មកដល់ពេលនេះ គេត្រូវនាំគ្នាសួរថា តើរឿងអ្វីកំពុងកើតឡើងចំពោះវិស័យទូរស័ព្ទចល័ត?
ថ្មីៗនេះ វិស័យបច្ចេកវិទ្យាបាន និងកំពុងតែកក្រើកឡើង ទាក់ទឹននឹងការផ្ទុះឆេះរបស់ Samsung Galaxy Note7។ ប៉ុន្តែ មិនមែនមានតែស្មាតហ្វូនរបស់ Samsung នោះទេ បញ្ហាផ្ទុះនេះក៏កើតមាននៅលើទូរស័ព្ទរបស់ក្រុមហ៊ុនដទៃ។
កាលពីពេលថ្មីៗនេះ មានករណីផ្ទុះស្មាតហ្វូន Xiaomi Mi 4c នៅពេលបុរសម្នាក់ ដាក់ស្មាតហ្វូននេះ នៅក្នុងហោប៉ៅខោក្រោយរបស់ខ្លួន។ ជាលទ្ធផល បុរសម្នាក់នេះត្រូវរលាកគូទ។
ករណីគ្រោះថ្នាក់នេះ ត្រូវបានថតជាប់ដោយកាមេរ៉ាសុវត្ថិភាព។ រូបថតបានបង្ហាញថា ស្មាតហ្វូននេះបានផ្ទុះឆេះនៅត្រង់កន្លែងដាក់ថ្ម។
កាលពីខែកក្កដាកន្លងទៅ ស្មាតហ្វូន Xiaomi Mi4i មួយគ្រឿង ក៏បានផ្ទុះ នៅពេលកំពុងសាកថ្មក្នុងការិយាល័យមួយ នៅឥណ្ឌា។ មិនមានអ្នកណាម្នាក់ត្រូវរងរបួស ប៉ុន្តែ បណ្ដារូបភាពដែលថតបានបង្ហាញថា ករណីនេះនឹងមានគ្រោះថ្នាក់បំផុត បើសិនវាស្ថិតក្នុងដៃរបស់អ្នកប្រើប្រាស់។
មិនដឹងថា ដល់ពេលណាទើបព័ត៌មានអំពីការផ្ទុះទូរស័ព្ទត្រូវបានគេបំភ្លេចចោល ព្រោះថា បច្ចុប្បន្ន ករណីផ្ទុះទូរស័ព្ទត្រូវបានសារព័ត៌មាននានាចុះផ្សាយពាសពេញពិភពលោក។ បច្ចុប្បន្ន អ្នកប្រើប្រាស់ត្រូវតែមានវិធានការការពារខ្លួន នៅពេលប្រើទូរស័ព្ទដៃ។
ប្រែសម្រួល ៖ តារា
ប្រភព ៖ phonearena