CamNews

ព័ត៌មានអន្តរជាតិ 

វគ្គជម្រុះជុំចុងក្រោយ World Cup 2018 ប្រចាំទ្វីបអាស៊ី ចាប់ផ្តើមថ្ងៃទី០១ កញ្ញា មានតែថៃ រីឯវៀតណាម ហាល

(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់វគ្គជម្រុះពានរង្វាន់ជើងឯកពិភពលោក World Cup 2018 នឹងចាប់ផ្តើមជើង​ទី​១ ប្រ​ចាំ​ទ្វីប​អា​ស៊ី (AFC) ដែល​ជា​ជុំ​ចុង​ក្រោយ​គេ មុន​ទៅ​លេង​វគ្គ​ផ្តាច់​ព្រ័ត្រ ៣២​ក្រុម​ចុង​ក្រោយ​នៅប្រទេសរុស្ស៊ី ក្នុងរយៈពេល២ឆ្នាំខាងមុខទៀត។

តាមរយៈគេទំព័រកីឡាបាល់ទាត់ប្រចាំទ្វីបអាស៊ី AFC បានឲ្យដឹងថា ការប្រកួតជើងទី១ នៃជុំទី៣ចុងក្រោយគេនេះ នឹង​ចាប់​ផ្តើម​ប្រកួត​​​ពី​​ថ្ងៃ​ទី​០១ ខែ​កញ្ញា​ខាន​ស្អែក​នេះ​ហើយ ដោយនៅសល់តែ១២ប្រទេសប៉ុណ្ណោះបានឡើងដល់ជុំ ផ្តាច់ព្រ័ត្រនេះ ដោយក្រុមជម្រើសជាតិកម្ពុជា និងវៀតណាម សុទ្ធតែធ្លាក់ក្នុងជុំទី២ទាំងអស់ មានតែថៃមួយទេដែល បានឆ្លងផុត ដែលត្រូវប្រជែងជាមួយក្រុមជម្រើសជាតិអូស្រ្តាលី ជប៉ុន អារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងអ៊ីរ៉ាក់ ពីក្នុងពូល B ធ្វើការប្រកួត២ជើងដូរទឹកដីគ្នា។

សម្រាប់ពូល A វិញក៏មាន៦ក្រុមដែរ គឺជម្រើសជាតិអ៊ីរ៉ង់ កូរ៉េខាងត្បូង អ៊ូសបេគីស្ថាន ចិន កាតា និងស៊ីរី។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ​គឺ ក្រុម​ជម្រើស​ជាតិ​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ ៣២ក្រុមចុងក្រោយនៃ World Cup 2014 នៅប្រទេសប្រេស៊ីលមាន អ៊ីរ៉ង់ កូរ៉េខាងត្បូង អូស្រ្តាលី និងជប៉ុន សុទ្ធតែឡើងមកដល់ជុំទី៣នេះដូចគ្នា ខណៈដែលក្រុម ឈរនៅលេខ១ និងលេខ២ ទាំង២ពូល ឈ្នះកៅអីទៅលេង World Cup 2018 នៅរុស្ស៊ី គ្រាដែលលេខ៣ ពូល A និង ពូល B ប្រកួត​​២ជើង​ទៀត ដើម្បី​ស្វែង​រក​ក្រុម​ឈ្នះ​ទៅ​ប្រកួត​ជម្រុះ​ជា​មួយ​ក្រុម​ស្ថិត​នៅ​តំបន់​អាមេរិក​ខាង​ជើង (CANCACAF) ជា​បន្ត​ទៀត ដើម្បី​យក​១​កៅ​អី​ទៀត​។

សូមបញ្ជាក់ផងដែរថា សម្រាប់កៅអី World Cup ទ្វីបអាស៊ីត្រូវបាន FIFA ឲ្យកៅអី ៤កន្លះ ខណៈដែលប្រទេសម្ចាស់​ផ្ទះ​ព្រឹត្តិ​ការណ៍​បាល់​ទាត់​ពិភព​លោក រយៈ​ពេល​៤​ឆ្នាំ​មាន​ម្តង​នេះ ផ្តល់អាទិភាពមានកៅអី១រួចជាស្រេច រង់ចាំប្រកួតតែ ម្តង៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: World Cup 2018