអាទិត្យទាំងពីរនៅជិតគ្នា ប៉ុន្តែ វាក៏មានចម្ងាយដល់ទៅ ៤,២ឆ្នាំពន្លឺ? ក្រុមអ្នកស្រាវជ្រាវ
នៃកម្មវិធី Starshot Initiative តម្លៃ ១០០លានដុល្លារអាមេរិករបស់មហាសេដ្ឋីជនជាតិរុស្ស៊ី Yuri
Milner កំពុងស្វែងរកវិធីដើម្បីបញ្ជូនយានអវកាសមួយដែលមានល្បឿនស្មើនឹង ២០% នៃល្បឿនពន្លឺ
ដើម្បីឡើងទៅស្រាវជ្រាវភព Proxima b នេះ ដែលកំពុងវិលជុំវិញផ្កាយ Proxima Centauri ។
ទីតាំងរបស់ផ្កាយ Proxima Centauri ដែលមានភព Proxima b វិលជុំវិញ
យ៉ាងនេះក្ដី ដើម្បីបញ្ជូនយានអវកាសទៅដល់ភព Proxima b ក្រុមអ្នកវិទ្យាសាស្ដ្រនៅមានបញ្ហា
ជាច្រើនត្រូវដោះស្រាយ នោះគឺបញ្ហាដែលទាក់ទឹននឹងល្បឿនដ៏លឿនរបស់យានអវកាស។
ការស្រាវជ្រាវអំពីការហោះហើរក្នុងលំហអវកាសរបស់ Starshot ត្រូវបានធ្វើឡើងដោយតារាវិទូ
ចំនួន៤នាក់ ដោយពួកគេផ្ដោតសំខាន់ទៅលើ ៖ វិធីដើម្បីរក្សាឱ្យយានអវកាសនៅមានរូបរាងដូច
ដើម។ គោលដៅរបស់ Starshot គឺបញ្ជូនយានអវកាសមួយដែលមានល្បឿនស្មើនឹង ២០% នៃ
ល្បឿនរបស់ពន្លឺ។ ជាមួយនឹងល្បឿនបែបនេះ សូម្បីតែធូលីក៏អាចប៉ះពាល់ដល់យាន។
ជាការពិតណាស់ លំហអវកសដែលនៅចន្លោះរវាងព្រះអាទិត្យ និងផ្កាយ Proxima Centauri គឺមិន
មែននៅទទេនោះទេ។ បណ្ដាផ្កាយដែលកើតឡើង សុទ្ធតែមានធូលីអវកាស ឬបណ្ដាគ្រាប់ល្អិត
ដែលហោះហើរគ្មានគោលដៅ។ បណ្ដាគ្រាប់ល្អិតទាំងនេះ គឺអាចបង្កគ្រោះថ្នាក់ដល់យានអវកាស
ដែលមានល្បឿនស្មើនឹង ២០% នៃល្បឿនរបស់ពន្លឺ។ បញ្ហាខាងលើនេះ កំពុងត្រូវបានអ្នកវិទ្យា
សាស្ដ្ររកវិធីដោះស្រាយ។
បញ្ហាចម្បងរបស់យានអវកាសនៅពេលប៉ះទង្គិចជាមួយនឹងគ្រាប់ល្អិត មិនមែនវាធ្វើឱ្យធ្លុះធា្លយ
យានអវកាសនោះទេ ប៉ុន្តែ នៅពេលយានប៉ះទង្គិចជាមួយនឹងគ្រាប់ល្អិតច្រើន ក្នុងរយៈពេលយូរ
វានឹងបង្កជាកំដៅ ហើយយូរៗទៅ យានអវកាសអាចនឹងក្ដៅរហូតដល់រលាយបន្តិចម្ដងៗ។
មកដល់ពេលនេះ អ្នកវិទ្យាសាស្ដ្របានរកឃើញវិធីមួយចំនួនដើម្បីកាត់បន្ថយការប៉ះទង្គិចគ្នារវាង
យានអវកាស និងធូលីអវកាស ក្នុងនោះ មានដូចជា ផលិតយានអវកាសដែលមានរូបរាងដូចគ្រាប់
កាំភ្លើង និងតូចជាងមុន ឬដាក់យានអវកាសនៅខាងក្រោយឧបករណ៍ការពារ។ល។
ផ្កាយ Proxima Centauri មានទំហំប្រហាក់ប្រហែលនឹង Jupiter
នៅពេលយើងមានយានអវកាសដែលមានល្បឿនស្មើនឹង ២០% នៃល្បឿនរបស់ពន្លឺ គឺមិនមែន
មានន័យថា យើងអាចទៅដល់ភព Proxima b នោះទេ ប៉ុន្តែ ជាក់ស្ដែង គឺនៅមានបញ្ហាលំបាកជា
ច្រើន ត្រូវការឱ្យមនុស្សដោះស្រាយ។ ប៉ុន្តែ មិនមែនមានន័យថា មិនអាចដោះស្រាយបាននោះទេ
ហើយយើងសង្ឃឹមថា មនុស្សនឹងទៅដល់ភព Proxima b ក្នុងសតវត្សរ៍នេះ៕
ប្រែសម្រួល ៖ តារា