CamNews

ទូរស័ព្ទ 

iPhone 6 Plus ផ្ទុះឆេះ ពេលសាកថ្មច្រើនម៉ោង

ស្ដ្រីម្នាក់នៅហុងកុង មានឈ្មោះថា Tsang ត្រូវភ្ញាក់ពីដេកភ្លាមៗ​ នៅពេល iPhone 6 Plus របស់
នាង ផ្ទុះឆេះ។ ភ្លាមនោះ នាងក៏យកខ្នើយវាយពន្លត់ភ្លើង ហើយជាសំណាងល្អ ពុំមានអ្នកណា
រងរបួសនោះទេ។

នាង Tsang បានឱ្យដឹង​ថា ទូរស័ព្ទ​របស់នាង ត្រូវបានសាកបញ្ចូលថាមពលនៅវេលាម៉ោង ១
រំលោងអធ្រាត្រ ហើយបន្តសាករហូត ៨ម៉ោង ទើបមានករណីនេះកើតឡើង។

Tsang​ ប្រើប្រាស់ iPhone 6 Plus 128GB ប៉ុន្តែ ឆ្នាំងសាកដែលនាងបានប្រើសម្រាប់បញ្ចូល
ថាមពលនៅយប់នោះ គឺឆ្នាំងរបស់ iPad ។ យ៉ាងនេះក្ដី TSang អះអាងថា នោះគឺជាឆ្នាំងសាក
របស់ក្រុមហ៊ុន Apple ពិតៗ។

តាមការពិត ឆ្នាំងសាកដែលត្រូវបាន Apple ដាក់លក់សម្រាប់ iPhone 6 Plus មានថាមពល
1A ចំណែក ឆ្នាំងសាករបស់ iPad មានកម្លាំង 2.1A។ ដោយសារតែមានថាមពលខ្លាំងបែបនេះ
ឆ្នាំងសាករបស់ iPad ប្រើពេលតិចក្នុងការបញ្ចូលថ្ម ធៀបនឹងឆ្នាំងសាករបស់ iPhone ។ បើ
តាមការឱ្យដឹងពី Apple ឆ្នាំងសាករបស់ iPad សុទ្ធតែអាចប្រើបានជាមួយ iPhone ឬ iPod។

តាមការវិភាគរបស់​ក្រុមអ្នកជំនាញ អំពីករណីនេះ បានថ្លែងថា​ មុខងារកាត់ផ្ដាច់ចរន្ធភ្លើងនៅ
ពេលថ្មពេញរបស់ម៉ាស៊ីននេះ បានជួបបញ្ហា ដូច្នេះ ថាមពលក្នុងថ្ម បានឡើងដល់ចំនុចកំពូល
បណ្ដាលឱ្យថ្មត្រូវផ្ទុះឆេះ ដោយសារកំដៅឡើងខ្ពស់ពេក។ បច្ចុប្បន្ន ខាងក្រុមហ៊ុន Apple មិន
ទាន់ចេញប្រតិកម្មណាមួយស្ដីអំពីករណីនេះនៅឡើយ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព​ ៖ iphonehacks


Tags: Tsang Hong Kong iPhone 6 Plus explode ផ្ទុះ ទូរស័ព្ទ