CamNews

ព័ត៌មានបច្ចេកវិទ្យា 

កម្មវិធីជជែកលើ Facebook ជិតនឹងត្រូវបានគេ លុបចោល

ដើមសប្ដាហ៍នេះ Facebook បានអះអាងថា នឹងលុបចោលមុខងារ chat ចេញពីបណ្ដាកម្មវិធី
ដែលដំណើរការនៅលើឧបករណ៍ចល័ត នាប៉ុន្មានថ្ងៃខាងមុខ។ អ្នកលេង Facebook តាមរយៈ
ស្មាតហ្វូន គួរត្រៀមខ្លួន ដើម្បីទាញយក Messenger មកជំនួស។

អ្នកនាំពាក្យរបស់ Facebook ឱ្យដឹងថា ៖ “ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត យើងនឹងចេញ
សេចក្ដីប្រកាសមួយ ដល់អ្នកប្រើប្រាស់ថា ប្រសិនពួកគេចង់ទទួល ឬផ្ញើសារតាម Facebook
ពួកគេត្រូវតែទាញយកកម្មវិធី Messenger” ។

គម្រោងនេះ ត្រូវបានប្រកាសតាំងពីខែមេសា ហើយកំពុងត្រៀមអនុវត្ត  នៅលើកម្មវិធីរបស់
Facebook សម្រាប់ iOS និង Android ។  អ្នកលេង   Facebook ដែលប្រើប្រាស់កំណែ Web
(លេងតាមកុំព្យូទ័រ) គឺនៅតែអាចប្រើប្រាស់កម្មវិធី chat នេះ ដូចធម្មតា។

គួររំលឹកថា កាលពីដើមឆ្នាំនេះ Facebook បានទិញយក   WhatsApp (សេវាកម្ម ដូចទៅនឹង
Messenger) ក្នុងតម្លៃដល់ទៅ ១៩.០០០.០០០.០០០ដុល្លារអាមេរិក។ ដូច្នេះ គោលបំណងរបស់ បណ្ដាសង្គមធំបំផុតក្នុងពិភពលោកមួយនេះ គឺប្រែក្លាយ Messenger ទៅជាសេវាកម្មផ្ញើ និង
ទួលសារចល័ត លំដាប់កំពូល និងដើម្បីជៀសវាង ការផ្ដល់សេវាកម្ម ២ ដូចគ្នា។ សកម្មភាពនេះ
នឹងជួយបង្កើនចំនួនអ្នកប្រើប្រាស់ Messenger បន្ថែមទៀត (បច្ចុប្បន្ន អ្នកប្រើប្រាស់ភាគច្រើន
នៅតែជ្រើសរើសឧបករណ៍ chat ដែលមានស្រាប់នៅលើ Facebook)។

ក្នុងកិច្ចប្រជុំរាយការណ៍អំពីហិរញ្ញវត្ថុ កាលពីសប្ដាហ៍មុន CEO របស់ Facebook លោក Mark
Zuckerberg ក៏បានសង្កត់ធ្ងន់ថា ពួកគេកំពុងតែចាត់ទុក Messenger ថា ជាផ្នែកពាណិជ្ជកម្ម
សំខាន់។ កម្មវិធី Messenger មានអ្នកប្រើប្រាស់ជាង ២០០លាននាក់ ជារៀងរាល់ខែ គឺស្មើនឹង
១/៥ នៃសមាជិកសរុបរបស់ Facebook ។ ក្រៅពីផ្ញើ និងទទួលសារ កម្មវិធី Messenger ក៏បាន
អនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការហៅទូរស័ព្ទ តាមរយៈការតភ្ជាប់អ៊ីនធឺរណែត ជជែកជាក្រុម ឬ
ចែករំលែករូបថត វីដេអូ ។ល។


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ pcworld


Tags: Facebook Messenger chat iOS and Android