CamNews

ទូរស័ព្ទ 

សាំស៊ុង ចាប់​ផ្តើម​សាក​ល្បង ដាក់​បញ្ចូល​ភាសា​ខ្មែរ លើ​ទូរស័ព្ទ Galaxy Grand

ភ្នំពេញៈ ទន្ទឹមនឹងការប្រកួតប្រជែង ផ្នែកបច្ចេកវិទ្យាក្នុងតំបន់ កាន់តែមានសន្ទុះខ្លាំងឡើងនោះ
ក្រុមហ៊ុន សាំស៊ុង (Samsung) នៅព្រឹកថ្ងៃចន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៣ បានបង្ហាញពីការសាក
ល្បង ដាក់បញ្ចូលភាសាខ្មែរ សម្រាប់ទូរស័ព្ទ ស្មាតហ្វូនស៊ីម២ Galaxy Grand របស់ខ្លួន ដើម្បី
បង្កើន ភាពងាយស្រួល ក្នុងការប្រើប្រាស់យ៉ាងទូលំទូលាយ ដល់ប្រជាពលរដ្ឋកម្ពុជា ។

នៅក្នុងហាង សៀង លីន ដែលជាតំណាងចែកចាយមួយ របស់ក្រុមហ៊ុន សាំស៊ុង នៅកម្ពុជា
លោក វ៉ាត ឡាំផេង នាយកគ្រប់គ្រងផ្នែកទូរស័ព្ទ និងបច្ចេកវិទ្យានៃក្រុមហ៊ុន Samsung Electronic
សាខាថៃ ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ការដាក់បញ្ចូលនូវភាសាខ្មែរ សម្រាប់ទូរស័ព្ទ Galaxy
Grand នេះ គឺជាការជួយលើកកម្ពស់ភាសាខ្មែរ ក៏ដូចជាបង្កលក្ខណៈងាយស្រួល ក្នុងការប្រើ
ប្រាស់បច្ចេកវិទ្យាទំនើប ជាភាសាជាតិ ។

លោកបានបន្ថែមថា ដើម្បីអភិវឌ្ឍភាសាខ្មែរ លើទូរស័ព្ទ Galaxy Grand ដោយពុំចាំបាច់ Root
ក្រុមហ៊ុន បានសហការជាមួយនឹង អ្នកជំនាញផ្នែកបច្ចេកវិទ្យា មួយក្រុមឈ្មោះថា “Khmer UI
Developer” ដើម្បីរៀបចំកម្មវិធីនេះ ជំនួសឱ្យភាសាបរទេស ដែលកំពុងចរាចរ យ៉ាងទូលំទូលាយ
លើទីផ្សារកម្ពុជាសព្វថ្ងៃ។

លោក ដាញ់ ហុង ដែលជាខ្មែរកម្ពុជាក្រោម តំណាងឱ្យក្រុម “Khmer UI Developer” បានឱ្យដឹង
ថា ការរៀបចំដាក់ឱ្យមានភាសាខ្មែរលើបច្ចេកវិទ្យាទំនើបនេះ គឺជាគោលបំណងមួយរបស់លោក
ក្នុងការអភិវឌ្ឍ ភាសាខ្មែរ សម្រាប់ឱ្យ ប្រជាពលរដ្ឋកម្ពុជា ប្រើប្រាស់ ។

ស្ថាបនិកពុម្ពអក្សរខ្មែរយូនីកូដ (Font Unicode) វ័យ៤២ឆ្នាំរូបនេះ បានបន្ថែមថា “ការពិតយើងជា
ជនជាតិខ្មែរយើង ត្រូវការប្រើភាសាខ្មែរយើង ហើយខ្ញុំធ្វើនេះ ក៏ដើម្បីខ្មែរ” ។ លោកបានស្នើឱ្យ
ប្រជាពលរដ្ឋកម្ពុជា គាំទ្រប្រើប្រាស់ភាសាខ្មែរ នៅលើបច្ចេកវិទ្យាទំនើបទាំងនោះ ដើម្បីជំរុញទឹក
ចិត្ត ដល់កូនខ្មែរនានា ខិតខំបង្កើតអ្វីៗ ដែលថ្មីៗ ជាភាសាខ្មែរឡើង ។ លោកថា ពេលណាមាន
អ្នកគាំទ្រភាសាខ្មែរច្រើន ក៏នឹងជំរុញ ដល់យុវជនខ្មែរ អ្នករៀនព័ត៌មានវិទ្យា (IT) មានការងារធ្វើ
ច្រើននោះដែរ ។

គួរបញ្ជាក់ថា ដើម្បីតម្លើងអក្សខ្មែរ លើទូរស័ព្ទ Galaxy Grand ៖ ជំហានទី១ ត្រូវធ្វើការ ដោនឡូត
(Download) យកភាសានេះ ដោយចូលទៅកាន់ Setting è About Device è Software Update è
Download è Install ហើយបន្ទាប់ពីទូរស័ព្ទ Reboot (បិទបើកស្វ័យប្រវត្តិ) សូមចូលទៅកាន់ជំហាន
ទី២ ដែលជារបៀប ប្តូរភាសា ដោយលោកអ្នក គ្រាន់តែចូលទៅកាន់ Setting è Languages and
Input រួចជ្រើសរើសយក “ខ្មែរ (កម្ពុជា) នោះលោកអ្នកនឹងអាចប្រើប្រាស់ ភាសាខ្មែរ លើទូរស័ព្ទ
Galaxy Grand បានយ៉ាងពេញលេញ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: khmer language galaxy grand samsung smartphone hightech