CamNews

កីឡាអន្តរជាតិ 

ក្លឹបចិនមួយ ហ៊ានឲ្យតម្លៃខ្លួន​ Ronaldo​ រហូតដល់​ទៅ ២៥០​លានផោន​ ដើម្បីផ្ទេរ​ចេញពី Real Madrid

(ប៉េកាំង)៖ ក្លឹបលេងក្នុងលីគកំពូលរបស់ចិនមួយ ដែលមិនត្រូវបានគេបញ្ចេញឈ្មោះនោះ បានហ៊ានឲ្យតម្លៃខ្លួនកីឡាករ ខ្សែប្រយុទ្ធជួរមុខ Cristiano Ronaldo រហូតដល់ទៅ ២៥០លានផោន ដើម្បីផ្ទេរចេញពីក្លឹបស្តេចស Real Madrid របស់អេស្ប៉ាញ។

ទោះជាច្រើនយ៉ាងនេះក្តី ក៏ភ្នាក់ងារនៃការទិញ-ដូរ Jorge Mendes របស់កីឡាករវ័យ៣១ឆ្នាំ ជនជាតិព័រទុយហ្គាល់ មិនចាប់អារម្មណ៍ឡើយ ខណៈដែលប្រាក់ខែរបស់កីឡាករលំដាប់លេខ២ ពិភពលោកមួយនេះនៅ Real Madrid ទទួលបាន ៨៥លានផោនហើយនោះ នេះបើយោងតាមសារព័ត៌មាន BBC របស់អង់គ្លេសចេញផ្សាយព្រឹកនេះ។

ភ្នាក់ងារ Mendes បានថ្លែងប្រាប់សារព័ត៌មាន Sky Italia របស់អ៊ីតាលីថា «បច្ចុប្បន្នមានក្លឹបមួយនៅចិន ហ៊ានឲ្យតម្លៃ ខ្លួន Ronaldo រហូតដល់ ២៥៧លានផោន ដោយទទួលបានជាង ១០០លានផោនក្នុង១ឆ្នាំ ដើម្បីបំពេញការផ្ទេរកីឡាករជើងខ្លាំងព័រទុយហ្គាល់មួយនេះ»

ប្រភពតាមសារព័ត៌មានខាងលើដដែលបានបន្តថា តាមរយៈការឲ្យតម្លៃខ្លួនដ៏ច្រើនមហាសាលនេះ Ronaldo នឹងទទួល បានប្រាក់ឈ្នួលប្រចាំសប្តាហ៍ ១,៦លានផោន ច្រើនជាងកីឡាករខ្សែបម្រើប្រយុទ្ធ Paul Pogba ផ្ទេរចេញពីក្លឹប Juventus ទៅកាន់ក្លឹបអង់គ្លេស Manchester United ក្នុងតម្លៃខ្លួន ៨៩លានផោនថ្លៃជាងគេនោះ។

តែយ៉ាងណាមិញ ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ កម្ពស់ ១,៨៥ម៉ែត្រ Cristiano Ronaldo ក៏ធ្លាប់បានថ្លែងដែរ ថា រូបលោកអាចលេងបានតែរយៈពេល ១០ឆ្នាំទៀតប៉ុណ្ណោះ គ្រាដែលកិច្ចសន្យារបស់គាត់នៅក្នុងក្លឹបអ្នកមាន Real Madrid នឹងផុតកំណត់រហូតដល់ឆ្នាំ២០២១ បន្ទាប់ពីរូបគាត់ទើបតែបានបន្តកិច្ចសន្យាបន្ថែមទៀតកាលពីខែមុន៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Ronaldo