ការត្រួតពិនិត្យខ្លឹមសារនៅលើប្រព័ន្ធអ៊ីធឹរណែតរបស់ចិន ទើបតែត្រូវបានរដ្ឋាភិបាលប្រទេសនេះ
ធ្វើការរឹតបន្តឹង ដោយចេញការព្រមានចំពោះគេហទំព័រសារព័ត៌មាន កាសែត និងបណ្ដាញសង្គម
បើសិនព័ត៌មានទាំងនោះមិនទាន់ត្រូវបានត្រួតពិនិត្យខ្លឹមសារ មុនពេលចេញផ្សាយ។
លោក Xu Lin អគ្គនាយកអង្គភាពសន្តិសុខអ៊ីធឺរណែតចិន
សេចក្ដីប្រកាសព័ត៌មានត្រូវបានចេញផ្សាយដោយអង្គភាពគ្រប់គ្រងអ៊ីធឺរណែតចិន បន្ទាប់ពី
លោក Xu Lin ឡើងកាន់កាប់តំណែងអគ្គនាយកអង្គភាពសន្តិសុខអ៊ីធឺរណែតចិន។ ជាក់ស្ដែង
បណ្ដាព័ត៌មានទាំងអស់នៅក្នុងប្រទេសនេះ គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុត ហើយ
បើរដ្ឋាភិបាលមិនបានត្រួតពិនិត្យ នោះព័ត៌មាននឹងមិនត្រូវបានអនុញ្ញាតឱ្យចេញផ្សាយនោះទេ
បើទោះប្រើរូបភាពណាក៏ដោយ។
“គេហទំព័រទាំងអស់ មានតួនាទីចុះផ្សាយព័ត៌មាន ទន្ទឹមនឹងនេះគេត្រូវតាមដានភាពត្រឹមត្រូវរបស់
បណ្ដាប្រភពព័ត៌មានពីបណ្ដាញសង្គម ដូចជា Weibo និង Wechat។ ហាមដាច់ខាតនូវការប្រើ
ប្រាស់ដំណឹងចចាមអារ៉ាមដើម្បីបង្កើតព័ត៌មានបំភ្លៃការពិត” នេះគឺជាឃ្លាមួយដែលដកស្រង់ចេញ
ពីសេចក្ដីប្រកាសរបស់អង្គភាពគ្រប់គ្រងអ៊ីធឺរណែតចិន។
រដ្ឋាភិបាលចិន បានចេញនូវសេចក្ដីប្រកាសខាងលើ សម្រាប់គេហទំព័រនានា និងបានដំឡើង
ចំនួនប្រាក់ពិន័យ បើសិនអង្គការ ឬក្រុមហ៊ុនណាមួយមិនអនុវត្តតាម។ លោក Xu Lin ថ្លែងថា
“គេហទំព័រនានា គ្មានសិទ្ធិចុះផ្សាយនូវព័ត៌មានដែលមិនមានប្រភពច្បាស់ការណ៍ ឬសរសេរ
ព័ត៌មានខុសពីការពិត”។
សេចក្ដីរាយការ ឱ្យដឹងថា បណ្ដាគេហទំព័រល្បីៗមួយចំនួនរបស់ចិន ដូចជា Sina.com, Ifeng.com,
Caijing.com.cn, Qq.com និង 163.com ជាដើម ត្រូវបានគេពិន័យ និងព្រមាន ព្រោះបានចេញផ្សាយព័ត៌មានដែលមិនទាន់ត្រូវបានរដ្ឋាភិបាលត្រួតពិនិត្យ។ បច្ចុប្បន្ន ប្រាក់ពិន័យ មិនទាន់ត្រូវ
បានគេបង្ហើបឱ្យដឹងនៅឡើយ។
សូមបញ្ជាក់ថា តាំងពីយូរណាមកហើយ រដ្ឋាភិបាលចិន បានធ្វើការត្រួតពិនិត្យយ៉ាងតឹងរឹងទៅ
លើប្រព័ន្ធអ៊ីនធឺរណែត។ បណ្ដាគេហទំព័រអន្តរជាតិ ដូចជា Google, Youtube ឬ Facebook ជា
ដើម សុទ្ធតែត្រូវបានរារាំង ដើម្បីទប់ស្កាត់បញ្ហាដែលចិនយល់ថា អាចនឹងនាំគ្រោះថ្នាក់ដល់
ប្រទេសជាតិ ដូចជាភេរវកម្មជាដើម៕
ប្រែសម្រួល ៖ បុត្រា