CamNews

អំពើបាញ់ប្រហារនៅស៊ីរី កុមារ៣២នាក់ បាត់បង់ជីវិត

ក្រុមអ្នកអង្កេតការណ៍នៃអង្គការសហប្រជាជាតិប្រចាំប្រទេសស៊ីរី ដឹកនាំដោយឧត្តមសេនីត្រី
Robert Mood ប្រកាសថា បានរកឃើញសាកសពជាង ៩២នាក់ ក្នុងនោះមានកុមារ ៣២នាក់ នៅក្នុងស្រុក Houla នៃខេត្តភាគខាងជើងក្រុង Homs កាលពីថ្ងៃទី ២៥ឧសភា។

សាកសពកុមារ ៣២នាក់ស្លាប់ដោយសារការបាញ់ប្រហារដ៏ឃោឃៅនៅស៊ីរី

នេះគឺជាការវាយប្រហារដ៏បង្ហូរឈាមបំផុតក្នុងតំបន់ ចាប់តាំងពីស៊ីរីបានធ្លាក់ចូលក្នុងភាពវឹកវរ
តាំងពីខែមិនា ឆ្នាំ ២០១១។

ក្រុមអ្នកអង្កេតករណ៍បានអោយដឹងថា ចំនួនអ្នកសា្លប់បានកើនដល់ ១១០នាក់ បន្ទាប់ពីមាន
ការបាញ់ប្រហារមួយរបស់ទាហានរដ្ឋាភិបាលស៊ីរី សំដៅទៅលើក្រុមបាតុករនៅ Houla កាល
ពីល្ងាចថ្ងៃទី ២៥ឧសភាកន្លងទៅ ក្នុងនោះជនរងគ្រោះមួយចំនួនស្លាប់ដោយសារគ្រាប់កាំភ្លើង
ធំ និងមួយចំនួនទៀតស្លាប់ដោយសារការវាយធ្វើបាប និងបាញ់ប្រហារ។ ជាក់ស្ដែង មានខ្សែ
វីដេអូខ្លីមួយបានបង្ហាញពីទិដ្ឋភាពនៃសាកសពរបស់កុមាររាប់សិបនាក់បានស្លាប់នៅក្នុងថ្លុក
ឈាម។

កុមារម្នាក់ត្រូវរងរបួសក្នុងការបាញ់ប្រហារ។ រូប ៖ AP

លោក Mood ​បានអះអាងថា អំពើហឹង្សានឹងនាំអោយមានអស្ថេរភាពក្នុងសង្គម ហើយវាក៏
អាចនឹងបណ្ដាលអោយកើតសង្គ្រាមស៊ីវិលផងដែរ។ បើទោះជាលោក Mood ​មិនបានបញ្ជាក់
ថា អ្នកណាជាអ្នកនៅពីក្រោយខ្នងការបាញ់ប្រហារនេះ ប៉ុន្ដែវាគឺជាអំពើព្រៃផ្សៃដែលមិនគួរ
អោយកើតមានឡើង ជាពិសេសគឺការសម្លាប់កុមារ។

អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក Ban Ki-moon និងលោក Kofi Annan បាន
ថ្កោលទោសចំពោះអំពើសាហាវនេះ ហើយថា នេះគឺជាការរំលោភច្បាប់អន្ដរជាតិ ក៏ដូចជាការ
សន្យាមិនប្រើប្រាស់អាវុធធុនធ្ងន់ ឬអំពើហឹង្សារបស់រដ្ឋាភិបាលស៊ីរី។

សាកសពត្រូវបានគេបញ្ចុះរួមគ្នា

លោកស្រី រដ្ឋមន្ដ្រីការបរទេសអាមេរិក Hillary Clinton ក៏បានថ្កោលទោសចំពោះអំពើហឹង្សា
នេះ និងបានអោយដឹងថា អាមេរិកនឹងធ្វើការជាមួយសម្ព័ន្ធមិត្តអន្ដរជាតិដើម្បីបង្កើនសម្ពាធ
ទៅលើប្រធានាធិបតីស៊ីរី លោក Syria Bashar al-Assad។ ដូចគ្នានេះដែរ ប្រទេសអង់គ្លេស
បារាំង ក៏បានរិះគន់យ៉ាងខ្លាំងក្លាចំពោះភាពឃោឃៅដែលបានសម្លាប់កុមារជាង ៣២នាក់។

គួរំឭកថា រហូតមកទល់នឹងពេលនេះ អំពើហឹង្សានៅស៊ីរី បានសម្លាប់មនុស្សយ៉ាងហោច ១០.០០០នាក់ នេះបើតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ Zing


Tags: bomp syria died injured