យើងមានរយៈពេលជាច្រើនខែទៀត ក្នុងការរង់ចាំ ការចេញលក់ជាផ្លូវការនូវទូរស័ព្ទ iPhone 8 ក៏ប៉ុន្ដែពាក្យចចាមអារ៉ាមអំពីទូរស័ព្ទម៉ូដែលថ្មីនេះ នៅតែលេចចេញឥតឈប់ឈរ នៅលើបណ្ដាញអ៊ីនធឺណិត ជារៀងរាល់ថ្ងៃ។ យើងស្ទើរតែលឺមិនដាច់ពីត្រចៀកនូវពាក្យចចាមអារ៉ាមអំពីខួបលើកទី១០ នៃការឌីហ្សាញ ឬរូបរាងថ្មី និងគុណភាពថ្មនៃទូរស័ព្ទ iPhone ហើយនៅថ្ងៃនេះក៏មិនខុសអ្វី ពីពេលមុនៗដែរ ។ នៅរយៈពេលប៉ុន្មានម៉ោងក្រោយពីគំនូរ CAD ត្រូវបានចែករំលែកដោយអ្នកនិយមបំផុសដំណឹង គឺលោក Benjamin Geskin នោះ ប្រភពដដែលនេះ ក៏បានផ្តល់ឱ្យសារព័ត៌មាន iDrop នូវព័ត៌មានផ្ទៃក្នុងអំពីការឌីហ្សាញទូរស័ព្ទ iPhone 8 ដែរ។
បើយោងតាមរបាយការណ៍ថ្មីនេះ Apple នឹងប្រើប្រាស់ចំនួនកម្មករដើម្បីផលិត iPhone 8 ច្រើនជាង ការផលិតទូរស័ព្ទ iPhone7 មុននេះ។ កម្មកររោងចក្រ ដែលមានចំណេះដឹងជ្រៅជ្រះពីឧបករណ៍ថ្មីបំផុតរបស់ក្រុមហ៊ុន Apple" បានអះអាងថា ទូរស័ព្ទ iPhone 8 និងមានទំហំ 143,59 x 70,94 x 7.57 mm បើយើងប្រៀបធៀបទៅនឹងទូរស័ព្ទ iPhone 7 ដែលមានទំហំតែ 138.3 x 67.1 x 7.1 mm ។ អាចនិយាយបានថា ការផ្តល់ដំណឹងលេចធ្លាយថា ទូរស័ព្ទ iPhone 8 នេះ មានប្រវែងវែងជាង ទំហំធំជាង កម្រាស់ក្រាស់ជាង iPhone 7 គឺអាចជឿជាក់បាន តែយ៉ាងណាក៏ដោយ វានូវតែជាដំណឹងចចាមអារ៉ាមតែប៉ុណ្ណោះ ការពិតនឹងដឹងក្នុងព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីរបស់ Apple ក្នុងពេលខាងមុខនេះ៕
ដោយ៖ សារ៉ាត