CamNews

ព័ត៌មានបច្ចេកវិទ្យា 

ម្ចាស់ SpaceX មានគម្រោង “បាញ់” WiFi ពីផែនដី ទៅភពអង្គារ

គម្រោងនេះ នឹងត្រូវចំណាយពេល ១០ឆ្នាំ ក្នុងការសាងសង់ ដោយប្រើ​ថវិកាប្រហែល ពី ១០ ទៅ
១៥ពាន់លានដុល្លារអាមេរិក។

ការបង្កើតប្រព័ន្ធ WiFi ពីផែនដី ទៅភពអង្គារ គឺជាគម្រោងដ៏អស្ចារ្យមួយដែលលើកឡើងដោយ
មហាសេដ្ឋីវ័យក្មេង Elon Musk ដែលលោក ត្រូវបានគេដឹងថា ជាមនុស្សម្នាក់ ហ៊ានគិតហ៊ានធ្វើ នូវគម្រោងដែលមានវិសាលភាពលំដាប់ពិភពលោក និងក្រៅពិភពលោក។ ជាក់ស្ដែងដូចជា
គម្រោង SpaceX ឬក្រុមហ៊ុនរថយន្ដ Tesla របស់លោក បានទទួលជោគជ័យគួរឱ្យកត់សម្គាល់
និងមានឥទ្ធិពលខ្លាំងក្លា សម្រាប់មនុស្សជាតិ។

មហាសេដ្ឋី Elon Musk ជា​អ្នក​នាំ​មុខ​គេ ក្នុងវិស័យ​អវកាស

បច្ចុប្បន្ន មហាសេដ្ឋីខាងលើ រួមនឹងសហការីរបស់ខ្លួន បានបង្កើតគម្រោងខាងលើនេះ ហើយតាម
ផែនការ គម្រោងនេះនឹងស៊ីពេល ៥ឆ្នាំក្នុងការសាងសង់ប្រព័ន្ធ ហើយសម្រេចជាស្ថាពរ ក្នុងអំឡុង
១០ឆ្នាំបន្តទៀត។ ប្រាក់ចំណាយសរុបសម្រាប់គម្រោងនេះ គឺប្រមាណពី ១០ ទៅ ១៥ពាន់លាន
ដុល្លារអាមេរិក បន្ទាប់មក ប្រាក់ចំណេញទាំងអស់នឹងត្រូវបានប្រើប្រាស់សម្រាប់បេសកកម្មរុករក
នៅលើភពព្រះអង្គារ។

តាមគម្រោងការ ក្រុមរបស់មហាសេដ្ឋី Elon Musk នឹងបាញ់បង្ហោះផ្កាយរណបចំនួនរាប់រយ ទៅ
ក្នុងគន្លងគោចរ ដែលមានកំពស់ ប្រហែល ១.២០០គីឡូម៉ែត្រ ជុំវិញផែនដី ទាបជាងបើធៀបនឹង
៣៥.៤០០គីឡូម៉ែត្រ របស់បណ្ដាផ្កាយរណបទូរគមនាគមន៍បច្ចុប្បន្ន។

ម្ចាស់​ក្រុម​ហ៊ុន​អវកាស SpaceX គឺ​ជា​មនុស្ស​ហ៊ាន​គិតហ៊ាន​ធ្វើ

ការបង្កើតប្រព័ន្ធអ៊ីនធឺរណែតដែលមានកម្រិតវិសាលភាពធំទូលាយបែបនេះ នឹងនាំមកនូវល្បឿន
លឿនសម្រាប់ការបញ្ជូន និងទទួលទិន្នន័យរបស់អ្នកប្រើប្រាស់ប្រមាណជា ៣ពាន់លាននាក់ នៅ
លើពិភពលោក និងនៅលើភពអង្គារ។

មហាសេដ្ឋី  Elon Musk ថ្លែងថា “ការបង្កើតប្រព័ន្ធទំនាក់ទំនងនៅលើភពព្រះអង្គារ គឺជារឿងដ៏
សំខាន់។ ខ្ញុំគិតថា វាគួរតែត្រូវបានគេអនុវត្ត ហើយខ្ញុំក៏មិនទាន់ឃើញមានអ្នកណាម្នាក់ ធ្វើរឿង
នេះ”។

Google ក៏​ធ្លាប់​បាន​ និង​កំពុង​អនុវត្ត​គម្រោង​អ៊ិនធឺរ​ណែតដ៏​អស្ចារ្យ​មួយ ប៉ុន្ដែ វា​មាន​កំណត់​ត្រឹម​
នៅ​លើ​ផែន​ដី

គួររំលឹកថា មុននេះ Google ក៏ធ្លាប់បានប្រកាសអំពីគម្រោង គ្របដណ្ដប់អ៊ីនធឺរណែត នៅទូទាំង
ពិភពលោក ដោយប្រើបាល់ឡុងហោះដែលប្រើប្រាស់ថាមពលព្រះអាទិត្យ ប៉ុន្ដែ គម្រោងនេះ មាន
កំណត់ត្រឹមតែនៅលើផែនដី។ ពេលនេះ ការប្រកាសរបស់មហាសេដ្ឋី Elon Musk ត្រូវបានគេយល់
ថា ជាគម្រោងដ៏អស្ចារ្យជាងគេ នៅពេលអ៊ីនធឺរណែត ត្រូវបានពង្រីកទៅក្នុងអវកាស និងភពព្រះ
អង្គារ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ businessweek


Tags: Elon Musk Space Internet WiFi អ៊ិនធឺរណែតអវកាស អ៊ិនធឺរណែត អវកាស