CamNews

ទូរស័ព្ទ 

លក់ដាច់អស់ស្ទះ! ក្រុមហ៊ុន Huawei លក់ទូរសព្ទ P20 និង Mate 10 មួយមុខៗ បានជាង ១០ លានគ្រឿង

កាលពីខែមិថុនា ក្រុុុមហ៊ុន Huawei បង្ហើបឱ្យដឹងថា ទូរសព្ទម៉ូដែលទំនើប P20 និង P20 Pro លក់ដាច់យ៉ាងសំបើមរហូតដល់ ៦ លានគ្រឿង ចាប់តាំងពីក្រុមហ៊ុននេះ បានប្រកាសលក់នូវទូរសព្ទមូដែលថ្មីនេះលើទៅផ្សារ កាលពីខែមីនា។ ប៉ុន្ដែអ្វី ដែលគួរឱ្យភ្ញាក់ផ្អើល ក្រុមហ៊ុន Huawei បានបញ្ជាក់ថា ការបញ្ជាទិញ កើនឡើងខ្លាំងដល់កម្រិតមួយមិនគួរឱ្យនឹកស្មានដល់។

ដោយគ្រាន់តែប្រើរយៈពេល ៥ ខែក្នុងការលក់ដល់កម្រិតមួយគួរឱ្យភ្ញាក់ផ្អើលនោះ ក្រុមហ៊ុនចិនមួយនេះ បានអះអាងថា ឥឡូវនេះ ខ្លួនបាននិងកំពុងដឹកជញ្ជូន ទូរសព្ទម៉ូដែលទំនើប P20 និង P20 Pro ជាង ១០ លានគ្រឿង តាមការបញ្ជាទិញរបស់អតិថិជន។  ក្រុមហ៊ុន Huawei មិនបានលាតត្រដាងឱ្យដឹងថា តើចំនួនលក់ចុងក្រោយឡើងដល់កម្រិតណានោះទេ បើធៀបនឹងការលក់ម៉ូដែល P10 កាលពីឆ្នាំមុន។ ប៉ុន្ដែ បន្ទាប់ពីធ្វើបច្ចុប្បន្នភាពការលក់ នៅក្នុងខែមិថុនា តួលេខនេះ បានកើនឡើងដល់ ៨១% ទៅហើយ នៅពេលប្រៀបធៀប ទៅនឹងការលក់នៃម៉ូដែលជំនាន់មុនៗ។


ក្រៅពីព័ត៌មាននេះ ក្រុមហ៊ុនផលិតស្មាតហ្វូនលំដាប់ទី ២ មួយនេះ ក៏បានអះអាងផងដែរថា ការលក់ម៉ូដែល Huawei Mate 10 និង Mate 10 Pro ក៏បានឈានដល់ចំនួនជាង ១០ លានគ្រឿងផងដែរ ដោយប្រើរយៈពេលត្រឹម ១០ ខែប៉ុណ្ណោះ ដើម្បីឱ្យឈានដល់កម្រិតនេះ។  ប៉ុន្ដែការផ្ដោតសំខាន់របស់ទូរសព្ទម៉ដែលថ្មីនោះ គឺការបង្ហាញខ្លួនលើទីផ្សារនៃទូរសព្ទ Mate 20 និង  Mate 20 Pro ដែលនឹងប្រកាសលក់លើទីផ្សារជាផ្លូវការ នៅថ្ងៃ ១៦ ខែតុលា នាទីក្រុងឡុងដ៍។

ទូរសព្ទម៉ូដែលថ្មី Mate 20 ត្រូវបានគេរំពឹងថា នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរក្សាជំហររបស់ក្រុមហ៊ុន Huawei ឱ្យឈរនៅលំដាប់ទី ២ ពេញមួយត្រីមាសទី៤ ក្នុងឆ្នាំនេះ ខណៈក្រុមហ៊ុន Apple ឈានមួយជំហានទៀត ក្នុងការដាក់ចេញលក់លើទីផ្សារនូវម៉ូដែល iPhone XS និង XS Plus និងម៉ូដែលតម្លៃធូរថ្លៃរបស់ខ្លួន ៕


ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ phonearena


Tags: Mekongnet