CamNews

ព័ត៌មានបច្ចេកវិទ្យា 

NASA ៖ រូងថ្មលើព្រះចន្ទ នឹងជាទីតាំងរស់នៅ របស់មនុស្ស

ផ្ទៃខាងលើរបស់ព្រះចន្ទ មិនត្រឹមតែមានមាត់ភ្នំភ្លើងច្រើននោះទេ ប៉ុន្ដែវាក៏មានរណ្ដៅធំ ជា
ច្រើនផងដែរ។ យោងតាម NASA បណ្ដារូងថ្មទាំងនេះ អាចជាកន្លែងជ្រោករបស់អវកាសចរ
នាពេលអនាគត។

ផ្កាយរណបតាមដានព្រះពន្ទ LRO របស់ NASA បានរកឃើញរណ្ដៅធំៗចំនួន ២០០ នៅលើ
ផ្ទៃដីព្រះចន្ទ។ រណ្ដៅទាំងនេះ មានអង្កត់ផ្ចិតចាប់ពី ៥ ម៉ែត្រ ដល់ ៩០០ម៉ែត្រ ហើយវាប្រហែល
ជាកើតឡើង ដោយសារតែរណ្ដៅជ្រៅក្រោមផ្ទៃដីព្រះចន្ទ បាក់ស្រុត។ NASA ឱ្យដឹងថា បណ្ដា
រូងនេះ បានកើតឡើងដោយសារកំអែភ្នំភ្លើងកាលពីអតីតកាល។

Robert Wagner អ្នកស្រាវជ្រាវម្នាក់ មកពីសកលវិទ្យាល័យ Arizona State ដែលធ្លាប់បានរក
ឃើញរណ្ដៅទាំងនេះ អះអាងថា ៖ “តំបន់រស់នៅ ក្នុងរណ្ដៅព្រះចន្ទដែលមានជម្រៅ ១០ -២០
ម៉ែត្រនឹងក្លាយជាទីតាំងសុវត្ថិភាព សម្រាប់ក្រុមអវកាសចរ ៖ គ្មានវិទ្យុសកម្ម គ្មានដុំអាចម៍ផ្កាយ
តូចៗធ្លាក់ មានធូលីតិចតួចបំផុត ហើយកំដៅពេលថ្ងៃ ក៏មិនខុសគ្នាប៉ុន្មាន ធៀបនឹងពេលយប់”។

ក្រោយពី NASA កំណត់បានទីតាំងនៃបណ្ដារណ្ដៅនេះ ក្រុមអ្នកវិទ្យាសាស្ដ្រកំពុងមានសង្ឃឹមថា
នឹងអាចស្រាវជ្រាវពួកវា ឱ្យបានច្បាស់ជាងបច្ចុប្បន្ន។ យោងតាម Robert Wagner វិធីល្អបំផុត
គឺការបញ្ជូនមនុស្សយន្ដ ចូលទៅខាងក្នុងមាត់រណ្ដៅ។

បច្ចុប្បន្ន ក្រុមស្រាវជ្រាវរបស់ Robert Wagner កំពុងបន្តស្វែងរកមាត់ភ្នំភ្លើងព្រះចន្ទ ដែលគេ
ជឿថា អាចនឹងមានច្រើនជាងនេះ។ ការរកឃើញរណ្ដៅទាំងនេះ គឺជាប្រការសំខាន់ អាចបញ្ជូន
មនុស្សត្រឡប់ទៅកាន់ព្រះចន្ទម្ដងទៀត ព្រមទាំងអាចរស់នៅទីនោះ បានយូរជាងមុន។ ក៏ប៉ុន្ដែ
កាលពីខែមិនាកន្លងទៅ ប្រធានាធិបតីអាមេរិក បានប្រកាសថា អាមេរិកកំពុងមានគម្រោងនឹង
បញ្ជូនមនុស្សទៅកាន់ភពអង្គារ និងភពផ្សេងៗ ហើយព្រះចន្ទ គឺជាអាទិភាពចុងក្រោយ។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Nasa/Theverge


Tags: Robert Wagner moon NASA caves