មនុស្សម្នាក់ សុំមិនបញ្ចេញឈ្មោះ បានសុខចិត្តចំណាយប្រាក់ ៣៣០០០០ ដុល្លារអាមេរិក ដើម្បីបានហូបបាយជាមួយអគ្គនាយកប្រតិបត្តិរបស់ Apple ក្នុងរយៈពេល ១ម៉ោង។
Tim Cook, CEO របស់ Apple
Tim Cook ធ្លាប់បានប្រកាសថា ប្រសិនអ្នកណាមួយ ហ៊ានចំណាយប្រាក់ច្រើនជាងគេ ក្នុងការ
ដេញថ្លៃ នឹងមានឱកាសហូបបាយថ្ងៃត្រង់រយៈពេល ១ម៉ោង ជាមួយគាត់ ក្នុងទីស្នាក់ការរបស់
Apple នៅ Cupertino អាមេរិក។ ប្រាក់ទាំងអស់នេះ នឹងត្រូវបានយកទៅប្រគល់ជូនមូលនិធិ
មនុស្សធម៌ Robert F. Kennedy Center ។
កាលពីថ្ងៃទី ១៤ ឧសភា មនុស្សម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានយកឈ្នះលើការដេញថ្លៃ
មួយ ដើម្បីបានហូបបាយជាមួយ Tim Cook ដោយហ៊ានចំណាយដល់ទៅ ៣៣០០០០ ដុល្លារ
អាមេរិក ដូច្នេះ ក្នុង ១នាទី មនុស្សម្នាក់នេះ នឹងត្រូវចំណាយប្រាក់ ៥៥០០ដុល្លារ។
ប៉ុន្ដែ នេះមិនមែនជាទឹកប្រាក់ច្រើនបំផុតនោះទេ ព្រោះថា កាលពីឆ្នាំ ២០១៣ មានមនុស្សម្នាក់
បានចំណាយដល់ទៅ ៦១០០០០ ដុល្លារ ដើម្បីបានហូបកាហ្វេ ជាមួយ CEO របស់ Apple ដែល
កាលណោះ តម្លៃដែលគេដាក់ឱ្យដេញថ្លៃដំបូង គឺ ៥០០០០ ដុល្លារ។
ជំនួបខាងលើ តែងស្ថិតក្នុងភាពអាថ៌កំបាំង ដោយសារតែ អ្នកដែលនឹងបានហូបបាយជាមួយ
Tim Cook នឹងត្រូវចុះកិច្ចសន្យាមួយ ដែលមិនអនុញ្ញាតឱ្យបង្ហើបព័ត៌មាន និងរាល់សកម្មភាពលំអិត
ទាក់ទិននឹងជំនួប ដោយមិនត្រូវបង្ហោះលើ blog, Facebook ឬ Twitter ៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ appleinsider