អ្នកនយោបាយ ពីររូបនៃប្រទេសន័រវែស បានជ្រើសរើស Edward Snowden ដែលកំពុងត្រូវបាន
អាមេរិកតាមចាប់ខ្លួន ពីបទបញ្ចេញឱ្យដឹងជាសាធារណៈ នូវកម្មវិធីលួចស្ដាប់តាមទូរស័ព្ទរបស់
ប្រទេសនេះ ដើម្បីជាបេក្ខភាពមួយរូប សម្រាប់ពានរង្វាន់ Nobel សន្ដិភាព។
អ្នកនយោបាយពីររូបដែលមាននិន្នាការគាំទ្រសង្គម គឺ Vegar Solhjell និង Snorre Valen ថ្លែងថា
Snowden អាចធ្វើឱ្យប៉ះពាល់ដល់សន្ដិសុខជាតិនៃប្រទេសមួយ ប៉ុន្ដែ ឥស្សរជនទាំងពីររូបនេះ ជឿ
ថា ការបញ្ចេញឱ្យដឹងនូវកម្មវិធីលួចស្ដាប់នេះ បានបង្កើតឱ្យមានការចាប់អារម្មណ៍ និងការតវ៉ាពី
សំណាក់សាធារណជន ហើយអាចនឹងនាំឱ្យមានការផ្លាស់ប្ដូរគោលនយោបាយ។ Vegar Solhjell
និង Snorre Valen យល់ថា ការផ្លាស់ប្ដូរនោះ គឺរួមចំណែករក្សាស្ថេរភាព សន្ដិភាពពិភពលោក ឱ្យ
បានប្រសើរជាងមុន។
អតីតបុគ្គលិកសន្ដិសុខជាតិអាមេរិក Edward Snowden
គួររំឭកថា Snowden ដែលជាអតីតបុគ្គលិកមួយរូបនៃក្រុមហ៊ុនមួយ ធ្វើការឱ្យទីភ្នាក់ងារសន្ដិសុខ
ជាតិអាមេរិក កាលពីរដូវក្ដៅឆ្នាំទៅ បានធ្វើឱ្យពិភពលោក មានការភ្ញាក់ផ្អើលខ្លាំង ដោយការ
បញ្ចេញឯកសារសម្ងាត់ ស្ដីអំពីកម្មវិធីលួចប្រមូលទិន្នន័យទូរស័ព្ទ ដែលធ្វើឡើងដោយទីភ្នាក់ងារ
សន្ដិសុខជាតិអាមេរិក ទៅលើពលរដ្ឋអាមេរិក ក៏ដូចជាមេដឹកនាំនានារបស់ពិភពលោក។
រដ្ឋាភិបាលអាមេរិក ចង់នាំខ្លួន Snowden មកកាត់ទោស ក្រោមបទចោទប្រកាន់ថា ជារណបក្នុង
និងការលួចយកឯកសារសម្ងាត់។ បច្ចុប្បន្ន Snowden កំពុងជ្រកកោនក្នុងប្រទេសរុស្ស៊ី សម្រាប់
រយៈពេល ១ឆ្នាំ។
គេហទំព័រ VOA បានចេញផ្សាយថា កាលបរិច្ឆេទនៃការស្នើដាក់បេក្ខភាពសម្រាប់ពានរង្វាន់
Nobel សន្ដិភាព នឹងត្រូវបានបញ្ចប់នៅចុងសប្ដាហ៍នេះ។ គណកម្មការគ្រប់គ្រងពានរង្វាន់ Nobel
សន្ដិភាព មិនបានបង្ហើបអំពីចំនួន និងសមាសភាពនៃបេក្ខភាពសម្រាប់ពានរង្វាន់ Nobel សន្ដិ
ភាពឆ្នាំនេះនោះទេ ប៉ុន្ដែ បេក្ខភាពដែលនឹងទទួលបានពានរង្វាន់នេះ នឹងត្រូវបានគណកម្មការ
Nobel សន្ដិភាពប្រកាស នៅខែតុលា ឆ្នាំ ២០១៤។
កាលពីឆ្នាំទៅ ពានរង្វាន់ Nobel សន្ដិភាព ត្រូវបានប្រគល់ជូនអង្គការហាមឃាត់អាវុធគីមីពិភព
លោក ដោយសារការប្រឹងប្រែងបំពេញបេសកកម្មទាក់ទិននឹងអាវុធគីមី នៅស៊ីរី។
អត្ថបទសំខាន់ៗគួរចាប់អារម្មណ៍ ៖
ទីលានអ្នកចម្បាំង និងទីក្រុងធម្មជាតិ Guilin តំបន់ទេសចរណ៍ ដ៏គួរឲ្យចាប់អារម្មណ៍
ផែនទី សរបញ្ជាក់អោយឃើញ ពីការធ្វើដំណើរ បងប្អូនជនជាតិចិន នាឱកាស បុណ្យចូលឆ្នាំ
អ្នកវិទ្យាសាស្រ្ត ស្រឡាំងកាំង ខណៈរកឃើញ មនុស្ស ៥ ពាន់ឆ្នាំមុន មានភ្នែកខៀវ
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail