CamNews

ជីវិត និងការងារ 

កូរ៉េខាងជើង ៖ មិន​យំ​ស្រណោះ​មេដឹកនាំ​ប្រទេស គឺ​ត្រូវ​មានទោស

តាំងតែ​ពី​តូច ជនជាតិ​កូរ៉េខាងជើង ត្រូវបាន​បង្រៀន​ឱ្យមាន​ការគោរព​ចំពោះ​មេដឹកនាំ​ប្រទេស​របស់ខ្លួន ជាង​គោរព​ពុក​ម្ដាយ ប្រសិន​មិនអាច​ធ្វើ​បានល្អ​នូវ​ប្រការនេះ ពួកគេ​ប្រាកដជា​ត្រូវ​ទទួលទោស។


យំ “មិន​ស្មោះត្រង់” ក៏ត្រូវ​នាំខ្លួន​ទៅ​រៀនសូត្រ?

ទំព័រ NBC News របស់​អាមេរិក ធ្លាប់បាន​ដកស្រង់​ព័ត៌មាន ពី Daily NK ឱ្យដឹងថា ប្រជាជន​កូរ៉េ​ខាង​ជើង ប្រសិន​មិន​យំ ឬក៏​យំ​មិន​ស្មោះត្រង់ ក្នុងអំឡុង​ពិធីបុណ្យ​សព​អតីត​មេដឹកនាំ Kim Jong Il គឺ​សុទ្ធតែ​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​រៀនសូត្រ ធ្វើ​ពលកម្ម នៅ​តំបន់​ដាច់ស្រយាល​និង​រស់នៅ​ឆ្ងាយ​ពី​ក្រុមគ្រួសារ។

ប្រភពព័ត៌មាន​ពី​ខេ​ត្រ Hamkyung ខាងត្បូង ឱ្យដឹងថា ៖ “ក្រុម​សមត្ថកិច្ច​បានចេញ​បញ្ជា​ឱ្យ​ចាប់ខ្លួន និង​ដាក់ពិន័យ​ឱ្យទៅ​ពលកម្ម យ៉ាងតិច ៦ខែ ចំពោះ​អ្នកណា​ដែល​មិនបាន​ចូលរួម​ពិធី​បុណ្យសព​របស់​មេដឹកនាំ​ជាតិ ឬ​បាន​ចូលរួម ប៉ុន្ដែ​មិន​យំ ឬមួយ​យំ តែ​យំ​មិន​ស្មោះត្រង់។
 
យ៉ាងនេះ​ក្ដី កូរ៉េខាងជើង បាន​បញ្ចេញ​ប្រតិកម្ម បដិសេធ​ព័ត៌មាន​នេះ ហើយ​ថា វា​គ្រាន់តែ​ជា​ល្បិច​របស់​ក្រុម​សារព័ត៌មាន​កំសាក ស្ថិតក្រោម​ការ​គ្រប់​គ្រង់​របស់​ក្រុម​ក្បត់ ដែលមាន​ទំនាក់ទំនង​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង ដែល​ពេលនោះ គឺ​លោក Lee Myung Bak ។

លោក Hwang Jang Yop អតីតមន្ដ្រី​ម្នាក់​របស់​កូរ៉េខាងជើង បច្ចុប្បន្ន រស់នៅ​បរទេស បាន​បង្ហើប​ឱ្យដឹងថា ការដាក់ទោស​ប្រហាក់ប្រហែល​នេះ បាន​កើតឡើង​ចំពោះ​ប្រជាជន​កូរ៉េខាងជើង កាលពី​ជំនាន់​មេដឹកនាំ Kim Il Sung ទទួលមរណភាព ឆ្នាំ ១៩៩៤ ។ លោក​បន្ដថា ៖ “បក្ស​នឹងធ្វើ​ការ​ស្រាវ​ជ្រាវ រកឱ្យឃើញ​ថា អ្នកណា​មានទុក្ខ​ព្រួយ​បំផុត ហើយ​ថា នោះ​គឺជា​គោលការណ៍​សំខាន់​ដើម្បី​វាយតម្លៃ​លើ​ការស្មោះត្រង់​របស់​បក្ស​ជន។ ចំណែក​អ្នក​ផឹកស្រា និង​បង្ហាញ​អំពី​ការ​សប្បាយ​រីក​រាយ បន្ទាប់ពី​បានឮ​ដំណឹង​មេដឹកនាំ​ទទួលមរណភាព សុទ្ធតែ​ត្រូវបាន​ដាក់ទោស” ។


ត្រូវ​កាត់ទោស​ប្រហារជីវិត ព្រោះ​ផឹកស្រា​ក្នុងអំឡុងពេល​កាន់ទុក្ខ​មេដឹកនាំ​ប្រទេស

អ្វីដែល​លោក Hwang Jang Yop បាន​និយាយ ប្រហែលជា​មិនមែន​បំផ្លើស​នោះទេ។ កាលពី​ខែមករា ឆ្នាំ ២០១២ សារព័ត៌មាន​កូរ៉េខាងត្បូង និង​អឺរ៉ុប បាន​រាយការណ៍​ថា អនុរដ្ឋមន្ដ្រី​នៃ​ក្រសួងការពារជាតិ​កូរ៉េខាងជើង លោក Kim Chol ត្រូវបាន​ប្រហារជីវិត ដោយសារតែ​ផឹកស្រា​ក្នុងអំឡុងពេល​កាន់ទុក្ខ ១០០ថ្ងៃ នៃ​សព​លោក Kim Jong Il ។

សារព័ត៌មាន​កូរ៉េខាងត្បូង ក៏បាន​ឱ្យដឹងថា ក្រៅពី​លោក Kim Chol ក៏​នៅមាន​មន្ដ្រី​រដ្ឋាភិបាល និង​យោធា ១៣រូប​ផ្សេងទៀត ត្រូវ​កាត់ទោស​ប្រហារជីវិត ទាក់ទិន​នឹង​ការផឹក​ស្រា ឬ​រឿងអាស្រូវ​ផ្លូវភេទ ក្នុងអំឡុងពេល “ក្រហម” នេះ។

ក្នុងអំឡុងពេល​កាន់ទុក្ខ​មរណភាព​មេដឹកនាំ​នៅ​កូរ៉េខាងជើង នាពេល​កន្លង មេដឹកនាំ​វ័យក្មេង លោក Kim Jong Un បានចេញ​បញ្ជា ហាម​ប្រជាជន​ទាំងអស់ មិនឱ្យ​ផឹកស្រា រាំច្រៀង ជជែក​គ្នា សើច​សប្បាយ ប្រសិន​បំពាន ពួកគេ​នឹងត្រូវ​ទទួលទោស។

អតីត​ចារនារី​របស់​កូរ៉េខាងជើង នាង Kim Huyn Hee ដែល​ធ្លាប់​ធ្វើឱ្យ​មនុស្ស​ជាង ១០០នាក់​បាត់​បង់ជីវិត ក្នុងករណី​បំផ្ទុះ​គ្រាប់បែក​លើ​យន្ដហោះ​ស៊ីវិល​របស់​កូរ៉េខាងត្បូង បច្ចុប្បន្ន​រស់នៅ​បរទេស ឱ្យដឹងថា ៖ “នៅ​កូរ៉េខាងជើង យើងខ្ញុំ​ត្រូវបាន​បង្រៀន​ឱ្យ​ចាត់ទុក​មេដឹកនាំ​ប្រទេស​ជាធំ ជាង​ពុក​ម្ដាយ​របស់ខ្លួន។ អ្នក​ត្រូវ​រៀន​និយាយ​តាំងពីក្មេង​នូវ​ឃ្លា ៖ “អរគុណ​មេដឹកនាំ ដែល​បាន​ប្រទានអ្វីៗទាំងអស់​ដល់​យើង។ នៅពេល​អ្នក​និយាយ​អ្វីមួយ​ខុស បើទោះជា​គ្រាន់តែ​និយាយ​លេង ក៏​នឹងត្រូវ​នាំខ្លួន​ទៅ​កែប្រែ” ។


គោរព​រូបថត ដូច​គោរព​មនុស្ស

មិន​ត្រឹមតែ​គោរព​មេ​ដឹក​ប្រទេស​នោះទេ ជនជាតិ​កូរ៉េខាងជើង ក៏ត្រូវ​គោរព​ដល់​រូបថត និង​រូប​សំណាក​​របស់​មេដឹកនាំ ដូច​ទៅនឹង​មនុស្ស​ពិត។

គ្រួសារ​ប្រជាជន​ទាំងអស់ នៅពេល​មាន​តាំង​រូបថត ឬ​រូបសំណាក​អតីត​មេដឹកនាំ Kim Il Sung និង Kim Jong Il គឺ​សុទ្ធតែ​មិនត្រូវ​បានអនុញ្ញាត​ឱ្យមាន​ធូលី​ជាប់​បី​កល​រួប​ទាំងនោះ។ ពិសេស ហាម​មិនឱ្យ​ហែក ឆេះ បណ្ដា​រូប​នៅលើ​កាសែត​ដែលមាន​រូបភាព​របស់ Kim Il Sung និង Kim Jong Il ។ នៅពេល​អ្នក​ណា​​បំពាន អ្នកនោះ​នឹង​ទទួល​ការដាក់ទោស។



ប្រែ​សម្រួល​ដោយ ៖ តារា
ប្រភព ៖ NBC/SH


Tags: North Korea leaders Kim Chol Kim Huyn Hee Kim Jong Il cry