CamNews

ផលិតផលថ្មី 

អង្គការ NASA ប្តេជ្ញា​នាំ​មនុស្ស​ទៅ​ជាន់​ដី​ភព​អង្គារ ឲ្យ​បាន​នៅ​ឆ្នាំ ២០៣៣

(អាមេរិក)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសថា នៅឆ្នាំ ២០៣៣បេសកកម្ម​ទៅកាន់ភពអង្គារ នឹងប្រព្រឹត្ត​ដោយជំហានធំតែម្តង គឺមនុស្សនឹងធ្វើដំណើរ​ទៅកាន់ភពក្រហមនេះ ហើយបើទោះបីជាមិនអាច ធ្វើការ​ចុះចតផ្ទាល់ ក៏យ៉ាងហោចណាស់នឹងមានការហោះកៀក នឹងភពនោះបំផុតដើម្បី​ធ្វើការសិក្សាស្រាវជ្រាវបានប្រសើរ ខ្លាំងជាងមុន​ផងដែរ។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយវែបសាយ NASA នាព្រឹកថ្ងៃអង្គារ ទី២៦ ខែកក្កដា ឆ្នាំ២០១៦។

គណកម្មាធិការសម្រាប់​កិច្ចដំណើរការ និងការរុករកដោយមនុស្ស​របស់ NASA (ACHEOC) បានរៀបចំកិច្ចប្រជុំមួយ នៅថ្ងៃអង្គារនេះ ដោយមានការចូលពី​លោក Bill Gerstenmaier ប្រធាន ACHEOC បានប្រាប់សន្និសីទសារព័ត៌មានថា អង្គការនេះ នឹងបង្កើតដានជើងមនុស្ស​នៅលើភពអង្គារឲ្យបាន យ៉ាងហោចណាស់នៅឆ្នាំ ២០៣៣។ ពេលវេលាច្រើន ជិត ២០ឆ្នាំដែលយើងត្រូវការបន្ថែមទៀតនោះ គឺដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា ដែលត្រូវការហិរញ្ញវត្ថុយ៉ាងសម្បើម។

លោក Gerstenmaier បានលើកឡើង ដោយសុទិដ្ឋិនិយមដូច្នេះថា «វាជាពេលវេលាដ៏គួរឲ្យភ្ញាក់ផ្អើលបំផុត សំរាប់ការហោះហើរក្នុង​ទីអវកាសដោយមនុស្ស។ បច្ចុប្បន្នយើងកំពុងធ្វើការអភិវឌ្ឍយាន Orion ដែលអាចផ្ទុក មនុស្សទៅកាន់ភពអង្គារ ជាមួយនឹងប្រព័ន្ធបាញ់បង្ហោះថ្មីសន្លាង។ វានឹងធ្វើការហោះសាកល្បងទៅកានឋានព្រះច័ន្ទ នៅអំឡុងឆ្នាំ ២០២០ និង បំពេញតាមផែនការមេ​ទៅកាន់ភពអង្គារ​នៅទសវត្សរ៍ ២០៣០»។

គួរបញ្ជាក់ថា ផែនការនាំមនុស្សទៅកាន់ភពអង្គារ នឹងនៅតែឈរលេខ​រៀងទី១ លើផែនការអវកាសធំៗនានានៅលើ សកលលោកយើងនេះ ដែលគ្រប់គ្នាកំពុងទន្ទឹង​រង់ចាំពីមួយជំហានទៅមួយជំហាន។ សម្រាប់យាន Orion ត្រូវការ ពេលវេលាច្រើន ដើម្បីធ្វើការអភិវឌ្ឍប្រកប​ដោយភាពប្រាកដនិយម ដែលពីដំបូងឡើយអង្គការ​អវកាសអឺរ៉ុប ESA បានបង្ហាញភាពស្ទាក់ស្ទើរក្នុងការចូលរួម​ជាមួយ NASA ប៉ុន្តែរឿងនេះត្រូវការពេលវេលាពិភាក្សា​គ្នាទៀត៕


ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Technology