កុំព្យូទ័រ ៖ វីរុស WannaCry បានវាយប្រហារតាមអ៊ីនធឺណិតទូទាំងពិភពលោក កាលពីថ្ងៃសុក្រសប្តាហ៍មុនមកម្ល៉េះ ដោយធ្វើឱ្យម៉ាស៊ីនកុំព្យូទ័រគាំងជាច្រើន និងលួចយកឯកសារសំខាន់ៗផ្សេងទៀត។ អ្នកប្រើប្រាស់តម្រូវឲ្យបង់ប្រាក់ប្រមាណ 300 ដុល្លារតាមរយៈ Bitcoin ប្រសិនបើចង់បានឯកសាររបស់ពួកគេមកវិញ។
ការវាយប្រហារនេះបានរីករាលដាលទៅកាន់ប្រមាណជាង ១៥០ប្រទេស រួមទាំងអាស៊ីផងដែរ។ ហេតុនេះអ្នកប្រើប្រាស់កុំព្យូទ័រទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ចៀសវាងពីការវាយប្រហារដោយវីរុស WannaCry។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តដែលអ្នកគួរអនុវត្តន៍ ដើម្បីកុំឲ្យវីរុស WannaCry លួចយកឯកសារពីកុំព្យូទ័ររបស់អ្នកបាន។
1. Update Windows ឥលូវនេះ
ប្រសិនបើអ្នកកំពុងប្រើប្រាស់ Window ដែលមាន version ថ្មីបំផុត អ្នកពុំបាច់ភ័យព្រួយពីវីរុសនេះទេ។ វីរុស WannaCry នឹងធ្វើការវាយប្រហារលើ Window ដែលមិនទាន់ update version ព្រោះ Window នោះពុំមានសមត្ថភាពការពារ ប្រឆាំងនឹង malware ប្រភេទនេះទេ។
2. បើក Windows Update ប្រសិនបើវាត្រូវបានបិទ
វាជារឿងធម្មតាទៅហើយ ដែលអ្នកប្រើប្រាស់តែងតែបិទ Microsoft's automatic updates ពីព្រោះវាតែងតែធ្វើការ auto-install។ ប៉ុន្តែអ្នកត្រូវតែទៅបើកវាឥលូវនេះ ដោយចូលទៅកាន់ Control Panel ហើយបើកវាឡើងវិញ ដើម្បីធ្វើឲ្យកុំព្យូទ័រអ្នកមានសុវត្ថិភាព។
3. តំឡើង dedicated ransomware blocker
កម្មវិធី Cybereason Ransomfree ឬ Malwarebytes Anti-Ransomware ត្រូវបានបង្កើតឡើង ដើម្បីបញ្ឍប់នូវមេរោគដូចជា វីរុស WannaCry។ បើអ្នកពុំបាន update កម្មវិធីកម្ចាត់មេរោគក្នុងកុំព្យូទ័រ កុំសង្ឃឹមថាវាអាចការពារឯកសារ ពីវីរុស WannaCry បាន។ ដូចនេះ បើអ្នកគិតថាកុំព្យូទ័រអ្នកគ្មានកម្មវិធីទាំងនោះទេ អ្នកគួរតែតំឡើងកម្មវិធី Cybereason Ransomfree ឬ Malwarebytes Anti-Ransomware ឥលូវនេះ។
4. តាមដានការផ្លាស់ប្តូរ
បើទោះបីជាអ្នក បាន update និងតំឡើងកម្មវិធីការពារនានាក៏ដោយ ក៏មិនប្រាកដថាអ្នកត្រូវបានការពារ១០០ភាគរយដែរ។ មិនតែប៉ុណ្ណោះ អ្នកពុំគួរចុចទៅលើតំណភ្ជាប់ (link) ណាមួយពី សារអេឡិចត្រូនិច ឬ វេបសាយ ដែលអ្នកពុំស្គាល់ច្បាស់នោះទេ។
គួរបញ្ជាក់ផងដែរថា Operating system (OS) ដែលអាចប៉ះពាល់ មានដូចជា៖ Windows 8, Windows XP និង Windows Server 2003។ បើអ្នកប្រើ Operating system (OS) ផ្សេងទៀត អ្នកគួរតែធ្វើការ Update វាជាទៀងទាត់។ សម្រាប់អ្នកដែលប្រើប្រាស់ MacOS, ChromeOS ឬ Linux និងទូរស័ព្ទប្រើកម្មវិធី iOS និង Android អ្នកពុំបាច់ភ័យព្រួយពីការវាយប្រហារទាំងនេះទេ ៕
ប្រភព៖ CNET
ប្រែសម្រួល ៖ High