បច្ចុប្បន្ន មានហាងកែសម្ផស្សជាច្រើនបានបើកទ្វារបម្រើអតិថិជន ហើយថែមទាំងបានធ្វើការ
ផ្សព្វផ្សាយគួរជាទីទាក់ទាញទៀតផង ពួកគេមានលក់ផលិតផលគ្រប់បែបគ្រប់ប្រភេទ ទាំងមាន
គុណភាពល្អ ទាំងក្លែងក្លាយ ជាហេតុនាំឱ្យមានការលំបាកជាច្រើនចំពោះអ្នកប្រើប្រាស់ ក្នុងនោះ
មានថ្នាំបំបាត់រោមជាដើម។
ធម្មជាតិបានបង្កើតមនុស្សឱ្យមានដុះរោមនៅលើរាងកាយ។ រោមត្រង់កន្លែងខ្លះ មនុស្សត្រូវការ
ប៉ុន្ដែត្រង់កន្លែងខ្លះទៀត មនុស្សយើង មិនត្រូវការនោះឡើយ។ បច្ចុប្បន្ននេះ រោមដើរតួនាទីជា
សំខាន់ទាក់ទងនឹងរូបសម្រស់។ រោមចិញ្ចើម និងរោមភ្នែកដុះវែង ជួយសម្រស់ផ្ទៃមុខ។ រោមនៅ
លើដងខ្លួន និងដៃជើងរបស់បុរស ជួយលើកសម្រស់ រីឯស្ដ្រីវិញមិនស្វាគមន៍ឡើយ។
ស្ដ្រីមួយចំនួនសម្រេចចិត្ដជម្រុះរោមនោះចេញ ជាពិសេសរោមជើង ដោយស្វែងរកវិធីផ្សេងៗ។
វិធីបំបាត់រោមមានជាច្រើនប្រភេទ ដូចជាការដករោម ការកោររោម ដោយឡាម កាំបិតកោរ ឬ
ដោយម៉ាស៊ីនកោរ ការជម្រុះរោមដោយថ្នាំក្រែម ដកដោយក្រមួន ប្រដាប់ដកអេឡិកត្រូនិចជា
ដើម។ ម្យ៉ាងទៀត មានវិធីបំបាត់រោមមួយរយៈខ្លី ឬមួយរយៈយូរទៀតផង។ ដូច្នេះប្រសិទ្ធភាព
ដែលក្នុងការបំបាត់រោម ពិតជាពិបាកកំណត់ថាមានរយៈខ្លី ឬរយៈយូរ ឬរហូតតែម្ដងនោះទេ។
ចំពោះវិធីសាស្ដ្រនីមួយៗ ក៏ជាអ្នកកំណត់ប្រសិទ្ធភាពផងដែរ។ ដូច្នេះ អ្នកមានបទពិសោធយ៉ាង
ណាល្អ ចូរបន្ដធ្វើបែបនោះ ប៉ុន្ដែមុននឹងធ្វើការបំបាត់រោម អ្នកគួរតែទៅជួបអ្នកជំនាញការផ្នែក
សុខភាពទើបជាការប្រសើរ៕
ដោយ ៖ សីហា
ប្រភព ៖ LD/HC