CamNews

ព័ត៌មានបច្ចេកវិទ្យា 

ប្រព័ន្ធអ៊ីនធឺរណែត នឹងត្រូវបានតភ្ជាប់ ទូទាំងប្រព័ន្ធព្រះអាទិត្យ

តាមគម្រោង NASA នឹងអភិវឌ្ឍប្រព័ន្ធ​ទូរគមនាគមន៍ សម្រាប់ទំនាក់ទំនង​រវាង​បណ្ដា​ភព​ក្នុង
ប្រព័ន្ធព្រះអាទិត្យ ដោយវាមានមុខងារ​ដូចទៅនឹងប្រព័ន្ធអ៊ីនធឺរណែត​នៅលើផែនដី។

យោងតាម UPI អង្គការ NASA កំពុងតែដំឡើង​សបវ៉ែរនៅលើស្ថានិយអវកាសអន្តរជាតិ(ISS)
ដើម្បីជួយឱ្យការទំនាក់ទំនង​ប្រព្រឹត្តិទៅបានល្អ និងងាយស្រួលជាងមុន។ ប្រការនេះក៏នឹង​បង្កើត
បានជាគ្រឹះមួយដើម្បី​បង្កើត​ប្រព័ន្ធអ៊ីនធឺរណែត​ដែលគ្របដណ្ដប់ទូទាំងប្រព័ន្ធព្រះអាទិត្យ​នា
ពេលអនាគត។

ប្រព័ន្ធ​ទូរគមនាគមន៍រវាង​បណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ (រូបភាព NASA)

វិធីបញ្ជូនព័ត៌មានថ្មី ត្រូវបានគេហៅថា ប្រព័ន្ធទប់ទល់នឹងការ​រអាក់រអួល (Disruption Tolerant
Networking - DTN) ដែលត្រូវបានបន្ថែមពីលើប្រព័ន្ធ TReK (Telescience Resource Kit) របស់
ISS។ TReK គឺជាប្រព័ន្ធ​សបវ៉ែរ ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់​ផ្ញើ និងទទួលព័ត៌មានពីមូលដ្ឋាន
នៅលើដី ទៅចំនុចបញ្ជូនសញ្ញានៅ ISS ដែលមានចម្ងាយ ៤០០​គីឡូម៉ែត្រ​ពីផែនដី។

នៅលើផែនដី ព័ត៌មាន​ត្រូវបានបញ្ជូនពីកន្លែងមួយទៅកន្លែងមួយ នៅលើប្រព័ន្ធអ៊ីនធឹរណែត
តាមរយៈបណ្ដា node ឬទីតាំងប្រសព្វដើម្បីបញ្ជូន និងទទួលព័ត៌មាន។ វាត្រូវការការតភ្ជាប់ជា​
បន្តបន្ទាប់ ក្នុងពេលបញ្ជូន និងទទួលទិន្នន័យ។

ក្នុងអវកាស ការបញ្ជូន និងទទួលទិន្នន័យ អាចនឹងត្រូវរអាក់រអួល ដោយសារតែផ្កាយរណប និង
បណ្ដាភព មានការបម្លាស់ទីជាបន្តបន្ទាប់។ ចំពោះប្រព័ន្ធ DTN បណ្ដាទិន្នន័យ​នឹងត្រូវបញ្ជូនទៅ
តាមជំហានលោតខ្លីៗ​រវាង​បណ្ដា node ដែលអាចជាផ្កាយរណប ឬមូលដ្ឋានបញ្ជូនបន្ត។ DTN
រក្សាទុកទិន្នន័យ ហើយវានឹងបញ្ជូនទៅ លុះណាតែ​ node មួយបានតភ្ជាប់ដោយសុវត្ថិភាពជាមួយ
នឹង node បន្ទាប់។ ដូច្នេះហើយ ទើបវាអាចជួយ​ឱ្យកញ្ចប់ទិន្នន័យមិនត្រូវបាត់បង់ ហើយកំហុស
ឆ្គងក៏កើតឡើងក្នុងកម្រិតទាប។

វិធីបញ្ជូនទិន្នន័យ​ថ្មីនេះ នឹងត្រូវបានគេដំឡើងនៅលើផែនដី​ក្នុងពេលឆាប់ៗខាងមុខ ពិសេសគឺ
កន្លែងអ៊ីនធឺរណែតមានការរអាក់រអួល ដូចជាតំបន់មានព្យុះភ្លៀង។ល។ ហើយមិនយូរប៉ុន្មាននោះ
ទេ​ ប្រព័ន្ធនេះនឹងត្រូវបានបំពាក់នៅលើបណ្ដាភពក្នុងប្រព័ន្ធព្រះអាទិត្យ​។

វិធីដំណើរការរបស់ប្រព័ន្ធថ្មី ដែលហៅថា Disruption Tolerant Networking

Vinton Gray Cerf អគ្គនាយករង​របស់ Google បាន​ឱ្យដឹងថា ៖ “បទពិសោធ​របស់យើងខ្ញុំ​ជាមួយ
ប្រព័ន្ធ DTN នៅលើស្ថនិយអវកាសអន្តរជាតិ គឺនាំឱ្យមានការប្រើប្រាស់ផ្សេងៗនៅលើផែនដី
ពិសេស​គឺការបញ្ជូនព័ត៌មាន​បែបចល័ត ក្នុងនោះ បណ្ដា​តំណភ្ជាប់ អាចនឹងមិនមានស្ថេរភាព និង
ខ្វះខាតជាបន្តបន្ទាប់”។

ប្រែសម្រួល ៖ តារា


Tags: NASA​ ប្រព័ន្ធអ៊ីនធឺរណែត ភព ប្រព័ន្ធព្រះអាទិត្យ